ប្រធានាធិបតីស៊ី ជីងពីងនៃប្រទេសចិន ដែលចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះនិយាយថា រដ្ឋាភិបាលរបស់លោកបានគិតគូរយ៉ាងខ្លាំងពីសន្តិសុខតាមប្រព័ន្ធកុំព្យូទ័រ ហើយពួកឧក្រិដ្ឋជនលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រ រួមមាន ពួកអ្នកលួចឯកសារសម្ងាត់ពាណិជ្ជកម្មនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរស្របទៅតាមច្បាប់ និងអនុសញ្ញាអន្តរជាតិ។
នៅក្នុងអត្ថាធិប្បាយលាយលក្ខណ៍អក្សរនៅព្រឹកអង្គារនេះនៅក្នុងការឆ្លើយតបទៅនឹងសំណួរមកពីកាសែត Wall Street Journal លោកប្រធានាធិបតីស៊ីនិយាយថា ចិនក៏ជាជនរងគ្រោះនៃការលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រ ហើយបានបដិសេធពីតួនាទីរបស់រដ្ឋាភិបាលនៅក្នុងការលួចទិន្នន័យពាណិជ្ជកម្មនេះ។
លោកស៊ីបានសរសេរថា «រដ្ឋាភិបាលចិនមិនបានទាក់ទិននឹងការលួចឯកសារសម្ងាត់ពាណិជ្ជកម្មក្នុងទម្រង់ណាមួយ ឬលើកទឹកចិត្ត ឬគាំទ្រក្រុមហ៊ុនចិនឲ្យពាក់ព័ន្ធក្នុងសកម្មភាពបែបនេះក្នុងវិធីណាមួយទេ»។
នៅថ្ងៃច័ន្ទម្សិលមិញ លោកស្រី Susan Riceទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានព្រមានចិនថា ចារកម្មលួចឯកសារសម្ងាត់ដែលរៀបចំដោយរដ្ឋាភិបាលទីក្រុងប៉េកាំងជាការរារាំងដ៏ខ្លាំងដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ហើយលោកស្រីបានមានប្រសាសន៍ទៀតថា ចារកម្មបែបនេះត្រូវតែឈប់។
ប្រធានាធិបតីស៊ីបានប្រាប់កាសែត Wall Street Journal ថា លោកបានប្រុងប្រៀបខ្លួនជាស្រេចហើយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើបញ្ហាឧក្រិដ្ឋកម្មតាមប្រព័ន្ធកុំព្យូទ័រនេះ។
លោក ក៏បានពិភាក្សាប្រជុំកោះមានជម្លោះក្នុងសមុទ្រចិនខាងត្បូងដែលគេស្គាល់នៅក្នុងប្រទេសចិនថា កោះណាន់សា ហើយប្រទេសផ្សេងទៀតហៅថា ប្រជុំកោះ Spratly។
លោកស៊ីបានអះអាងថា ប្រជុំកោះដែលទាមទារមួយផ្នែកដោយប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប៊្រុយណេ និងកោះតៃវ៉ាន់ ជាទឹកដីរបស់ចិនតាំងពីសម័យបុរាណមក៕