អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដែលហៅកាត់ថា SCO បានរៀបចំកិច្ចប្រជុំលើកដំបូងបង្អស់របស់ខ្លួនតាំងពីប្រទេសឥណ្ឌា និងប៉ាគីស្ថានបានចូលជាសមាជិកនៅក្នុងអង្គការនេះមក។ អង្គការនេះត្រូវបានអ្នកតាមដានស្ថានការណ៍យល់ឃើញជាទូទៅថាជាមធ្យោបាយមួយដើម្បីរារាំងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីកណ្ដាល។
ប្រទេសដែលជាស្ថាបនិកនៃអង្គការនេះគឺប្រទេសចិន រុស្ស៊ី កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងប្រទេសតាហ្ស៊ីគីស្ថាន។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Qingdao ដែលជាទីក្រុងជាប់សមុទ្រភាគខាងកើតប្រទេសចិន។
ប្រធានាធិបតីចិនលោក Xi Jinping បានប្រាប់ក្រុមប្រទេសចូលរួមនៅក្នុងកិច្ចប្រជុំនោះនៅក្នុងសុន្ទរកថាបើករបស់លោកនៅថ្ងៃអាទិត្យនេះថា៖ «យើងគួរតែច្រានចោលនូវគោលនយោបាយណាដែលមានលក្ខណៈគិតតែខ្លួនឯង មិនគិតវែងឆ្ងាយ ចង្អៀតចង្អល់ និងមិនបើកចំហ។ យើងត្រូវតែរក្សាច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងកសាងសេដ្ឋកិច្ចសាកលលោកមួយដែលមានលក្ខណៈបើកចំហ»។
អ្នកវិភាគនយោបាយនានាយល់ឃើញថា ការលើកឡើងរបស់លោក Xi Jinping ដូចនេះ គឺចង់សំដៅទៅលើភាពច្របូកច្របល់នៅឯកិច្ចប្រជុំ G7 នៅក្នុងប្រទេសកាណាដាដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍ម្សិលមិញ ដែលនៅក្នុងកិច្ចប្រជុំនោះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមានការខ្វែងគំនិតគ្នាដោយសារតែការកើនឡើងនូវភាពតានតឹងផ្នែកពាណិជ្ជកម្ម។
នៅក្នុងកិច្ចប្រជុំ G7 នោះ ប្រធានាធិបតីអាមេរិកលោក Donald Trump មិនបានផ្ដល់កាគាំទ្រចំពោះសេចក្ដីថ្លែងការណ៍រួមរបស់កិច្ចប្រជុំនោះទេ៕