ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​និង​ចិន​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដោយ​ផ្នែក​ដើម្បី​បញ្ចៀស​កំណើន​ពន្ធដារ


ឧប​នាយក​រដ្ឋ​មន្ត្រី​ចិន ​Liu He (កណ្ដាល) លោក Robert Lighthizer ​អ្នក​តំណាង​ពាណិជ្ជកម្ម​ស.រ.អា.​(ឆ្វេង) និង​លោក Steve Mnuchin រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ស.រ.អា.​ ជួប​គ្នា​មុន​ពេល​ប្រទេស​ទាំង​ពីរ​ជួប​ចរចា​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃ​ទី​១០ តុលា ២០១៩ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សម្រេច​ដំណាក់​ទី​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មួយ​ទាក់​ទិន​ជាមួយ​ការ​ទិញ​ផលិត​ផល​កសិកម្ម​ រូបិយបណ្ណ​ និង​ផ្នែក​ខ្លះ​នៃ​ការការពារ​កម្មសិទ្ធិ​បញ្ញា។

ប្រទេស​ចិន​នឹង​បង្កើន​ការ​ទិញ​ទំនិញ​កសិកម្ម​ស.រ.អា.​ច្រើន​ក្រាស់​ក្រែល​និង​យល់​ព្រម​ជាមួយ​វិធានការ​ខ្លះ​ខាង​កម្ម​សិទ្ធិបញ្ញា​និង​សម្បទាន​ទាក់​ទិន​ជាមួយ​សេវា​ហិរញ្ញវត្ថុ​និង​រូបិយបណ្ណ។ ជា​ថ្នូរ ស.រ.អា.នឹង​ពន្យារ​ពេល​ការ​បង្កើន​ពន្ធដារ​លើ​ទំនិញ​ចិន។

នៅ​ក្នុង​ជំនួប​មួយ​ជា​មួយ​ឧប​នាយក​រដ្ឋ​មន្ត្រី​ចិន ​Liu He ​នៅ​ក្នុង​សេត​វិមាន លោក​ ត្រាំ​ បាន​និយាយ​ថា​លោក​និង​ប្រធានាធិបតី​ចិន Xi Jinping នឹង​ចុះ​ហត្ថលេខា​លើ​ដំណាក់​ការ​ទីមួយ​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នៅ​ខាង​ក្រៅ​ការ​ប្រជុំ​នៃ​អង្គការ​កិច្ច​សហ​ប្រតិ​បត្តិការ​សេដ្ឋកិច្ច​ក្នុង​ភូមិភាគ​អាស៊ី​ប៉ាស៊ីហ្វ៊ិកក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​នៅ​ក្នុង​ប្រទេស​ឈីលី។

ជា​ផ្នែក​មួយ​នៃ​កិច្ចព្រម​ព្រៀង​នេះ ប្រទេស​ចិន​នឹង​យល់​ព្រម​ដល់​សម្បទាន​ខ្លះ​ខាង​កសិកម្ម​ហើយ​ស.រ.អា.​នឹង​បន្ធូរ​បន្ថយ​ខ្លះ​ដល់​ពន្ធដារ។

កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ដោយ​ផ្នែក​នេះ​អាច​បញ្ចៀស​ការ​បង្កើន​ពន្ធដារ​បាន។

ការ​យក​ពន្ធដារ​នៅ​ពេល​បច្ចុប្បន្ន​ចំនួន​២៥​ភាគរយ​លើ​ទំនិញ​ចិន​មាន​តម្លៃ​២៥០​ពាន់​លាន​ដុល្លារ​មាន​កំណត់​នឹង​ឡើង​ដល់​៣០​ភាគ​រយ​នៅ​ថ្ងៃ​ទី​១៥​ខែ​តុលា​ហើយ​ការ​បង្កើន​ពន្ធ​ចំនួន​១៥​ភាគរយ​ថែម​ទៀត​មាន​កំណត់​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១៥ ខែ​ធ្នូ។

លោក Steve Mnuchin រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ស.រ.អា.​បាន​និយាយថា​ លោក​ ត្រាំ​ បាន​យល់​ព្រម​មិន​ដំឡើង​ពន្ធដារ​លើ​ទំនិញ​ចិន​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា​ទេ។

ក៏​ប៉ន្តែ​លោក ​Robert Lighthizer ​អ្នក​តំណាង​ពាណិជ្ជកម្ម​ស.រ.អា.​បាន​ថ្លែង​ថា​លោក ត្រាំ​ មិន​ទាន់​បាន​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​អំពី​ការ​បង្កើន​ពន្ធដារ​ដែល​មាន​កំណត់​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ៕

XS
SM
MD
LG