លោក Mikhail Gorbachev មេដឹកនាំចុងក្រោយគេបង្អស់របស់សហភាពសូវៀត បានស្លាប់ក្នុងវ័យ ៩១ ឆ្នាំ។ មនុស្សជាច្រើននៅក្នុងប្រទេសចិនយល់ថា ការធ្វើកំណែទម្រង់របស់លោកបានបណ្តាលឱ្យមានការផ្តាច់ខ្លួនចេញពីអតីតប្លុកកុំម្មុយនិស្តដ៏ធំនៅឆ្នាំ១៩៩១គឺជាការដាស់តឿនដើម្បីបញ្ចៀសជោគវាសនាដូចគ្នានឹងប្រទេសជិតខាងរបស់ខ្លួនមួយនេះ។
លោកGorbachev ដែលបានស្លាប់កាលពីថ្ងៃទី៣០ ខែសីហា ទទួលបានការកោតសរសើរនៅក្នុងប្រទេសចិនសម្រាប់ការធ្វើឱ្យមានប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងសូវៀត និងចិន ដោយបើកផ្លូវឱ្យមានចំណងទាក់ទងរឹងមាំរវាងប្រទេសទាំងពីរក្នុងឆ្នាំបន្តបន្ទាប់។ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងក៏បន្ទោសលោកផងដែរចំពោះការបំផ្លាញអតីតសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតដែលជាសម្ពន្ធមិត្តរបស់ខ្លួន។
ខណៈដែលប្រទេសលោកខាងលិចចាត់ទុកលោក Gorbachev ជាវីរជនដ៏ក្លាហានដែលបានធ្វើកំណែទម្រង់ប្រជាធិបតេយ្យដ៏ចាំបាច់ខ្លាំងនៅក្នុងប្រទេសរបស់លោក និងបានផ្តល់សេរីភាពដល់រដ្ឋរណបសហសូវៀតឱ្យមានឯករាជ្យនោះ ប្រទេសចិនវិញចាត់ទុកលោកជាមេដឹកនាំទន់ខ្សោយដែលធ្វើឱ្យប្រទេសលោកបរាជ័យ។
ប្រទេសទាំងពីរបានដើរដល់ផ្លូវបំបែកនៅចុងទសវត្សរ៍ឆ្នាំ១៩៨០។ សេដ្ឋកិច្ចរបស់សហភាពសូវៀតស្ទើរតែដួលរលំ ហើយត្រូវការការផ្លាស់ប្តូរជាបន្ទាន់។ ប្រជាជនក្នុងប្រទេសចិនចង់បានកំណែទម្រង់នយោបាយបន្ទាប់ពីឆ្លងកាត់ភាពក្រីក្រ និងចលាចលនយោបាយអស់ជាច្រើនទសវត្សរ៍។
ខណៈដែលលោក Gorbachev អនុញ្ញាតឱ្យមានកំណែទម្រង់នយោបាយ លោកDeng Xiaoping មេដឹកនាំដ៏សំខាន់របស់ចិននៅពេលនោះបានបង្ក្រាបអ្នកតវ៉ា និងចាប់ខ្លួនលោក Zhao Ziyang ដែលជាអ្នកគាំទ្រកំណែទម្រង់ មានតួនាទីជាអគ្គលេខាធិការគណបក្សកុំម្មុយនិស្តចិន ឱ្យជាប់ឃុំក្នុងផ្ទះ។
នៅពេលនោះ និងសូម្បីតែឥឡូវនេះ ចិននៅតែគិតថា ខ្លួនបានសម្រេចចិត្តត្រឹមត្រូវ។
លោក Victor Gao អតីតអ្នកបកប្រែរបស់លោក Deng បានថ្លែងក្នុងសម្តីដើមថា៖
«នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ លោក Deng Xiaoping ជឿថា លោក Gorbachev ដើរលើផ្លូវខុសក្នុងការធ្វើកំណែទម្រង់។ លោក Gorbachev បានជំរុញឱ្យមានកំណែទម្រង់នយោបាយមុនធ្វើកំណែទម្រង់សេដ្ឋកិច្ច។ ប្រទេសចិនក្រោមការដឹកនាំរបស់លោក Deng ជំរុញឱ្យមានកំណែទម្រង់សេដ្ឋកិច្ចមុនធ្វើកំណែទម្រង់នយោបាយ»។
