ថ្វីបើការរកឃើញមេរោគកូរ៉ូណាកើនឡើងនៅក្នុងប្រទេសមួយចំនួនក៏ដោយ អង្គការសុខភាពពិភពលោក (WHO) ប្រាប់ឲ្យដឹងថា ការផ្ទុះឡើងនូវមេរោគកូរ៉ូណាថ្មីមិនទាន់ដល់កម្រិតរាលដាលទេ។
លោកស្រីវេជ្ជបណ្ឌិត Sylvie Briand នាយកនៃជំងឺឆ្លងរបស់អង្គការសុខភាពពិភពលោកបានប្រាប់ពួកអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារថា ការផ្ទុះឡើងនូវជំងឺនោះស្ថិតនៅក្នុងដំណាក់ការជាបន្តបន្ទាប់ «ដែលវាមានច្រើនមុខព្រួញ»។
រហូតមកដល់ថ្ងៃអង្គារ មនុស្សយ៉ាងហោចណាស់ ៤២៥នាក់ភាគច្រើននៅក្នុងប្រទេសចិនដីគោកបានស្លាប់ដោយសារមេរោគកូរ៉ូណាចាប់តាំងពីមេរោគនោះបានត្រូវគេរកឃើញមុនដំបូងកាលពីខែធ្នូនៅទីក្រុងវូហានភាគកណ្តាល ដោយមានចំនួនមនុស្សឆ្លងលើសពី២ម៉ឺននាក់។ មានករណីនៃជំងឺនោះប្រហែល១៥០ នៅក្នុងប្រទេស២៣ រួមមានការស្លាប់ម្នាក់នៅក្នុងប្រទេសហ្វីលីពីន ដែលជាការស្លាប់លើកដំបូងនៅក្រៅប្រទេសចិនដីគោក។
ការរាលដាលនៃមេរោគនោះត្រូវគេរកឃើញនៅក្នុងកប៉ាល់ដឹកអ្នកដំណើរកំសាន្ត។ អ្នកដំណើរនិងនាវិកជាង៣ពាន់នាក់នៅកប៉ាល់ដឹកអ្នកដំណើរកំសាន្តមួយគ្រឿង បានចតនៅផ្ទៃទឹកកំពង់ផែ Yokohama នៃប្រទេសជប៉ុនបានត្រូវគេដាក់ឲ្យនៅដាច់ពីគេ បន្ទាប់ពីអ្នកដំណើរម្នាក់បានធ្វើតេស្តមានមេរោគនោះ។ អ្នកប្រតិបត្តិការកប៉ាល់ដឹកអ្នកដំណើរ Carnival របស់ជប៉ុននិយាយថា អ្នកដំណើរនោះជាបុរសដែលមានអាយុ៨០ឆ្នាំដែលបានចុះពីកប៉ាល់ដឹកអ្នកដំណើរកំសាន្តឈ្មោះ Diamond Princess កាលពីថ្ងៃទី២៥ ខែមករា បន្ទាប់ពីកប៉ាល់នោះបានចតនៅក្នុងទីក្រុងហុងកុង។ ការចេញដំណើររបស់កប៉ាល់នោះបានត្រូវពន្យាពេលនៅពេលដែលបុគ្គលិកសុខាភិបាលបានធ្វើតេស្តអ្នកដំណើរទាំងអស់ចំនួន២ពាន់ ៦រយ ៦៦នាក់ហើយអ្នកបើកបរនិងអ្នកធ្វើការនៅកប៉ាល់នោះចំនួន១ពាន់៤៥នាក់។
ក្នុងខណៈនោះដែរ បុគ្គលិកសុខាភិបាលក្នុងក្រុងហុងកុងបានធ្វើកូដកម្ម២ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃអង្គារនៅពេលដែលដែនដីរបស់ចិនដីគោកនោះរាយការណ៍ពីការស្លាប់លើកទី១មកពីមេរោគកូរ៉ូណានេះ។
ក្រុងហុងកុងបានបិទចំណុចឆ្លងកាត់ព្រំដែនដីគោកនិងសមុទ្រស្ទើរតែទាំងអស់ជា មួយចិនដីគោកកាលពីពាក់កណ្តាលយប់ថ្ងៃអង្គារបន្ទាប់ពីបុគ្គលិកសុខាភិបាលជាង២ពាន់នាក់បានដើរចេញពីការងារកាលពីថ្ងៃច័ន្ទទាមទារឲ្យបិទចំណុចឆ្លងកាត់ព្រំដែនទាំងអស់៕