ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បញ្ហា​ជន​ភៀស​ខ្លួន​ឆ្លង​សមុទ្រ​មេឌីទែរ៉ាណេ​ស្ថិត​នៅ​ពី​ក្រោយ​កិច្ច​ប្រជុំ G៧ នៅ​ក្នុង​ប្រទេស​អ៊ីតាលី


ក្បូន​មួយ​ពេញ​ដោយ​ជនភៀស​ខ្លួនក្នុង​សមុទ្រ​ Mediterranean កាល​ពី​ថ្ងៃទី​១៨ ឧសភា ២០១៧។

ការ​ជួយ​សង្គ្រោះ​ជន​ចំណាក​ស្រុក ដែល​រសាត់​អណ្ដែត​គ្មាន​ទីដៅ​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ នៅ​តែ​បន្ត​ខ្លាំងក្លា​ទៅ​មុខ​ជានិច្ច​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដោយ​មន្ត្រី​រដ្ឋាភិបាល​អេស្ប៉ាញ​បាន​ជួយ​សង្គ្រោះ​ជន​ភៀស​ខ្លួន​ជាង ១៥០ នាក់ ដែល​ធ្វើ​ដំណើរ​តាម​ទូក​តូចៗ ហើយ​កង​កម្លាំង​សន្តិសុខ​ទុយណេស៊ី​បាន​ជួយ​សង្គ្រោះ​ជន​ចំណាក​ស្រុក​តាម​ទូក​ជាង ១ រយ​នាក់​ផ្សង​ទៀត ដែល​ក្នុង​នោះ​មាន​ស្ត្រី​មាន​ផ្ទៃ​ពោះ ៧ នាក់ និង​កុមារ ៣ នាក់ ផង​ដែរ។

ការ​ជួយ​សង្គ្រោះ​ជន​ចំណាក​ស្រុក​មកពី​ទ្វីប​អាហ្វ្រិក ដែល​ស្វែង​រក​ជីវិត​រស់នៅ​ប្រសើរ​ជាង​មុន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ទាំង​នេះ បាន​កើត​ឡើង ស្រប​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​លីប៊ី និង​អ៊ីតាលី បាន​បញ្ជាក់​ថា ជន​ចំណាក​ស្រុក​ប្រហែល ១ ម៉ឺន​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​សមុទ្រ​នៅ​ក្បែរ​ប្រទេស​លីប៊ី នៅ​ក្នុង​សប្ដាហ៍​នេះ។ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ដកស្រង់​សម្ដី​របស់​មន្ត្រី​ទាំង​នោះ ដែល​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៥៤ នាក់​ដែរ បាន​លង់​ទឹក​ស្លាប់។

ជន​ចំណាក​ស្រុក​ដែល​ស្វែង​រក​ជំនួយ​ទាំង​នេះ ជា​រឿយៗ​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​តំបន់ Sicily ប្រទេស​អ៊ីតាលី ប៉ុន្តែ​ដំណើរការ​នេះ​ត្រូវ​បាន​រាំង​ស្ទះ​នៅ​ក្នុង​សប្ដាហ៍​នេះ នៅ​មុន​កិច្ច​ប្រជុំ G ៧ ចូល​មក​ដល់។

មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​នានា ដែល​ក្នុង​នោះ​មាន​ទាំង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ផង​ដែរ បាន​ស្ដាប់​ការ​អង្វរករ​របស់​ប្រទេស​អ៊ីតាលី ដែល​ជា​ប្រទេស​រៀបចំ​កិច្ច​ប្រជុំ​នេះ។ រដ្ឋាភិបាល​អ៊ីតាលី​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ក្រុម G ៧ ទាំង​អស់ បង្កើន​ការ​វិនិយោគ​ឲ្យ​បាន​ខ្លាំងក្លា​នៅ​ក្នុង​ផ្នែក​ភាគ​ច្រើន​នៃ​ទ្វីប​អាហ្វ្រិក ដើម្បី​ជួយ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ទ្វីប​អាហ្វ្រិក​មាន​ភាព​ប្រសើរ​ជាង​មុន។

ប៉ុន្តែ គេ​មិន​ឃើញ​មាន​ការ​រាយការណ៍​ណា​មួយ​ចេញ​ពី​កិច្ច​ប្រជុំ G ៧ នេះ អំពី​ការ​វិវត្តន៍​ទៅ​មុខ​នៃ​បញ្ហា​នេះ​ទេ៕

XS
SM
MD
LG