ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អន្តរជាតិ​ធ្វើ​យុទ្ធនាការ​ទាមទារ​ដោះលែង​លោកស្រី​មូរ សុខហួរ​និង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង


រូបថត​មិន​មាន​កំណត់​កាល​បរិច្ឆេទ​នេះ​បង្ហាញ​​លោក​ស្រី មូរ សុខហួរ នៅ​ក្នុង​ពន្ធនាគារ ដែល​ត្រូវ​ផ្សាយ​តាម​ទំព័រ Facebook របស់​លោកស្រី​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​ក្រោយ​ពេល​លោកស្រី​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​សប្តាហ៍​មុន។ (ផ្តល់​ដោយ​ មូរ សុខហួរ)
រូបថត​មិន​មាន​កំណត់​កាល​បរិច្ឆេទ​នេះ​បង្ហាញ​​លោក​ស្រី មូរ សុខហួរ នៅ​ក្នុង​ពន្ធនាគារ ដែល​ត្រូវ​ផ្សាយ​តាម​ទំព័រ Facebook របស់​លោកស្រី​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​ក្រោយ​ពេល​លោកស្រី​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​សប្តាហ៍​មុន។ (ផ្តល់​ដោយ​ មូរ សុខហួរ)

អ្នក​តំណាងរាស្ត្រនិយាយ​មិន​សំចៃ​មាត់​នៃ​គណបក្ស​ប្រឆាំង​គឺ​លោក​ស្រី មូរ សុខហួរ ហើយ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំងកំពុង​មាន​បញ្ហា​ក្តីក្តាំ​នៅ​តុលាការ​កម្ពុជា​ជាថ្មី​បន្ទាប់​ពី​រឿង​ក្តី​បរិហារកេរ្តិ៍​ទីមួយប្តឹង​ដោយលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​កាលពី​៥​ឆ្នាំ​មុន​ដែល​ស្ទើរតែ​ឱ្យ​លោកស្រី​ជាប់​ពន្ធនាគារ។

ជា​អតីតរដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី​និង​ជ័យ​លាភី​រង្វាន់​នៃ​អង្គការ​ Vital Voices លោកស្រី មូរ សុខហួរ​ត្រូវ​បាន​ក្រុម​អ្នក​ជាន់​ខ្ពស់​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​មើល​ឃើញ​ពីការតស៊ូ​មតិរបស់​លោកស្រីដើម្បី​សិទ្ធិ​សេរីភាព​ស្ត្រី​ សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។ ហើយ​យុទ្ធនាការ​ចុងក្រោយដែល​នាំ​ឱ្យ​គាត់​មាន​បញ្ហា​នៅពេល​នេះ​គឺ​ដើម្បី​ទាមទារ​ឱ្យ​បើក​ទីលាន​ប្រជាធិបតេយ្យឡើង​វិញ​ដោយសារ​តែ ទីតាំង​នេះ​បាន​បិទ​តាំង​ពី​ខែ​មករា​មកមិន​ឱ្យ​ពលរដ្ឋ​និង​កម្មករ​ចូលទៅ​ប្រើ​ប្រាស់​កន្លែង​នោះ​សម្រាប់​បញ្ចេញ​មតិដូច​ច្បាប់​កំណត់។ ការតវ៉ា​នោះ​បាន​ក្លាយ​ជា​អំពើហិង្សា​នៅ​ពេល​ដែល​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​សន្តិសុខ​ដែល​សាលាខណ្ឌ​ដូន​ពេញ​បាន​ជួល។​

មាន​មនុស្ស​៨នាក់​ក្នុង​នោះ​មាន​លោកស្រី មូរ សុខហួរ សមាជិក​សភា​ជាប់​ឆ្នោត​៦​នាក់​ទៀត​និង​ជំនួយ​ការ​លោកស្រី​មូរ សុខហួរ​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ពី​បទ​ផ្តើម​គំនិត​ធ្វើ​កុប្បកម្ម​ខុស​ច្បាប់​ ផ្តើម​គំនិតឱ្យ​មាន​អំពើ​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថានទម្ងន់​ទោស​ ​ និង​ផ្តើម​គំនិត​ញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ។ ប្រសិនបើ​រក​ឃើញ​ថា​មាន​ទោស​ពួកគេ​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​៣០​ឆ្នាំ។

