យោងលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នៅថ្ងៃទី៤ ខែកុម្ភៈនេះ លោកបញ្ជាក់ម្តងទៀតថា លោកនឹងទៅសួរសុខទុក្ខក្រុមនិស្សិតខ្មែរនៅក្រុងវូហាន នៅថ្ងៃទី៥ខែកុម្ភៈស្អែកនេះ ហើយលោកកំពុងរង់ចាំការបញ្ជាក់ និងសម្រេចពីភាគីចិនថា នឹងអនុញ្ញាតឲ្យលោកទៅក្រុងនោះឬយ៉ាងណា។
រហូតមកដល់ពេលនេះ គ្មានករណីនៃការឆ្លងកូរ៉ូណាវីរុសក្នុងចំណោមពលរដ្ឋខ្មែរដែលស្ថិតនៅប្រទេសចិននោះទេ។ នេះជាការថ្លែងបញ្ជាក់របស់ក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា។
ការថ្លែងបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជាធ្វើឡើង នៅថ្ងៃតែមួយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបសហគមន៍ខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង ទីដែលលោកបានលើកឡើងម្តងទៀតថា លោកមិនអនុញ្ញាតឲ្យមានការបិទជើងហោះហើរពីប្រទេសចិន ហើយក៏គ្មានការជម្លៀសក្រុមនិស្សិតខ្មែរចេញពីក្រុងវូហាន នៃខេត្តហ៊ូប៉ីប្រទេសចិននោះដែរ។
នៅក្នុងសេចក្តីប្រកាសមួយចេញផ្សាយកាលពីយប់ថ្ងៃច័ន្ទនេះ ក្រសួងការបរទេសបានសរសេរក្នុងន័យដើមថា៖«មកដល់បច្ចុប្បន្ននេះ ពុំមានករណីឆ្លងវីរុសនេះលើពលរដ្ឋខ្មែរទេ»។
ក្រសួងការបរទេសកម្ពុជាបានអះអាងថា ខ្លួនបានទទួលការបញ្ជាក់ប្រកបដោយភាពកក់ក្តៅដែលថា សាកលវិទ្យាល័យចិនបានឧបត្ថម្ភស្បៀង និងសម្ភារៈចាំបាច់នានាដល់និស្សិត ហើយបានសំណូមពរឲ្យអនុវត្ត និងគោរពតាមវិធានការបង្ការនិងទប់ស្កាត់ដែលអាជ្ញាធរចិនបានដាក់ចេញ ដើម្បីធានានូវសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួនផងនិងសាធារណៈផង។
មកដល់ពេលនេះ កូរ៉ូណាវីរុសថ្មី (2019-nCoV) បានសម្លាប់មនុស្សចំនួនប្រមាណជាង ៤០០ នាក់ ហើយអ្នកដែលឆ្លងវីរុសនេះ មានចំនួនជាង២ម៉ឺននាក់ ខណៈដែលមេរោគនេះបានឆ្លងរាលដាលហួសពីប្រទេសចិនទៅដល់ជិត៣០ប្រទេស។
អង្គការសុខភាពពិភពលោកប្រកាសថា កូរ៉ូណាវីរុសថ្មីនេះជាបញ្ហាអាសន្នរបស់ពិភពលោកនិងក្រើនរំឭកឲ្យប្រទេសនានាចាត់វិធានការក្នុងស្រុករៀងៗខ្លួន ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគនេះ។
ខណៈនៅប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមការប្រជុំកំពូលពិភពលោកឆ្នាំ២០២០ និងការប្រជុំផ្សេងទៀតលោក ហ៊ុន សែន បាននិយាយថាលោកគ្រោងធ្វើដំណើរទៅកាន់ក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ដែលជាកន្លែងផ្ទុះការឆ្លងរាលដាលកូរ៉ូណាវីរុសដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅទីនោះ។
ក្នុងជំនួបជាមួយពលរដ្ឋខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង លោក ហ៊ុន សែន មានប្រសាសន៍វាយបកទៅអ្នកចំអកលោកថា ឲ្យលោកធ្វើដំណើរទៅកាន់ក្រុងវូហាន ប្រសិនបើលោកយកចិត្តទុកដាក់ស្ថានភាពរបស់ពលរដ្ឋខ្មែរនៅទីនោះ។ លោក ហ៊ុន សែន អះអាងក្នុងជំនួបថ្ងៃទី៣ ខែកុម្ភៈថា លោកនឹងទៅក្រុងវូហាន បើមានការអនុញ្ញាតពីរដ្ឋាភិបាលប្រទេសចិន។
