ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ប្រារព្ធ​ខួប​ទី ៧០ នៃ​ការ​គ្រប់គ្រង​របស់​គណបក្ស​កុម្មុយនិស្ត


លោក​ប្រធានាធិបតី​ចិន Xi Jinping (រូប​ឆ្វេង) បក់​ដៃ នៅ​ក្នុង​ក្បួន​ព្យុះហយាត្រា​យោធា​មួយ នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី៧០​នៃ​​ការ​គ្រប់គ្រង​របស់​គណបក្ស​កុម្មុយនិស្ត។
លោក​ប្រធានាធិបតី​ចិន Xi Jinping (រូប​ឆ្វេង) បក់​ដៃ នៅ​ក្នុង​ក្បួន​ព្យុះហយាត្រា​យោធា​មួយ នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី៧០​នៃ​​ការ​គ្រប់គ្រង​របស់​គណបក្ស​កុម្មុយនិស្ត។

នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​ចិន​បាន​បង្ហាញ​នូវ​អំណាច​យោធា​របស់​ខ្លួន​តាម​រយៈ​ក្បួន​ព្យុះ​ហយាត្រា​ដ៏​អធិកអធម​មួយ​នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​ទី ៧០ នៃ​ការ​គ្រប់គ្រង​ប្រទេស​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។

លោក​ប្រធានាធិបតី Xi Jinping ដែល​ស្លៀក​សម្លៀកបំពាក់​ក្នុង​ឈុត​ពណ៌​ប្រផេះ​ដូច​ស្ទីល​របស់​អតីត​មេដឹកនាំ​ចិន​លោក ម៉ៅ សេទុង បាន​ចូលរួម​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី Li Keqiang និង​មន្ត្រី​គណបក្ស​ផ្សេង​ទៀត​នៅ​ក្នុង​ពិធី​ខួប​លើក​ទី ៧០ នេះ។ នៅ​ក្នុង​ពិធី​នេះ ទាហាន​រាប់​រយ​នាក់​បាន​ដើរ​ក្បួន​ព្យុះហយាត្រា​កាត់​តាម​ទីលាន Tiananmen ដែល​ជា​ទី​កន្លែង​ដែល​លោក ម៉ៅ សេទុង ប្រកាស​អំពី​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃ​ទី ១ ខែ​តុលា ឆ្នាំ ១៩៤៩។

នៅ​ក្នុង​សុន្ទរកថា​ដែល​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ លោក Xi Jinping បាន​ប្រកាស​ថា «គ្មាន​កម្លាំង​ណា​មួយ» អាច​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​មូលដ្ឋាន​គ្រឹះ​របស់​ប្រទេស​ចិន ឬ​ក៏​អាច​បញ្ឈប់​ការ​វិវឌ្ឍ​ទៅ​មុខ​របស់​ប្រជាជន​ចិន​បាន​ទេ។

បន្ទាប់មក លោក Xi Jinping បាន​ឡើង​ជិះ​លើ​រថយន្ត limousine និង​ឈរ​ងើប​ចេញ​ពី​បង្អួច​ដំបូល​រថយន្ត នៅ​ពេល​ដែល​រថយន្ត​បើក​កាត់​តាម​ជួរ​ទាហាន និង​គ្រឿង​សព្វាវុធ​យោធា​នានា ដែល​មាន​ទាំង​រថយន្ត​សម្រាប់​បាញ់​មីស៊ីល និង​រថក្រោះ​ដឹក​ទាហាន​ផង​ដែរ។

ការ​បាញ់​កាំភ្លើង​គំនាប់ ៧០ កាណុង ជា​និមិត្តរូប​បាន​បើក​ឆាក ដើម្បី​ចាប់ផ្ដើម​ក្បួន​ព្យុហយាត្រា​មួយ ដែល​បង្ហាញ​អំពី​សមត្ថភាព​យោធា​ថ្មី​បំផុត​របស់​ប្រទេស​ចិន ដែល​ក្នុង​នោះ​មាន​ដូចជា​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​ថ្មី ដែល​អ្នក​វិភាគ​និយាយ​ថា​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​ហោះ​បាន​រាប់​ពាន់​គីឡូម៉ែត្រ​បាន។

អ្នក​រៀបចំ​កម្មវិធី​នេះ​គ្រោង​នឹង​បង្ហោះ​សត្វ​ព្រាប ៧ ម៉ឺន​ក្បាល នៅ​ពេល​ចុង​បញ្ចប់​នៃ​កម្មវិធី​នេះ ដើម្បី​ជា​និមិត្តរូប​នៃ​សន្តិភាព៕

XS
SM
MD
LG