ក្រុមអង្គការ​អន្តរជាតិ​នានា​កំពុង​ធ្វើ​យុទ្ធនាការ​ដើម្បី​ឱ្យ​ដោះលែង​អ្នក​ទាំងនោះ​ដោយ​គ្មាន​លក្ខខណ្ឌ។

លោក​ស្រី អាលីស​ ណែលសុន នាយក​អង្គការ​ Vital Voices ​ដែល​ផ្តួចផ្តើម​គំនិត​បង្កើត​ឡើង​ដោយ​លោកស្រី​ហ៊ីលឡារី គ្លីនតុន​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​បាន​ថ្លែង​ថ្កោលទោស​ការចាប់​ខ្លួន​នេះ។​

«យើង​ទាំង​អស់​គ្នា​នៅ​ឯ​អង្គការ​ Vital Voices សូម​អំពាវនាវ​ឱ្យដោះលែង​លោកស្រី​មូរ សុខហួរ​និង​សមាជិក​សភា​ដទៃ​ទៀត​ជាបន្ទាន់​និង​ដោយ​មិនមាន​ការ​ធ្វើ​បាប​អ្វី​ទេ។ នេះ​គឺ​ជា​ការ​ចោទប្រកាន់​ដែល​គេ​បាន​ប្រឌិតឡើង​នៅ​ក្នុង​រដ្ឋាភិបាល​មួយ​ដែល​នៅ​បន្ត​បង្ហាញ​ថា​ពួកគេ​មិន​មាន​តម្លាភាព​និង​មាន​អំពើ​ពុករលួយ»។

អង្គការ​ Vital Voices ​និង​អង្គការ​ដទៃ​ទៀត​កំពុង​ដឹកនាំ​យុទ្ធនាការ​អន្តរជាតិ​ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះលែង។

«យើង​បាន​ធ្វើ​ការ​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ក្រសួងការ​បរទេស​ ជាមួយ​ស្ថានទូត​របស់​យើង​នៅ​កម្ពុជា​ហើយ​យើង​ដឹង​ថា​ពួកគេ​បាន​ដឹង​ពី​ស្ថានភាព​អ្នក​ទាំង​នោះ​ហើយ​ចង់​ជំរុញ​ឱ្យ​មានការ​ដោះលែង។ យើង​ទាក់​ទង​ពួកគេ​ជាប់​ជា​រហូត។ យើង​បាន​ទាក់​ទង​ជាមួយ​នឹង​បណ្តាញ​ឃោសនា​ដើម្បី​ឱ្យ​ពួកគេ​ធ្វើ​សេចក្តី​រាយការណ៍​ពី​ករណី​នេះ​ជាប់​ជាប្រចាំ​ហើយ​យើង​បាន​លើក​កម្ពស់​ការ​យល់​ដឹង​ក្នុង​ចំណោម​បណ្តាញ​សាកល​របស់​យើង​ដែល​មាន​ស្រ្តី​រាប់​ពាន់​នាក់​នៅ​ជុំ​វិញ​ពិភព​លោក​ដែល​ខឹង​សម្បារ​យ៉ាង​ខ្លាំង​នឹង​ការ​ចាប់​ខ្លួននេះ»។​

លោកស្រី​អាន់​ណា ប៊ឺហ្គឺ អតីត​អគ្គហិរញ្ញិក​នៃ​សហជីព​អន្តរជាតិ​សម្រាប់​សេវាកម្ម​និយោជិត​និង​ជា​ប្រធាន​អង្គការ​ការផ្លាស់​ប្តូរ​ដើម្បី​ជ័យ​ជម្នះ ដែល​បាន​ស្គាល់​លោកស្រី​មូរ សុខហួរ​អស់​រយៈ​ពេល​១០​ឆ្នាំបាន​និយាយ​ថា​លោកស្រី​មូរ សុខហួរ​គឺ​ជា​ជើង​ឯក​ខាង​លើក​កម្ពស់​ការតវ៉ា​ដោយ​អហិង្សា។