«អ៊ីចឹងទេ មានអាអ្នកចូលមកឌឺថា សុំឲ្យលោកហ៊ុន សែន ដែលយកចិត្តទុកដាក់ប្រជាជនគ្រប់ទីកន្លែង ទៅសួរសុខទុក្ខប្រជាជនខ្មែរនៅក្រុងវូហាន ប្រទេសចិន សុំឆ្លើយទៅវិញ ហ៊ុន សែននឹងទៅ ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត»។
លោក ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាងបីទសវត្សរ៍មកនោះបានបញ្ជាក់ជាថ្មីទៀតថា លោកនឹងមិនអនុញ្ញាតឲ្យមានការបិទជើងហោះហើរមកពីប្រទេសចិន ចូលកម្ពុជានោះទេ ហើយលោកក៏គ្មានផែនការជម្លៀសក្រុមនិស្សិតខ្មែរពីក្រុងវូហាននោះដែរ ខណៈដែលចិនកំពុងចាត់វិធានការព្យាបាលនិងការពារការឆ្លងកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមចេញពីទីក្រុងដដែលនោះ។ ទោះយ៉ាងណា លោកថា លោកមិនបានបិទសិទ្ធិនិស្សិតទាំងនោះមិនឲ្យធ្វើដំណើរមកកាន់កម្ពុជាទេ។
«ប៉ុន្តែសួរថា សុវត្ថិភាពដល់ណា ពេលដែលក្មួយៗចាកចេញទៅ ហើយបើជំងឺឆ្លងនេះទៅដល់ស្រុកខ្មែរ វាជាការនាំជំងឺពីប្រទេសចិនចូលស្រុកខ្មែរ ដោយនិស្សិតខ្មែរខ្លួនឯង យល់ទេអាហ្នឹង អាអ្នកមិនយល់»។
លោកនាយករដ្ឋមន្ត្រីបានថ្លែងបន្ថែមថា៖«នៅក្នុងពេលដែលចិនគេកំពុងគ្រប់គ្រងបាននូវសភាពការណ៍របស់គេនិងថែទាំនិស្សិតរបស់យើងបាន បែរជានិស្សិតយើង នាំជំងឺចូលទៅកាន់ប្រទេសខ្មែរហើយ រួចហើយរកវ៉ាក់សាំងការពារមិនបានទៀត ត្រូវស្លាប់ខ្លួនឯងនៅស្រុកខ្មែរ ខ្ញុំគិតថា អ្នកដែលប្រឆំាង គួរតែត្រូវបានគិតពិចារណាឲ្យបានដិតដល់មុននឹងលើកយោបល់ប្រឆាំង»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានមានប្រសាសន៍ថា ក្រសួងនឹងចេញសេចក្តីប្រកាសផ្លូវការមួយ ដើម្បីបញ្ជាក់ថាតើភាគីចិននឹងផ្តល់ភ្លើងខៀវដល់លោកនាយករដ្ឋមន្ត្រីឲ្យធ្វើដំណើរទៅកាន់ទីក្រុងវូហានបានឬយ៉ាងណានោះ នៅថ្ងៃអង្គារនេះ។
«សូមរង់ចាំព័ត៌មាន បើសិនជា ករណីហ្នឹង ច្បាស់លាស់អស់ហើយ ក្រសួងការបរទេសនឹងធ្វើសេចក្តីជូនព័ត៌មានជាផ្លូវការ នៅក្នុងថ្ងៃនេះតែម្តងបាទ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់ VOA នៅថ្ងៃអង្គារនេះថា សាធារណៈជនទូទៅនៅប្រទេសកម្ពុជានឹងកើតចម្ងល់អំពីប្រព័ន្ធសុខាភិបាលកម្ពុជា ក្នុងការឆ្លើយតបកូរ៉ូណាវីរុស នៅគ្រាដែលកម្ពុជាមិនអាចបញ្ជូនពលរដ្ឋខ្លួនចេញពីតំបន់វូហានបាន តែប្រទេសផ្សេងទៀត បែរជាខិតខំដឹកបញ្ជូនពលរដ្ឋខ្លួនចេញពីតំបន់ឆ្លងវីរុសកូរ៉ូណានោះ។
«ការលើកឡើងទាំងអស់នេះហើយ ដែលធ្វើឲ្យពលរដ្ឋឬក៏សាធារណជនមានការ មន្ទិលសង្ស័យអំពី ប្រព័ន្ធការពារ ឬក៏ត្រួតពិនិត្យ ពិនិត្យរកមេរោគអីទាំងអស់ហ្នឹងឯងដែលជាបញ្ហា គេនៅមិនទាន់ឃើញជឿជាក់ទៅលើប្រព័ន្ធសុខាភិបាលយើងដោយសារតែ ការលើកឡើងរបស់រដ្ឋាភិបាលបែបហ្នឹងបាទ»។
រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា មាននិសិ្សតខ្មែរ២៣នាក់កំពុងស្ថិតនៅក្នុងទីក្រុងវូហាន ខណៈនិស្សិត៨០នាក់ផ្សេងទៀត បានត្រឡប់មកប្រទេសកម្ពុជា ក្នុងអំឡុងនៃបុណ្យចូលឆ្នាំប្រពៃណីចិន៕