ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសចិន​រិះគន់​អូស្ត្រាលី​អំពី​បម្រាម​នៃ​ការធ្វើដំណើរ


អ្នក​ដែល​ពាក់​ម៉ាស​មុខ​ដើរ​នៅ​តាម​ផ្លូវ Flinders បន្ទាប់ពី​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​ នៅ​ទីក្រុង Melbourne នៃ​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២០។
អ្នក​ដែល​ពាក់​ម៉ាស​មុខ​ដើរ​នៅ​តាម​ផ្លូវ Flinders បន្ទាប់ពី​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​ នៅ​ទីក្រុង Melbourne នៃ​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២០។

ស្ថានទូត​ចិន​នៅ​ក្នុង​ទី​ក្រុង​កង់បេរ៉ា​ ប្រទេស​អូស្ត្រាលី​បាន​រិះគន់ការ​ដាក់​បម្រាម​ធ្វើ​ដំណើរ​ចូល​ប្រទេស​អូស្ត្រាលី​ដោយ​សារ​បញ្ហា​ការ​រាលដាល​នៃ​កូរ៉ូណា​វីរុស។ បម្រាម​នេះ​ហាម​ជនបរទេស​ដែល​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន​ដីគោក​មិន​ឲ្យ​ចូល​ប្រទេស​អូស្ត្រាលី​យ៉ាង​ហោច​ណាស់​២​សប្តាហ៍។ ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ ​ម្នាក់​នៅ​រដ្ឋ​ Queensland បាន​ក្លាយ​ទៅ​ជាករណី​ទី​១៣នៃ​ការ​ឆ្លង​មេរោគកូរ៉ូណា​នេះ។ មាន​ជនជាតិ​អូស្ត្រាលី​ពីរ​នាក់​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​១០​នាក់ ​ដែល​ត្រូវ​គេ​រក​ឃើញ​ថា​មាន​កូរ៉ូណាវីរុស ខណៈ​ពួក​គេ​កំពុង​ស្ថិត​នៅ​លើ​នាវា​កម្សាន្ត Diamond Princess នៅ​ក្រុង Yokohama ប្រទេស​ជប៉ុន។

និស្សិត​ចិន​ជាង​មួយ​សែន​នាក់ (១០០.០០០) នឹង​មិន​អាច​ចាប់​ផ្តើម​ការ​សិក្សា​ក្នុង​ឆមាស​ថ្មី​របស់​ខ្លួន​នៅ​តាម​សាកលវិទ្យាល័យ​នានា​នៅក្នុង​ប្រទេស​អូស្ត្រាលី ដោយ​សារ​មាន​ការ​ដាក់​បម្រាម​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​នេះ ដើម្បី​ទប់ទល់​នឹង​ការ​រាលដាល​នៃ​មេរោគ​កូរ៉ូណាវីរុស។ និស្សិត​ទាំង​នេះ​នឹង​ខកខាន​មិន​បាន​ចូលរៀន​តាម​ថ្នាក់​ក្នុង​សប្តាហ៍​ដំបូងៗ​នៃ​ឆមាស​ថ្មី ហើយ​ត្រូវ​ធ្វើ​ការ​សិក្សា​តាម​អនឡាញ​ពី​គេហដ្ឋាន​ខ្លួន​វិញ។

ការ​ចេញ​បម្រាម​មិន​ឲ្យ​ចូល​ប្រទេស​អូស្ត្រាលី​នេះ បាន​នាំ​ឲ្យ​មាន​និស្សិត​ចិន​ប្រមាណ​៧០​នាក់​ត្រូវ​គេ​ឃាត់​ខ្លួននៅ​តាម​អាកាសយានដ្ឋាន​ប្រទេស​អូស្ត្រាលី​ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ហើយ​ទិដ្ឋការ​របស់​ពួក​គេ​ត្រូវ​បាន​លុប​ចោល។

ការ​ទទួលនិស្សិត​អន្តរជាតិ​មក​សិក្សា​ជា​វិស័យ​នាំ​ចេញ​សំខាន់​ជាង​គេ​ទី​៣​របស់​ប្រទេស​អូស្ត្រាលី ហើយ​ក្រុម​មន្ត្រីសង្ឃឹម​ថា​បម្រាម​នេះ​នឹង​ត្រូវ​គេ​ដក​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ក៏​ប៉ុន្តែ​ការ​ដក​បម្រាម​ធ្វើ​ដំណើរ​នេះ​ នឹង​អាស្រ័យ​លើ​ពេល​ណាគេ​អាច​បន្ថយនិង​បញ្ឈប់ការ​រាលដាល​នៃ​មេរោគ​កូរ៉ូណាវីរុស​នៅ​ជុំវិញ​ពិភពលោក៕

XS
SM
MD
LG