លោកស្រី​អាន់​ណា ប៊ឺហ្គឺ​បាន​ទៅ​ប្រទេស​កម្ពុជា​ក្នុង​ខែ​មេសា​និង​ខែ​ឧសភា​ហើយ​បាន​ទៅ​មើល​ការតវ៉ា​របស់​លោកស្រី​មូរ សុខហួរ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ដែល​ពេលនោះ​លោកស្រី​បាន​មើល​ឃើញ​អំពើ​ហិង្សា​ដែល​ក្រុម​អាជ្ញាធរ​ប្រព្រឹត្តមកលើ​ក្រុម​អ្នកតវ៉ា ហើយ​លោកស្រី​ចាំ​បាន​ថា​លោកស្រី​មូរ សុខហួរ គឺ​ជា​មនុស្ស​ដែល​ហ៊ាន​និយាយ​ការពារ​«សិទ្ធិ​មនុស្ស ​សិទ្ធិ​កម្មករ ​សិទ្ធិស្រ្តី​ ហើយ​ជឿ​ជាក់​លើ​សេរី​ភាព​ក្នុង​ការ​ជួបជុំ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ»។​

«ដូច្នេះ​ការដែល​គេ​ចាប់​ខ្លួនលោកស្រី​និង​មេដឹកនាំ​ដទៃ​ទៀត​គឺ​កាន់​តែ​ច្បាស់​ចំពោះ​ពិភពលោក​ហើយ​ថា​លោក​ហ៊ុន​ សែន​ព្យាយាម​ជាន់​ឈ្លី​គ្រប់​បែ​បយ៉ាង​លើ​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅកម្ពុជា។ វាដល់​ពេល​ដែល​ពិភពលោក​ទាំងមូល​និយាយ​ចេញ​មក​ដើម្បី​ការពារ​លោកស្រី​មូរ សុខហួរ ​និង​សមាជិក​សភា​ដទៃ​ទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។ យើង​ត្រូវ​ការ​លទ្ធិ​ប្រជាធិបតេយ្យពិត​ប្រាកដ​នៅ​កម្ពុជា​ហើយ​ដល់​ពេល​ដែល​ពិភព​លោក​ចូល​រួម​ពាក់​ព័ន្ធ​ហើយ»។​

លោកស្រី​អាន់ណា​មើល​ឃើញ​ថា​ការដាក់​ពន្ធនាគារ​លោកស្រី មូរ សុខហួរ​គឺ​ជា​«ការ​បំភិត​បំភ័យ​មួយ»​និង​បញ្ឈប់​លោក​ស្រី​មិន​ឱ្យ​ធ្វើ​យុទ្ធនាការ​នាពេល​បច្ចុប្បន្ន​នេះ​ដែល​លោកស្រី​បាន​ធ្វើ​ជាច្រើន​ខែ​មក​ហើយដែល​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​អាម៉ាស់​មួយ​ដល់​គណបក្ស​កាន់​អំណាច។ ប៉ុន្តែលោកស្រី​អាន់​ណា​ជឿ​ជាក់ថា​ការចាប់​ខ្លួន​នេះ​នឹង​មិន​អាច​បំបិទ​មាត់​លោកស្រី​មូរ សុខហួរ​បាន​ទេ​ក្នុង​ការ​ការ​ពា​រស្រ្តី​និង​សិទ្ធិ​កម្មករ។ លោក​ស្រី​អាន់​ណា​ថា​លោកស្រី​នឹង​ដឹកនាំយុទ្ធនាការ​នេះ​ដើម្បី​បញ្ចុះ​បញ្ចូល​ភាគី​ពាក់​ព័ន្ធ​រហូត​ដល់​មាន​ការ​ដោះលែង។