បច្ចុប្បន្នលោក Victor Gao ជាសាស្រ្តចារ្យនៅសាកលវិទ្យាល័យ Soochow ក្នុងប្រទេសចិន និងជានាយករងនៃមជ្ឈមណ្ឌលសម្រាប់ចិន និងសាកលភាវូបនីយកម្ម។
លោក Gorbachev មិនត្រឹមតែបានបាត់បង់ការគ្រប់គ្រងសេដ្ឋកិច្ចដោយរដ្ឋនៅសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតនោះទេ ប៉ុន្តែបានបាត់បង់ការគ្រប់គ្រងសង្គមនយោបាយផងដែរ ដែលចុងក្រោយនាំឱ្យរដ្ឋរណបដូចជាប្រទេសឡេតូនី និងលីទុយអានី និងក្រោយមកទៀតប្រទេសនៅអឺរ៉ុបខាងកើត បានបំបែកខ្លួន និងបង្កចលាចលដល់សេដ្ឋកិច្ចរុស្ស៉ី។
សម្រាប់លោក Deng នេះមិនមែនជាផ្លូវដ៏ឆ្លាតវៃនោះទេ។
លោក Gao បានថ្លែងក្នុងសម្តីដើមថា៖
«លោក Deng ជឿថា លោក Gorbachev ជ្រើសយកអាទិភាព និងលំដាប់លំដោយខុស។ នៅទីបំផុត អ្វីដែលសំខាន់បំផុតគឺថាតើអ្នកអាចរកស្បៀងអាហារឱ្យប្រជាជនរបស់អ្នកសម្រាប់បរិភោគបានដែរឬទេ»។
លោកStephen Nagy សាស្ត្រាចារ្យរងជាន់ខ្ពស់ផ្នែកទំនាក់ទំងនអន្តរជាតិនៅសាកលវិទ្យាល័យ International Christian University ក្នុងប្រទេសជប៉ុននិយាយថា ការដួលរលំរបស់សហភាពសូវៀតធ្វើឱ្យថ្នាក់ដឹកនាំចិនមានការលំបាកក្នុងការសម្រេចគោលដៅសង្គមនិយមរបស់ខ្លួន។
លោកNagy បានថ្លែងថា ដើម្បីធានាថា គោលការណ៍សង្គមនិយមមានស្ថិរភាព លោក Deng បានបើកទូលាយសេដ្ឋកិច្ចចិនដោយចាប់ផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសដើម្បីធ្វើឱ្យមានភាពរុងរឿង។
លោក Jiang Zemin ដែលកាន់តំណែងបន្តពីលោក Deng បានអនុញ្ញាតឱ្យអ្នកមូលធននិយមដែលមានចំនួនកើនឡើងចូលរួមជាមួយគណបក្សកុំម្មុយនិស្តចិន។ ក្នុងពេលនេះ លោក Xi Jinping មេដឹកនាំបច្ចុប្បន្នបានធ្វើយុទ្ធនាការលុបបំបាត់អំពើពុករលួយដើម្បីរក្សាភាពស្របច្បាប់របស់គណបក្សនេះ។
សព្វថ្ងៃប្រទេសចិនមានទ្រព្យសម្បត្តិច្រើនជាងកាលពីទសវត្សរ៍ឆ្នាំ១៩៨០ ហើយក្នុងពេលដ៏ខ្លីខាងមុខនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោក ខណៈរុស្ស៊ីនឹងរងគ្រោះដោយសារបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ។
លោក Nagy បានថ្លែងថា ជោគវាសនាខុសគ្នារវាងប្រទេសទាំងពីរក៏អាចដោយសារតែប្រព័ន្ធនយោបាយ «ខុសគ្នាខ្លាំង» ផងដែរ។
លោក Nagy បានថ្លែងក្នុងសម្តីដើមថា៖
