ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យន្តហោះ​ចម្បាំង​របស់​អារ៉ាប៊ីសាអូឌីត​វាយប្រហារ​​មក​លើ​យេម៉ែន​នៅ​មុន​ពេល​មាន​បទ​ឈប់​បាញ់​គ្នា​

  • VOA Khmer

គំនរផ្ទះ​សម្បែង​បាក់បែក​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​ដោយ​អារ៉ាប៊ីសាអូឌីត​ទៅ​លើ​ភូមិ​ Faj Attan រដ្ឋធានី Sanaa ប្រទេស​យេម៉ែន​នា​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ២០១៥។

នៅ​ថ្ងៃ​សៅរ៍នេះ កងយន្តហោះ​ចម្បាំង​នៃ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ប្រទេសអារ៉ាប៊ី សាអូឌីត​ បាន​ធ្វើការវាយ​ប្រហារអាកាស​លើ​ខេត្ត​ Saada នា​ប៉ែកពាយ័ព្យ​នៃ​ប្រទេស​យេម៉ែន​។​ ចំណែកនៅ​ឯកន្លែង​ឯទៀតៗវិញ កង​យន្តហោះ​ចម្បាំង​នៃ​ក្រុម​ចម្រុះ​បានវាយ​ប្រហារ​លើអាកាសយានដ្ឋាន​អន្តរជាតិ​នៃ​រដ្ឋធានី​ក្នុង​ថ្ងៃ​ទី៤៥ប្រឆាំង​នឹង​ពួក​ឧទ្ទាម Houthi។

ស.រ.អា ​និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ប្រកាស​ថ្ងៃ​ចាប់ផ្តើម​ការឈប់បាញ់គ្នា​ខាង​មនុស្សធម៌​៥​ថ្ងៃ​នៅ​ថ្ងៃ​ទី១២ខែ​ឧសភានៅ​ក្នុង​ប្រទេសយេម៉ែន ដែល​នៅ​ទី​នោះ​ក្រុមចម្រុះ​មួយ​ដឹកនាំ​ដោយ​ប្រទេសអារ៉ាប៊ីសាអូឌីត​ កំពុងធ្វើ​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​ Houthi ដែល​កំពុង​ជម្រុល​ទៅ​មុខ។​ ជម្លោះ​នេះ​បាននាំឲ្យ​មនុស្ស​រាប់​ម៉ឺននាក់​ក្នុង​ប្រទេសយេម៉ែនត្រូវការ​គ្រឿង​ផ្គត់ផ្គង់​ជា​មូលដ្ឋាន។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា John Kerry និង​លោកAdel Al Jubeir រដ្ឋមន្ត្រី​ការ​បរទេសអារ៉ាប៊ីសាអូឌីត​ បាន​ប្រកាស​អំពី​ផែនការនេះ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុងប៉ារីស កាលពី​ថ្ងៃ​សុក្រ។ ​ការផ្អាក​ការ​ប្រយុទ្ធគ្នា​ខាង​មនុស្សធម៌នេះ​នឹងចូល​ជា​ធរមាន​នៅថ្ងៃ​អង្គារនៅ​ម៉ោង​១១យប់​តាម​ពេល​វេលានៃប្រទេសយេម៉ែន។

លោកKerry បានសុំ​ដល់​អង្គភាព​ទាំង​អស់​ដែល​គាំទ្រ​ពួកHouthis ឲ្យ​លើកទឹកចិត្ត​ពួក​ឧទ្ទាមឲ្យទទួល​យក​ការ​ផ្អាក​ការ​ប្រយុទ្ធគ្នា​នេះ។​ ពួកឧទ្ទាមនិកាយ Shi'ite ទាំង​នេះ​ចង​សម្ព័ន្ធភាពជា​មួយ​អតីត​ប្រធានាធិបតី​Ali Abdullah Saleh ហើយ​គេមាន​ជំនឿ​ថា​ប្រទេស​អ៊ីរ៉ង់​បាន​គាំទ្រ​ពួក​ឧទ្ទាម​ទាំងនេះ​ដែរ៕

XS
SM
MD
LG