លោកស្រី​មូរ សុខហួរ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​ដើម្បី​ទាមទារ​សេរីភាព​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀតហើយ​លោក​ស្រី​បាន​ចែក​រំលែកយុទ្ធសាស្រ្ត​ជោគជ័យ​ជាមួយ​នឹង​ស្រ្តី​ជាច្រើន​ដូច​ជា​នៅ​ហៃ​ទី ដែល​ពេល​នោះ បាន​រៀបចំ​វេទិការ​អភិវឌ្ឍន៍​ស្រ្តី​លើក​ដំបូង​បន្ទាប់​ពី​មាន​ការ​រញ្ជួយ​ផែនដី​ជាច្រើន​ឆ្នាំមុន។​

លោកស្រី អាលីស​ ណែលសុន​បាន​បញ្ជាក់​បន្ថែម​ថា៖​ «លោកស្រី​មូរ សុខហួរ​គឺ​ជា​ស្រ្តី​ដែល​ពិតជា​ផ្តល់​នូវ​គំរូ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ថ្មី ដែល​យើង​បាន​ព្យាយាម​នាំ​យក​មក​បង្ហាញ​ដល់​ពិភព​លោក​ នោះ​គឺ​គំរូ​ដែល​មាន​ការ​ចូលរួម។ វាជាគំរូ​មួយ​ដែល​យក​ចិត្ត​ទុក​ដាក់ដល់​ការ​ចូលរួម​ស្វែង​រក​អំណាច​ដើម្បី​យក​មក​ផ្តល់​ជូន​អ្នក​ដទៃ»។ ​

នៅ​ក្នុង​វីដេអូ​ឃ្លីប​ចុងក្រោយ​ដែល​ដាក់​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​ហើយ​បាន​ថត​នៅ​តុលាការ​ក្រុង​ភ្នំពេញ​មុន​ពេល​ដែល​គេ​ដាក់​ខ្នោះ​បណ្តើរ​លោកស្រី​យក​ទៅ​ដាក់​ពន្ធនាគារ​លោក​ស្រី មូរ សុខហួរ​បាន​អំពាវនាវ​ជាថ្មី​ឱ្យ​មាន​កា​រតស៊ូ​ដោយ​អហិង្សា​និង​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​កុំ​ប្រើ​ហិង្សា​មក​លើ​បាតុករ។

«ក្នុង​នាម​ខ្ញុំ​ជា​អ្នក​តំណាងរាស្រ្ត​ខ្ញុំ​មាន​មោទនាភាព​ ខ្ញុំ​មាន​ក្តី​រំភើប​ណាស់​ដែល​បាន​ទទួល​សំឡេង​គាំទ្រ​ពី​បងប្អូនទាំង​អស់​គ្នា​ដើម្បី​បម្រើ​បងប្អូន​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​តំណាង​រាស្រ្ត។ យើង​ជាខ្មែរ​ ខ្មែរ​តែ​មួយ​រួម​កម្លាំង​គ្នា​បន្តទៅ​ទៀត​លុះ​ត្រា​តែ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ ​ប្រទេស​កម្ពុជា​យើង​។ រួម​កម្លាំង​គ្នា​ឡើង​បងប្អូន​តែ​សូម​យើង​ទាំង​អស់​គ្នា​ត្រូវ​តែប្ររើ​ធម៌​អហិង្សា​ដោយ​សន្តិវិធី​។ យើង​នឹង​ឈ្នះ​។ យុត្តិធម៌​នឹង​ឈ្នះ»។​

