ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន ​នឹង​ចូលរួម​វេទិកា​«ខ្សែ​ក្រវាត់​និង​ផ្លូវ‍»​លើក​ទី​២​នៅ​ប្រទេស​ចិន​ក្នុង​សប្តាហ៍​នេះ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំមួយនៅវិមានរដ្ឋាភិបាលចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន​ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំមួយនៅវិមានរដ្ឋាភិបាលចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន​ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤។

​ដំណើរ​ទស្សនកិច្ច​ដែល​ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន​ ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ការ​ប្រឈម​ពាក្យ​សម្តី​ដាក់​​គ្នា​នៅ​លើ​បណ្តាញ​សង្គម​​​នា​ពេល​ថ្មីៗ​នេះ​រវាង​ស្ថានទូត​អាមេរិក​និង​ចិន​នៅ​កម្ពុជា​​ស្តី​ពី​គម្លាត​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ចិន​និង​ កម្ពុជា-អាមេរិក។

នៅ​សប្តាហ៍​នេះ​ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ រយៈ​ពេល​ ៤ ថ្ងៃ​ក្នុង​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន ​ជាទី​ដែល​លោក​និង​ប្រតិភូ​កម្ពុជា​គ្រោង​ចូលរួម​វេទិកា​ខ្សែ​ក្រវាត់​និង​ផ្លូវ​លើក​ទី​ ២​ របស់​ចិន។​ ​នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ ​បាន​ឱ្យដឹង​ថា​ តប​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​ចិន​លោក​ ​ស៊ី ជីនពីង​ ​លោក​ ​ហ៊ុន សែន​ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ទី២៥​ ​ដល់​ថ្ងៃ​ចន្ទ ​ទី​២៩​ ខែ​មេសា​ខាង​មុខ​នេះ។​

នៅ​ថ្ងៃ​ទី២៦ ​ខែ​មេសា​ លោក​ ហ៊ុន សែន ​នឹង​ថ្លែង​សុន្ទរកថា​លើ​ប្រធានបទ​ «កិច្ច​សហ​ប្រតិបត្តិការ​ខ្សែ​ក្រវាត់​និង​ផ្លូវ៖​ បង្កើត​ជោគ​វាសនា​រួម​ត្រចះ​ត្រចង់»។​ លោក​ក៏​នឹង​ចូលរួម​ចែក​រំលែក​ទស្សនៈ​ផ្ទាល់​ខ្លួន​ក្រោម​ប្រធានបទ​ «ការ​ជំរុញ​ការ​ត​ភ្ជាប់ ​ដើម្បី​ស្វែងរក​ធនធាន​ថ្មី​សម្រាប់​ការ​រីកចម្រើន»។

VOA​ មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បន្ថែម​ពី​លោក​ កេត សោផាន់​ ​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការរបស់​លោក​ ហ៊ុន សែនទៅ​កាន់​ប្រទេស​ចិន​ជា​លើក​ទី ២ នៅ​ក្នុង​អាណត្តិ​កាន់​តំណែង​ទី ៥ ​បន្ទាប់​ពី​គណបក្ស​កាន់​អំណាច​របស់​លោក​បាន​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​ ២០១៨​ ​ដោយ​មិនមាន​ការ​ចូលរួម​ពី​គណបក្ស​សង្រ្គោះជាតិ​ ដែល​ជា​គណ​បក្ស​ជំទាស់​ធំជាង​គេ​នៅ​កម្ពុជា​កាល​ពី​គ្រា​នោះ។

លោក​ ​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​នយោបាយទទួល​ស្គាល់លំហូរ​វិនិយោគ​ច្រើន​ពី​ប្រទេស​ចិន​មក​កម្ពុជា ដោយ​លោក​បាន​លើកឡើង​ថា​ ការណ៍​នេះ​អាច​ជួយ​ពង្រឹង​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំង​ក្នុង​ឆាក​នយោបាយ​និង​សេដ្ឋកិច្ច។

លោក​ ​ឡៅ ម៉ុងហៃ​ បាន​មាន​ប្រសាសន៍​ថា៖​

«ដូច្នេះ​ចិន​គឺ​មក​ពង្រឹងអំណាច​របស់​សម្តេច​តេជោ ​និង​របប​គ្រប់គ្រង​ប្រទេស​យើង​សព្វ​ថ្ងៃ​នេះ។​ ​រឿង​មាន​ផលវិបាក​អ្វី​ទៅ​ថ្ងៃ​ក្រោយ​គឺ​រឿង​មួយ​ផ្សេង​ទៀត»។

អ្នក​វិភាគ​នយោបាយ​ លោក​ ​ឡៅ ម៉ុងហៃ​ ​បាន​បន្ត​ថា នា​ពេល​បច្ចុប្បន្ន​កម្ពុជា​អាច​ប្រឈម​នឹង​ផល​អវិជ្ជមាន​ពី​ជម្លោះ​បែប​ប្រយោល​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ ដែល​ការណ៍​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​ប្រទេស។

