ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្ត​ហោះ​ Drones ពី​ប្រទេស​យេ​ម៉ែន​​​វាយ​ប្រហារ​លើ​កន្លែង​ប្រេង​នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត


ផ្សែង​ចេញ​ពី​កន្លែង​បូម​ប្រេង​ Abqaiq ស្ថិត​នៅ​ប្រមាណ​ ៦០​គ.ម.ភាគ​និរតី​នៃ​ទីក្រុង Dhahran នៅ​ក្នុង​ខេត្ត​ភាគ​ខាង​កើត​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត កាល​ពី​ថ្ងៃ​ទី​១៤ កញ្ញា ២០១៩។
ផ្សែង​ចេញ​ពី​កន្លែង​បូម​ប្រេង​ Abqaiq ស្ថិត​នៅ​ប្រមាណ​ ៦០​គ.ម.ភាគ​និរតី​នៃ​ទីក្រុង Dhahran នៅ​ក្នុង​ខេត្ត​ភាគ​ខាង​កើត​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត កាល​ពី​ថ្ងៃ​ទី​១៤ កញ្ញា ២០១៩។

យន្ត​ហោះ​គ្មាន​មនុស្ស​បើក ​(Drones)​ ដែល​បាន​ត្រូវ​បង្ហោះ​ដោយ​ពួក​ឧទ្ទាម Houthi​ ក្នុង​ប្រទេស​យេម៉ែន​បាន​វាយ​ប្រហារ​លើ​កន្លែង​បូម​យក​ប្រេង​ធំ​បំផុត​នៃ​ពិភព​លោក​ក្នុង​ប្រទេសអារ៉ាប៊ីសាអូឌីត​ និង​វាល​ប្រេង​ធំ​មួយ​ទៀត​កាល​ពី​ថ្ងៃ​សៅរ៍​ បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​ធំមួយ​នៅ​កន្លែង​ផ្តល់​ថាមពល​សាកល​។

គេ​មិន​ទាន់​ដឹង​ច្បាស់​លាស់​នៅ​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​មក​ ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​ត្រូវ​របួស​នៅ​ឯ​កន្លែង​កែ​ច្នៃ​ប្រេង​ Abqaiq ​និង​នៅ​វាល​ប្រេង​ Khurais ​ឬ​អំពី​អ្វី​ដែល​ការ​វាយ​ប្រហារ​នេះ​មាន​ផល​ប៉ះ​ពាល់​លើ​ការ​ផលិត​ប្រេង​ទេ។​ គេ​អាច​មើល​ឃើញ​ផ្សែង​អគ្គិភ័យ​នេះ​ពី​អវកាស​តាម​រយៈ​ផ្កាយ​វិទ្យាសាស្ត្រ។

ការ​វាយ​ប្រហារ​ដោយ​ពួក​ Houthis ​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ មាន​ឡើង​នៅ​ក្រោយ​ការ​វាយ​ប្រហារ​ស្រដៀង​គ្នា​ជា​ច្រើន​សប្តាហ៍​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រេង​របស់​ព្រះរាជា​ណាចក្រ​នេះ​ ក៏​ប៉ុន្តែការ​វាយ​ប្រហារ​កាល​ពី​ពេល​មុនៗ​ហាក់​ដូចជា​មិន​បណ្តាល​ឱ្យ​មាន​ការ​ខូច​ខាត​ដូច​ការ​វាយ​ប្រហារ​នៅ​លើក​នេះ​ទេ។​

ការ​វាយ​ប្រហារ​នេះ​ទំនង​ជា​នឹង​បង្កើន​ភាព​តាន​តឹង​ថែម​ទៀត​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក​ នៅ​ពេល​មាន​ការ​ប្រឈម​រវាង​ស.រ.អា.​និង​ប្រទេស​អ៊ីរ៉ង់​អំពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជាមួយ​ពួក​ប្រទេស​មហា​អំណាច​ក្នុង​ពិភពលោក។

ដំណឹង​ដំបូង​អំពី​ការ​វាយ​ប្រហារ​នេះ​មានឡើង​នៅ​ក្នុង​វីដេអូ​តាម​បណ្តាញ​អ៊ីនធឺណិត​ ដែល​បង្ហាញ​ឱ្យ​ឃើញ​អគ្គិភ័យ​ធំៗ​នៅ​ឯ​ Abqaiq ​ឋិត​នៅ​ចម្ងាយ​ប្រមាណ​៣៣០​គ.ម.​ ទិស​ឦសានរាជធានី​រីយ៉ាដ។​

គេ​អាច​ឮ​ស្នូរ​ការ​បាញ់​កាំភ្លើង​យន្ត​នៅ​ក្នុង​វីដេអូ​មួយ​ចំនួន​ជាមួយ​សំឡេង​ប្រកូក​ហៅ​លើក​ទី​មួយ​ឱ្យ​ពួក​អ្នក​កាន់​សាសនា​ សូត្រធ៌ម​កាល​ពី​ថ្ងៃ​សៅរ៍​ដែល​នាំ​ឱ្យ​គេ​ដឹង​ថា​ កង​កម្លាំង​សន្តិសុខ​បាន​ខិត​ខំ​ព្យាយាម​បាញ់​ទម្លាក់​ Drones ទាំង​នេះ​ក្នុង​ពេល​ងងឹត​មុន​ថ្ងៃ​រះ៕

XS
SM
MD
LG