កាលពីថ្ងៃសុក្រ អនាគតនយោបាយនៃប្រទេសយេម៉េននៅតែមិនច្បាស់លាស់ ដោយគេរាយការណ៍មកថាសភាគ្រោងនឹងសម្រេចនៅថ្ងៃអាទិត្យថាតើនឹងទទួលយកការលាលែងចេញពីតំណែងរបស់លោកប្រធានាធិបតី Abd Rabbuh Mansour Hadi ឬទេ។
លោកប្រធានាធិបតី Hadi លោកនាយករដ្ឋមន្ត្រី Khaled Bahah និងគណៈរដ្ឋមន្ត្រីរបស់លោកបានសុំលាលែងចេញពីតំណែង តែប៉ុន្មានថ្ងៃក្រោយពីក្រុមជីវពល Houthi បានទ្បោមព័ទ្ធទីតាំងសំខាន់ៗរបស់រដ្ឋាភិបាលនៅក្នុងរដ្ឋធានីដោយទាមទារឱ្យមានការកែប្រែសេចក្តីព្រាងរដ្ឋធម្មនុញ្ញ។
ដោយនិយាយយោងដល់អត្ថបទមួយចេញផ្សាយតាមហ្វេសបុក (Facebook) របស់លោកនាយករដ្ឋមន្ត្រីនៃប្រទេសយេម៉ែន ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ពាក្យសម្តីលោកដែលបាននិយាយថារដ្ឋាភិបាលមិនចង់ទាក់ទិនជាមួយ «ភាពវិលវល់ខាងនយោបាយគ្មានការស្ថាបនា» ទេ។
កាលពីថ្ងៃសុក្រមានការធ្វើបាតុកម្មគាំទ្រនិងបាតុកម្មប្រឆាំងនឹងក្រុម Houthi នៅទូទាំងប្រទេសយេមែន ក៏ប៉ុន្តែសេចក្តីរាយការណ៍មកពីរដ្ឋធានីនិយាយថាស្ថានការណ៍មានភាពស្ងប់ស្ងៀមគួរសម។
ថ្លែងពីក្រុង Sana'a កាលពីថ្ងៃព្រហស្បតិ៍ លោក Jamal Benomar ប្រេសិតអ.ស.ប.បានមានប្រសាសន៍ថាវិបត្តិនយោបាយនេះអាចដោះស្រាយបានប្រសិនបើក្រុមជាគូប្រជែងគ្នាគោរពតាមកិច្ចព្រមព្រៀងកាលពីពេលមុនដែលអំពាវនាវឱ្យមានការបែងចែកអំណាចគ្នានិងឱ្យមានការបញ្ឈប់អំពើហិង្សាផងដែរ។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry ដែលកំពុងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសស៊្វីសបានសម្តែងកង្វល់អំពីស្ថានភាពសន្តិសុខនៅក្នុងប្រទេសយេម៉េន៕