ប្រធានាធិបតីចិនលោកស៊ីជីនពីងនៅថ្ងៃពុធនេះ បានជួបជាមួយលោកហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានប្រជាជននៅទីក្រុងប៉េកាំង។
លោកស៊ីជីនពីងបាននិយាយថា «ការលំបាកបង្ហាញពីមិត្តភាពពិត»។
លោកហ៊ុន សែនបានបង្ហាញការគាំទ្រជាសាធារណៈដល់ប្រទេសចិនក្នុងឱកាសជាច្រើនដែលត្រូវបានកោតសរសើរយ៉ាងខ្លាំងពីប្រទេសចិន។
លោកស៊ីជីនពីងនិយាយទៅលោកហ៊ុនសែនថា «ពេលនេះរដ្ឋាភិបាលចិន និងប្រជាជនចិនកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតដែលបណ្តាលមកពីមេរោគកូរ៉ូណា។ ក្នុងគ្រាបែបនេះប្រជាជនកម្ពុជាឈរជាមួយរដ្ឋាភិបាលចិននិងប្រជាជនចិន។ ដំណើរទស្សនកិច្ចពិសេសរបស់លោកមកប្រទេសចិនឆ្លុះបញ្ចាំងពីខ្លឹមសារនៃសហគមន៍រួមរវាងចិននិងកម្ពុជាសម្រាប់អនាគត រួមទាំងក្នុងពេលលំបាកវេទនា។ ខ្ញុំពិតជាកោតសរសើរណាស់»។
លោកស៊ីជីនពីងបានសង្កត់ធ្ងន់ថា បក្សកុម្មុយនីស្តចិននិងរដ្ឋាភិបាលមានការទទួលខុសត្រូវខ្ពស់ចំពោះប្រជាជននិងសហគមន៍អន្តរជាតិ ហើយបានចាត់វិធានការប្រុងប្រយ័ត្នខ្ពស់បំផុត។ ប្រទេសចិនមានទំនុកចិត្តនិងមានសមត្ថភាពជំនះសង្គ្រាមបង្ក្រាបជំងឺរាតត្បាតនេះ។ លោកបានមានប្រសាសន៍ថា ប្រទេសចិននឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីទប់ទល់ជំងឺ នេះប្រកបដោយប្រសិទ្ធភាព។ លោកស៊ីជីនពីងក៏បានសង្កត់ធ្ងន់ថា ប្រទេសចិនសង្ឃឹមថានឹងរក្សាការទាក់ទងកម្រិតខ្ពស់ជាមួយភាគីកម្ពុជានិងធ្វើឲ្យចំណងមិត្តភាពទ្វេភាគីឈានដល់កម្រិតថ្មី។
លោកហ៊ុនសែនមានប្រសាសន៍ថា លោកចង់បង្ហាញការគាំទ្ររបស់កម្ពុជាចំពោះរដ្ឋាភិបាលចិននិងប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺនេះ។ ប្រជាជនកម្ពុជានឹងរក្សាជំហររឹងមាំជាមួយប្រជាជនចិនជានិច្ច។
លោកហ៊ុន សែនឆ្លើយតបថា «ដំណើរទស្សនកិច្ចរបស់ខ្ញុំនៅប្រទេសចិនលើកនេះមានគោលបំណងបង្ហាញទៅកាន់ពិភពលោកថា កម្ពុជានិងចិននិងប្រជាជននៃប្រទេសទាំងពីរតែងតែនៅជាមួយគ្នា នាពេលមានការលំបាកវេទនា។ យើងចង់ផ្ញើសារទៅកាន់ពិភពលោក ជាពិសេសពលរដ្ឋកម្ពុជាថា មិនចាំបាច់ភ័យស្លន់ស្លោចំពោះការរីករាលដាលជំងឺនេះទេ។ យើងត្រូវខ្លាចការភ័យស្លន់ស្លោជាងខ្លាចការរាលដាលជំងឺនេះ»៕