មាន​មនុស្ស​ជិត​៥០​នាក់​បានរង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​ខែ​កក្កដា​នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ។ រូបភាព​វីដេអូ​ដែល​វីអូអេ​ទទួលបាន​និង​មាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​បង្ហាញ​កងកម្លាំង​សន្តិសុខ​ចែក​ដំបងឈើ​គ្នា​ដើម្បី​ត្រៀម​ចាំ​វាយ​ប្រយុទ្ធ។ វីដេអូ​ក៏​បង្ហាញ​ក្រុម​អ្នក​តវ៉ា​វាយ​តប​ត​វិញ​ដោយ​ប្រើ​បំពង់ជ័រ​ដែល​ចង​ទង់​ជាតិ​និង​ចង​បដា​មុន​ពេល​ដែល​ពួកគេ​ចាប់​យក​បាន​ដំបង​ឈើ​ពី​ក្រុម​សន្តិសុខ​ទាំង​នោះ​ហើយ​បន្ត​ដេញ ​វាយទាត់​ធាក់​គ្នា។​

ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាលពី​ថ្ងៃ​សុក្រ​ថ្កោល​ទោស​អំពើ​ហិង្សា​ទាំង​នោះ​ហើយ​អំពាវនាវ​សុំ​ឱ្យ​ដោះលែង​មន្ត្រី​គណបក្ស​ប្រឆាំង​និង​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ។

លោកស្រី​ជេន សាក់​គី​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ថា៖

«យើង​សូម​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការធានា​ដែល​មាន​តាម​ផ្លូវ​ច្បាប់​និង​អំពាវនាវ​ឱ្យ​ដោះលែង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។ ជាថ្មីម្តង​ទៀត​យើង​សូម​ទទូច​ហើយ​ទទូច​ទៀត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​លែង​បម្រាម​លើ​បាតុកម្ម​និង​អនុញ្ញាត​ឱ្យ​ការអនុវត្ត​សិទ្ធិ​នៃ​ការជួបជុំ​ដោយ​សន្តិវិធី»។

សកម្មជន​នានា​ស្វាគមន៍​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា​ជា​ជំហាន​ទីមួយ​ដ៏ល្អ​ក្នុង​ការ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ហើយ​ទទូច​សុំ​ឱ្យ​ប្រទេស​ដទៃ​ទៀត​ធ្វើ​តាម​ដើម្បី​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​យល់​ច្បាស់​ថា «ពិភពលោក​ទាំង​មូល​គេ​យក​ចិត្ត​ទុកដាក់​លើ​បញ្ហានេះ»។​

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ការពារ​ចំណាត់​ការ​របស់​ខ្លួន​ដោយ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជាបន្ត​បន្ទាប់​និង​ផ្តល់​ព័ត៌មាន​ជូន​ដល់​ស្ថាន​ទូត​បរទេស​ថា​ពួកគេ​ធ្វើ​តាម​ផ្លូវ​ច្បាប់​ហើយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។​

លោកអង្គ វង្សវឌ្ឍនា ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​ថា​ការចាប់ខ្លួន​និង​ការបង្រ្កាប​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​កាតព្វកិច្ច​អនុវត្តន៍​ច្បាប់​របស់​ក្រុមអាជ្ញាធរ​មាន​សមត្ថកិច្ច។

«ខ្ញុំ​សូម​អនុញ្ញាត​បញ្ជាក់​បន្ថែម​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​មាន​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​ដើម្បីអនុវត្តន៍​ច្បាប់​ហើយ​ការប្រព្រឹត្តិបទល្មើសព្រហ្ម​ទណ្ឌត្រូវ​ទទួល​ការឆ្លើយតប​តាមច្បាប់។ ហើយ​ជន​ដែល​ប្រព្រឹតិ្ត​បទល្មើស​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ដែរ»។

យ៉ាងណា​ក៏ដោយ​ក្រុមអ្នកវិភាគ​មើល​ឃើញ​ថា​ការចោទ​ប្រកាន់​និង​ចាប់​អ្នកតំណាងរាស្រ្ត​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ​ជា​ការបង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស

កាន់​អំណាច​នៅ តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ គាប​សង្កត់​គូ​ប្រជែង​នយោបាយ​របស់​ខ្លួន​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ចូល​មក​តុ​ចរចា​បញ្ចប់​ការជាប់គាំង​នយោបាយ​ដែល​បាន​អូសបន្លាយ​ជិត​មួយឆ្នាំ​មក​ហើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG