គណបក្សកុម្មុយនិស្តដែលដឹកនាំប្រទេសចិនបានចាប់ផ្តើមសម័យប្រជុំលើកទី៤ ដែលរង់ចាំជាយូរយារណាស់មកហើយនៅសប្តាហ៍នេះជាការប្រជុំសម្ងាត់ ដែលត្រូវគេរំពឹងនឹងកំណត់គោលនយោបាយសំខាន់ៗសម្រាប់ឆ្នាំខាងមុខ និងពិភាក្សាពីវិបត្តិចាប់តាំងពីដែនដីហុងកុងដល់សង្គ្រាមពាណិជ្ជកម្ម ដែលមានអាយុកាលជិត២ឆ្នាំរបស់ចិនជាមួយសហរដ្ឋអាមេរិក។
មុនសម័យប្រជុំនោះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវដល់ប្រទេសឲ្យវិនិយោគទុនជាបន្ទាន់ក្នុងវិស័យបច្ចេកវិទ្យា ការបញ្ចូលរបៀបថ្មី ក៏ប៉ុន្តែបច្ចេកវិទ្យាBlockchain ភាគច្រើនស្ថិតនៅពីក្រោយ Bitcoin និងរូបិយបណ្ណគ្រីបតូផ្សេងទៀតនៅឡើយ។ អ្នកវិភាគខ្លះកំពុងពិនិត្យមើលឡើងវិញនូវសំណើរនោះថាជាការស្វះស្វែងយូរអង្វែងដើម្បីធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជម្លោះពាណិជ្ជកម្មជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
លោកប្រធានាធិបតីស៊ីបានត្រូវគេដកស្រង់សម្តីដែលបានប្រាប់ការិយាល័យនយោ បាយនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សកាន់អំណាចកាលពីសប្តាហ៍មុនថា៖
«យើងត្រូវតែចាត់ទុកបច្ចេកវិទ្យា Blockchain ជាការបំបែកភាពទាល់ច្រកដ៏សំខាន់មួយសម្រាប់ការបញ្ចូលរបៀបថ្មីប្រកបដោយឯករាជ្យភាពនៃបច្ចេកវិទ្យាដ៏សំខាន់របស់យើង»។
ប្រធានាធិបតីស៊ីថ្លែងទៀតថា «យើងត្រូវតែបញ្ជាក់យ៉ាងច្បាស់ពីទិសដៅដ៏សំខាន់នេះដើម្បីបង្កើនការវិនិយោគទុនផ្តោតលើបច្ចេកវិទ្យាសំខាន់ៗមួយចំនួន និងបង្កើនការអភិវឌ្ឍបច្ចេកវិទ្យា Blockchain និងការបញ្ចូលឧស្សាហកម្មរបៀបថ្មី»។ សុន្ទរកថារបស់លោកស៊ីបានបណ្តាលឲ្យ Bitcoin ឡើងថ្លៃ និងផលិតផល និងបច្ចេកវិទ្យានានាដែលទាក់ទិននឹង Blockchain៕