ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដូណាល់ ត្រាំ៖ ជំនួប​ជាមួយ​លោក​ គីម ​ជុងអ៊ុន ជា​«ឱកាស​តែ​ម្តង​គត់»


រូបភាព​លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន នៅ​លើ​កញ្ចក់​ទូរទស្សន៍​នៅ​ស្ថានីយ៍​​រថ​ភ្លើង​នៅទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​៥ មិថុនា ២០១៨។
រូបភាព​លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន នៅ​លើ​កញ្ចក់​ទូរទស្សន៍​នៅ​ស្ថានីយ៍​​រថ​ភ្លើង​នៅទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​៥ មិថុនា ២០១៨។

លោក​ ដូណាល់ ត្រាំ ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​បាន​ព្រមាន​កាលពី​ថ្ងៃសៅរ៍​ថា ​ជំនួប​ជាមួយ​លោក​ គីម ជុងអ៊ុន​ មេដឹកនាំ​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃទី​១២ ខែ​មិថុនា​នេះ ​គឺជា​«ឱកាស​តែ​ម្តង​គត់» ​សម្រាប់​មេដឹកនាំ​ប្រទេស​ឯកោ​នេះ​ ខណៈ​ពួកគេ​និយាយ​អំពីការ​បោះ​បង់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

មុន​ពេល​ចាក​ចេញ​ពី​ជំនួប​កំពូល​នៃក្រុម​ប្រទេស ​G7​ នៅ​ទីក្រុង​ Quebec​ ប្រទេស​កាណាដា​ កាល​ពីថ្ងៃ​សៅរ៍​ លោក ត្រាំ ​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ថា ​លោក​រំពឹង​ថា​ លោក​នឹង​ដឹង​ភ្លាម​ថា តើ​លោក ​គីម ជុងអ៊ុន​ និយាយ​ប្រាកដ​ប្រជា​អំពី​បញ្ហា​នេះ​ឬ​យ៉ាង​ណា។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​«ក្នុង​រយៈ​ពេល​មួយ​នាទី​ខ្ញុំ​នឹង​ដឹង​ ។ ​នេះ​ជាអ្វី​ដែល​ខ្ញុំ​ធ្វើ» ។

លោក​បាន​ហៅ​ផែនការ​ជួប​ប្រជុំ​របស់​លោក​ជាមួយ​លោក​ គីម ជុងអ៊ុន​ ថា ​ជា​«បេសក​កម្ម​សន្តិភាព»​និង​បាន​សម្តែង​សុទិដ្ឋិនិយម​អំពី​អនាគត​របស់កូរ៉េខាងជើង។ ​លោក​ថ្លែងថា៖​ «យើង​គិត​ថា ​កូរ៉េខាង​ជើង​នឹង​ក្លាយ​ជា​កន្លែង​ដ៏​អស្ចារ្យ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី»។​

កាល​ពីថ្ងៃ​សុក្រលោក ​ត្រាំ​ បាន​និយាយ​ការពារ​ជំនួប​កំពូល​នេះ​ដោយ​ប្រាប់​អ្នកយក​ព័ត៌មាន​ថា៖ «ខ្ញុំ​បាន​ត្រៀម​ខ្លួន​សម្រាប់​កិច្ចការ​នេះ​អស់​មួយ​ជីវិត»។​ មុន​ពេល​ចាក​ចេញ​ពីទីក្រុង​វ៉ាស៊ីនតោន​ទៅ​ចូល​រួម​កិច្ច​ចរចា​ G7 ​នៅ​ក្នុង​ទីក្រុង​ Quebec ​លោក ត្រាំ​ ​បាន​និយាយ​ថា ​លោក​យក​«ប្រអប់​ឯកសារ​ការងារ​ចំនួន​១៥» ​ដែល​លោក​នឹង​ពិនិត្យ​មុន​ជំនួប​ជាមួយ​លោក​ គីម​ ជុងអ៊ុន ​នៅសិង្ហបុរី​នៅ​ថ្ងៃទី​ ១២ ខែ​មិថុនា៕

XS
SM
MD
LG