«រុស្ស៊ីសព្វថ្ងៃជាប្រទេសដែលមានប្រព័ន្ធដឹកនាំបែបលោភាធិប្បតេយ្យ ដឹកនាំដោយបុរសម្នាក់ ពីរនាក់ប៉ុណ្ណោះ ហើយជានិច្ចកាលមនុស្សប្រុសជាអ្នកដឹកនាំសេដ្ឋកិច្ច។ វាដូចជារដ្ឋម៉ាហ្វីយ៉ា(mafia)អ៊ីចឹង។ ពួកគេមិនមានការគ្រប់គ្រងបែបមជ្ឈការ និងរដ្ឋបែបមជ្ឈការនោះទេ។ វាជារដ្ឋពុករលួយខ្លាំង»។
លោកថា នៅក្នុងប្រទេសចិន គណបក្សកុំម្មុយនិស្តចិនអាចប្រើប្រាស់ការគ្រប់គ្រងបែបមជ្ឈការដើម្បីគ្រប់គ្រងឱ្យមានប្រសិទ្ធភាព។
លោក Nagy បានថ្លែងក្នុងសម្តីដើមថា៖
«មានអ្វីៗជាច្រើនដែលអ្នកអាចនិយាយអំពីគណបក្សកុំម្មុយនិស្តចិន។ នៅក្នុងប្រទេសចិន មនុស្ស ៨០០ លាននាក់បានងើបចេញផុតពីភាពក្រីក្រ ពួកគេមានហេដ្ឋារចនាសម្ព័ន្ធល្អៗ មនុស្សជាច្រើនមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយនេះគឺដោយសារតែមានអភិបាលកិច្ចល្អរបស់គណបក្ស»។
អ្នករិះគន់បាននិយាយថា ប្រទេសចិនប្រឈមនឹងការដួលរលំនៅទីបំផុត ដោយសារបញ្ហាដូចជាទីផ្សារអចលនទ្រព្យមិនល្អ កំណើនសេដ្ឋកិច្ចយឺត និងការរំខានពីគោលនយោបាយ បំបាត់ជំងឺកូវីដដែលបាននាំឱ្យទីក្រុងសំខាន់ៗជាច្រើនត្រូវបិទខ្ទប់។
ទោះជាយ៉ាងនេះក្តី អតីតមន្ត្រីតៃវ៉ាន់ម្នាក់ដែលធ្វើការជាមួយប្រទេសចិនជឿថា ទោះបីជាមានបញ្ហាប្រឈមដែលចិនអាចជួបប្រទះក៏ដោយ វាមិនអាចទៅរួចនោះទេដែលមេដឹកនាំចិនទទួលយកការបំបែកប្រទេសដូចលោក Gorbachev បានធ្វើនោះ។
លោកបានថ្លែងក្នុងសម្តីដើមថា៖
«ប្រជាជនចិនតែងតែមានទស្សនៈថា ប្រទេសរបស់ពួកគេត្រូវតែរួបរួម វាមិនអាចបំបែកនោះទេទោះក្នុងមូលហេតុអ្វីក៏ដោយ។ ទស្សនៈនេះត្រូវបានលើកឡើងដោយអធិរាជដំបូងដែលបានបង្រួបបង្រួមប្រទេសចិន។ អារម្មណ៍នៃការរួបរួមដ៏ខ្លាំងក្លានេះស្ថិតក្នុងចំណោមប្រជាជនចិន។ ផ្ទុយទៅវិញ រដ្ឋសូវៀតត្រូវបានបង្កើតប្រទេសជាច្រើនទៅវិញ។ ទស្សនៈរបស់ពួកគេចំពោះជាតិតែមួយមិនសូវខ្លាំងក្លានោះទេ»។
អតីតមន្ត្រីរូបនេះសុំមិនបញ្ចេញឈ្មោះដើម្បីចៀសវាងបញ្ហានៅមុនការបោះឆ្នោតក្នុងមូលដ្ឋាននាពេលខាងមុខនៅតៃវ៉ាន់។ លោកបានថ្លែងបន្តថា «ចិនច្បាស់ណាស់មិនអនុញ្ញាតឱ្យតំបន់ទីបេត៍ តំបន់ Xinjiang និងតៃវ៉ាន់បំបែកខ្លួននោះទេ»។
លោកបានថ្លែងថា វាមិនច្បាស់ទេថាតើបញ្ហាកំណើនសេដ្ឋកិច្ច និងបញ្ហាទាក់ទិនផ្សេងទៀតក្នុងប្រទេសចិននឹងនាំឱ្យមានកំណែទម្រង់នយោបាយដូចដែលលោក Gorbachev បានធ្វើនោះទេ។
