ពួកយុទ្ធជន Houthi នៅក្នុងប្រទេសយេម៉ែនបាននិយាយថា ពួកគេយល់ព្រមតាមសំណើឈប់បាញ់គ្នាខាងមនុស្សធម៌ប្រាំថ្ងៃស្នើដោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានកំណត់នឹងចាប់ផ្តើមនៅថ្ងៃអង្គារខាងមុខនេះ។
សេចក្តីប្រកាសនៅថ្ងៃអាទិត្យនេះស្តីពីការយល់ព្រមដល់កិច្ចឈប់បាញ់គ្នានេះមានឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីកងយន្តហោះចម្បាំងនៃក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីតបានទម្លាក់គ្រាប់បែកលើផ្ទះរបស់អតីត
ប្រធានាធិបតី Ali Abdullah Saleh នៅក្នុងរដ្ឋធានី Sana'a។គេមិនជឿថា លោកSaleh ឋិតនៅក្នុងផ្ទះនោះទេនៅពេលមានការវាយប្រហារតាមអាកាសនោះ។
កាលពីសប្តាហ៍មុន ស.រ.អា និងប្រទេសអារ៉ាប៊ី សាអូឌីតបានប្រកាសអំពីការចាប់ផ្តើមផ្អាកការប្រយុទ្ធគ្នាខាងមនុស្សធម៌ប្រាំថ្ងៃនៅថ្ងៃអង្គារនៅក្នុងប្រទេសយែម៉ែន ដែលនៅទីនោះក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីត ធ្វើយុទ្ធនាការតាមអាកាសប្រឆាំងនឹងពួកឧទ្ទាម Houthi ដែលកំពុងជម្រុលទៅមុខ។ ជម្លោះនេះបានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ក្នុងប្រទេសយេម៉ែន ត្រូវការការផ្គត់ផ្គង់ជាចាំបាច់។
លោក Kerry បានសុំដល់អង្គភាពទាំងអស់ដែលគាំទ្រពួក Houthis ឲ្យលើកទឹកចិត្តពួកឧទ្ទាមទទួលយកការផ្អាកការប្រយុទ្ធគ្នានេះ។ ពួកឧទ្ទាមនិកាយShi'ite ទាំងនេះចងសម្ព័ន្ធភាពជាមួយអតីតប្រធានាធិបតី Ali Abdullah Saleh ហើយគេមានជំនឿថាប្រទេសអ៊ីរ៉ង់បានគាំទ្រពួកឧទ្ទាមទាំងនេះដែរ៕