លោក​បាន​និយាយ​ថា៖​

«ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ ខ្ញុំ​ហ៊ាន​អះអាង​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ស្រូប​ បឺត​ស្រូប​ចូល​ទៅ​ក្នុង​ជម្លោះ​រវាង​មហា​អំណាច​អាមេរិក​ និង​ចិន​ទៅ​ហើយ។ ហើយ​យើង​ពិបាក​នឹង​ដោះស្រាយ​បញ្ហា​ដែល​យើង​មាន​នៅ​ក្នុង​ស្រុក​ ប្រសិន​បើ​ជា​មាន​អន្តរាគមន៍​ពី​មហា​អំណាច​ទាំង​ពីរ​នេះ​ក្នុង​រឿង​ផ្ទៃ​ក្នុង​របស់​កម្ពុជា ហើយ​សុទ្ធ​តែ​មាន​ផលប្រយោជន៍​រៀងៗ​ខ្លួន​នៅ​ក្នុង​កម្ពុជា មហាអំណាច​ទាំង​ពីរ​នេះ»។

គម្រោង​ទស្សនកិច្ច​រយៈពេល ​៤ ថ្ងៃ​របស់​ លោក​ ហ៊ុន សែន​ ​នៅ​សប្តាហ៍​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែលមាន​ការ​ប្រឈម​ពាក្យ​សម្តី​ដាក់​គ្នា​ផង​ដែរ​រវាង​ស្ថានទូត​សហរដ្ឋ​អាមេរិក ​និង​ចិន​ នៅ​លើ​បណ្តាញ​សង្គម​ហេ្វសប៊ុកទាក់ទិន​នឹង​គម្លាត​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ចិន​ និង​រវាង​កម្ពុជា-​សហរដ្ឋ​អាមេរិក។​ ការ​ប្រឈម​ពាក្យ​សម្តី​ដាក់​គ្នា​នេះ​កើត​មាន​ឡើង​ ស្រប​ពេល​ដែល​មាន​ការ​សង្កេត​ឃើញ​ថា​ កម្ពុជា​កំពុង​តែ​ងាក​ទៅ​រក​ប្រទេស​ចិន​ ​ហើយ​កំពុង​តែ​រំសាយ​ខ្លួន​ពី​ប្រទេស​ធំៗ​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ។

នៅ​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​នៃ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី២៥​ខាង​មុខ​នេះ​ផង​ដែរ​ គេ​រំពឹង​ថា ​នឹង​មាន​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ស្តីពី​ជំនួយ​របស់​ចិន ព្រម​ទាំង​គម្រោង​កិច្ច​សហប្រតិបត្តិការ​ផ្សេងៗ។

លោក​ គី សេរីវឌ្ឍន៍​ អ្នក​វិភាគ​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​លើកឡើង​ថា ​តាមរយៈ​គម្រោង​ «ខ្សែក្រវាត់​មួយ​ ផ្លូវ​មួយ» ​នឹង​ធ្វើ​ឲ្យ​កម្ពុជាក្លាយ​ជា​ប្រទេស «ចម្រុះ​ពណ៌»​ ​ដែល​នេះ​មាន​ន័យ​ថា​អាច​ផ្តល់លទ្ធភាព​ចំណេញ​ដល់​កម្ពុជា​ក្នុង​វិស័យ​ពាណិជ្ជកម្ម។

យ៉ាងណាក្តី​ អ្នក​វិភាគ​សេដ្ឋកិច្ច​រូប​នេះ​ក៏​បាន​ព្រមាន​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​សម្រាប់​កម្ពុជា​ផង​ដែរ​ នៅ​ក្នុង​ការ​ធ្វើជាដៃគូ​ជាមួយ​នឹង​ប្រទេស​មហា​អំណាច។

លោក​ សេរីវឌ្ឍន៍​ បាន​និយាយ​ថា៖​

«ជា​ទូទៅ​ កម្ពុជា​ជា​ប្រទេស​តូច​ ហើយ​ការ​ធ្វើ​ដៃ​គូ​ជាមួយ​ប្រទេស​ធំៗ​ក៏​យើង​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ដែរ​ មិនថា​ប្រទេស​ណា​ដូច​ប្រទេស​ណា​ទេ​ ព្រោះប្រទេស​ធំ​គេ​អាច​នឹង​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​តូច»។