លោកNagy ក៏បានចោទសួរថាតើចិននឹងបោះជំហានទៅមុខជាមួយនឹងកំណែទម្រង់នយោបាយដែលផ្តួចផ្តើមដោយលោក Gorbachev ដែរឬទេ។
លោកបានថ្លែងក្នុងសម្តីដើមថា៖
«ក្នុងបរិបទចិន ខ្ញុំមិនច្បាស់ទេថា ប្រព័ន្ធប្រជាធិបតេយ្យនឹងអាចដោះស្រាយបញ្ហាប្រឈមទាំងអស់របស់ពួកគេ និងអាចគ្រប់គ្រងកំណើនសេដ្ឋកិច្ចឲ្យមានស្ថិរភាពដោយគ្មានការគ្រប់គ្រងពីរដ្ឋាភិបាលបច្ចុប្បន្នឬយ៉ាងណាទេ។ អ្វីម្យ៉ាងដែលកាន់តែបែកបាក់ដូចជាប្រជាធិបតេយ្យតៃវ៉ាន់អាចនឹងបង្កើតឱ្យមានបញ្ហាស្ថិរភាពផ្ទៃក្នុងសម្រាប់បរិបទចិន»។
លោកបានថ្លែងបន្តថា៖
«ខ្ញុំមិនគិតថា ប្រព័ន្ធនយោបាយណាមួយអាចដោះស្រាយបញ្ហាប្រឈមក្នុងប្រទេសចិនសព្វថ្ងៃនេះដែលមានជាច្រើនដូចជា បញ្ហាប្រជាសាស្ត្រ បញ្ហាបរិស្ថាន បញ្ហាផលិតភាពក្នុងសេដ្ឋកិច្ច គុណភាពនៃកំណើនសេដ្ឋកិច្ច បំណុល សន្តិសុខទឹក សន្តិសុខស្បៀងអាហារ និងបញ្ហាជម្រើសពិពិធកម្មពីខ្សែសង្វាក់ផ្គត់ផ្គង់ចិន»។
លោក Gao ថានៅទីបំផុត អាទិភាពកំពូលរបស់ថ្នាក់ដឹកនាំចិនគឺរក្សាស្ថិរភាពនយោបាយ។
លោក Gao បានថ្លែងក្នុងសម្តីដើមថា៖
«ការដួលរលំសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតក្រោមការដឹកនាំរបស់លោក Gorbachev ត្រូវចិនសិក្សា និងវិភាគយ៉ាងដិតដល់។ ចិនទទួលបានជោគជ័យក្នុងការឆ្លងកាត់កំណែទម្រង់រយៈពេលជាង ៤ទសវត្សរ៍ និងបើកទ្វារទៅកាន់ពិភពខាងក្រៅ»។
លោក Gao បានថ្លែងបន្តថា៖
«ទោះជាយ៉ាងនេះក្តី ការរក្សាស្ថិរភាពនយោបាយនៅតែជាការងារដ៏សំខាន់បំផុតមួយ។ ចិនជឿថា កំណែទម្រង់ចាំបាច់ត្រូវធ្វើឲ្យសកម្មនឹងន តែមិនត្រូវប្រញាប់នោះទេ ម្តងបន្តិចៗ មិនមែនមួយរំពេចនោះទេ។ ស្ថិរភាពត្រូវតែរក្សាទោះស្ថិតក្នុងតម្លៃណាក៏ដោយ»។
លោកថា៖
«ចិននឹងបន្តជំរុញឱ្យមានកំណែទម្រង់ប្រសើរជាងនេះ និងបើកទ្វារទៅកាន់ពិភពខាងក្រៅក្នុងការកសាងប្រព័ន្ធសង្គមនិយមពិសេសមួយដែលមានលក្ខណៈជាចិន»។
ជាការឆ្លើយតបចំពោះមរណភាពរបស់លោក Gorbachev លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅថា៖
«លោក Mikhail Gorbachev បានរួមចំណែកជាវិជ្ជមានក្នុងការធ្វើឱ្យមានប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងចិន និងសហភាពសូវៀត។ យើងកាន់ទុក្ខចំពោះការបាត់បង់លោក និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក»៕