រុស្ស៊ីនិងចិនបង្កើនចំណងទាក់ទងវិស័យការពារជាតិនៅឯ«ការចរចាដ៏មានសារៈសំខាន់»
ចិននិងរុស្ស៊ីបានធ្វើការចរចារឿងវិស័យការពារជាតិនិងយោធា«ដ៏មានសារៈសំខាន់»ដើម្បីជំរុញចំណងទាក់ទង។ នេះតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីដែលបានថ្លែងកាលពីថ្ងៃអង្គារ នៅពេលដែលរដ្ឋាភិបាលក្រុងមូស្គូនិងរដ្ឋាភិបាលក្រុងប៉េកាំងពង្រឹង«ភាពជាដៃគូគ្មានការកម្រិតហើយបានបង្កើនការរិះគន់ការខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីបន្តឥទ្ធិពលរបស់ខ្លួននៅក្នុងទ្វីបអាស៊ី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
«ក្រសួងការពារជាតិរុស្ស៊ីនិងចិនត្រូវរួបរួមគ្នានៅក្នុងការវាយតម្លៃរបស់ពួកគេនៃដំណើរការសាកលលោក ហើយក្រសួងការពារជាតិទាំង២មានការយល់រួមគ្នាអំពីអ្វីដែលចាំបាច់ធ្វើឱ្យសម្រេចនៅក្នុងស្ថានការណ៍នៅពេលបច្ចុប្បន្ននេះ»។ នេះបើតាមការចុះ ផ្សាយនៅលើសារតាមតេឡេក្រាមរបស់ក្រសួងការពារជាតិរុស្ស៊ីដែលបានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Andrei Belousovមកចុះផ្សាយ។
លោកBelousovបាននិយាយថាលោកបានជួបជាមួយអនុប្រធានគណៈកម្មការយោធាមជ្ឈិមចិនគឺលោក Zhang Youxiaដើម្បីធ្វើការចរចា«ដែលមានសារៈសំខាន់បំផុត»។
ក្រសួងការពារជាតិចិនបាននិយាយបន្ទាប់ពីជំនួបនោះថាភាគីទាំង២សង្ឃឹមនឹងធ្វើឱ្យចំណងទាក់ទងកាន់តែស៊ីជម្រៅហើយនឹងពង្រីកចំណងទាក់ទងយោធានិងរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់។
ដំណើរទស្សនកិច្ចរបស់លោកBelousovទៅកាន់រដ្ឋធានីប៉េកាំងបានកើតមានឡើងនៅពេលដែលយោធាចិនបានសន្យាចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងកោះតៃវ៉ាន់ ប្រសិនបើ ចាំបាច់ បន្ទាប់ពីការធ្វើសមយុទ្ធយោធារយៈពេលមួយថ្ងៃដែលចិនបាននិយាយថាជាការព្រមានដល់«សកម្មភាពបំបែករដ្ឋ»និងដែលបានធ្វើឱ្យមានការថ្កោលទោសពីរដ្ឋាភិបាលតៃវ៉ាន់និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន៕
វេទិកាបញ្ចេញមតិ