គម្រោង​ «ខ្សែ​ក្រវាត់​មួយ​ ផ្លូវ​មួយ»​ ​គឺ​ជា​គំនិត​ផ្ដួចផ្ដើម​យ៉ាង​ធំ​ទូលំ​ទូលាយ​របស់​រដ្ឋាភិបាលចិន ​ដើម្បី​លើក​កម្ពស់​ការ​តភ្ជាប់​សេដ្ឋកិច្ច​ និង​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​បណ្ដា​ប្រទេស​នៅ​អាស៊ី​ អឺរ៉ុប​ និង​អាហ្វ្រិក។

គម្រោង «ខ្សែ​ក្រវាត់​មួយ​ ផ្លូវ​មួយ»​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៣។​ ​គិត​ត្រឹម​ឆ្នាំ​ ២០១៦​ ​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ក្នុង​គម្រោង​របស់​ប្រទេស​កុម្មុយនិស្ត​ចិន ​មាន​ចំនួន​ប្រមាណ ​៩០០ ​ពាន់​លាន​ដុល្លារ​អាមេរិក។​ កម្ពុជា​បាន​ចូលរួម​ក្នុង​គម្រោង​នេះ​កាល​ពី​ចុង​ឆ្នាំ ​២០១៦​ ជា​ពេល​ដែល​ប្រធានាធិបតី​ចិន​លោក​ ​ស៊ី ជិនពីង​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា។

អ្នក​វិភាគ​សេដ្ឋកិច្ច​ លោក​ គី សេរីវឌ្ឍន៍​ បាន​លើក​ឡើង​ថា ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​សេដ្ឋកិច្ច​ពី​ប្រ​ទេស​មហាអំណាច​កម្ពុជា​ត្រូវ​មាន ​«មូលដ្ឋាន​រឹងមាំ​នៅ​ក្នុង​វិស័យ​ផលិតកម្ម»​ «បង្កើត​ឲ្យ​សេដ្ឋកិច្ច​ចម្រុះ​ពណ៌​មួយ» ​និង​«ពង្រឹង​វិស័យ​អប់រំ»។

រដ្ឋា​ភិបាល​ក្រុង​ប៉េកាំង​បាន​ផ្ដោត​លើ​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ តាមរយៈ​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន ​(Belt and Road Initiative)​ និង​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនាសម្ព័ន្ធ​អាស៊ី ឬ​ ​Asian Infrastructure Investment Bank ហៅ​កាត់​ថា AIIB ដែល​ទាញ​យក​គម្រោង​ពី​បណ្ដា​ស្ថាប័ន​ហិរញ្ញប្បទាន​ពហុភាគី​គាំទ្រ​ចម្បង​ដោយ​អាមេរិក​ដូចជា ធនាគារ​ពិភព​លោក ​(World Bank) ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​(ADB)។

ប្រទេស​ចិន​ចាត់​ទុក​តំបន់​អាស៊ីអាគ្នេយ៍​ថា​ ជា​ទិសដៅ​សំខាន់​ជៀស​មិន​បាន​សម្រាប់​ការ​វិនិយោគ ពីព្រោះ​ឱកាស​វិនិយោគ​ក្នុង​ស្រុក​របស់​ខ្លួន​ចាប់ផ្ដើម​កល់​មិន​សូវ​រីក​លូតលាស់​ទៅ​មុខ​ទៀត។ ការណ៍​នេះ​ត្រូវ​បាន​បង្ហាញ​ដោយ​លំហូរ​ចូល​នៃ​ការ​វិនិយោគ​របស់​ចិន​ទៅ​កាន់​អាស៊ី​អាគ្នេយ៍​ដែល​នៅ​ឆ្នាំ ២០១៥​ មាន​ប្រហែល​ ៥,៣៦ ភាគរយ​នៃ​ចំនួន​វិនិយោគ​បរទេស​សរុប​ក្នុង​តំបន់ ​ប៉ុន្តែ​បាន​កើន​ឡើង​ទៅ​ដល់​ជិត ១០​ ភាគរយ​នៅ​ឆ្នាំ ២០១៦។​ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​ ASEAN។

យ៉ាង​ណាក្តី ​ប្រទេស​ក្រីក្រ​ជា​ច្រើន​ដែល​បាន​បង្កើត​ចំណង​ទាក់ទង​ការ​ទូត​រឹងមាំ​ជាមួយ​ប្រទេស​ចិន​បាន​ទទួល​ប្រាក់​កម្ចី​ចិន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ​ហើយ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេស​ស្រីលង្កា​ ដែល​បំណុល​មាន​កាន់​តែ​ច្រើន​ឡើង​ហើយ​ក្រោយ​មក​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​កាន់​កាប់​ទ្រព្យ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​កំពង់​ផែ​ទៅ​ឲ្យ​ចិន ឬ​ក៏​សង​បំណុល​ទាំង​នោះ​ ដោយ​បើក​ឲ្យ​ចិន​ចូល​ទាញ​យក​ធនធាន​ធម្មជាតិ​ផ្សេងៗ៕

XS
SM
MD
LG