ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​រងគ្រោះ​៥នាក់​ទៀត​ត្រូវ​បាន​ជួយសង្គ្រោះនៅ​ប្រទេស​ចិន


រូបភាពឯកសារ៖ ខ្សែ​ភាពយន្ត​ឯកសារ​«‍តម្លៃ​កូន​ក្រមុំ»​បង្ហាញ​ពី​ការ​ជួញដូរ​មនុស្ស ដែល​ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​បាន​បោកប្រាស់​ឲ្យ​រៀបការ​ជាមួយ​នឹង​បុរស​ជនជាតិ​ចិន​ម្នាក់ ហើយ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ដូច​ទាសករ​នៅ​ប្រទេស​ចិន។
រូបភាពឯកសារ៖ ខ្សែ​ភាពយន្ត​ឯកសារ​«‍តម្លៃ​កូន​ក្រមុំ»​បង្ហាញ​ពី​ការ​ជួញដូរ​មនុស្ស ដែល​ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​បាន​បោកប្រាស់​ឲ្យ​រៀបការ​ជាមួយ​នឹង​បុរស​ជនជាតិ​ចិន​ម្នាក់ ហើយ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ដូច​ទាសករ​នៅ​ប្រទេស​ចិន។

ស្ដ្រី​រងគ្រោះ​ចំនួន​៥នាក់​ដែល​ត្រូវ​បាន​មេខ្យល់​លួងលោម​បោក​បញ្ឆោត​នាំ​យក​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិនត្រូវ​បាន​ជួយ​សង្គ្រោះ​ហើយ​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅថ្ងៃ​សុក្រ​ស្អែក។

ស្ដ្រី​រងគ្រោះ​ចំនួន​៥នាក់​ដែល​ត្រូវ​បាន​មេខ្យល់​លួងលោម​បោក​បញ្ឆោត​នាំ​យក​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ហើយ​ត្រូវ​បានប្តី​ធ្វើបាប​នោះ ត្រូវ​បាន​ជួយ​សង្គ្រោះ​ហើយ​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅថ្ងៃ​សុក្រ​ស្អែក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​កម្ពុជា។​

ក្នុង​ចំណោម​ស្ត្រី​ទាំង​៥នាក់​នោះ មាន​បីនាក់​មក​ពី​ខេត្ត​កំពង់ចាម និង​ពីរនាក់​មក​ពី​ខេត្ត​កណ្តាល។​

លោក​ ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖

«ករណី​ស្ដ្រី​ខ្មែរ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន និង​ត្រូវ​បាន​ប្តី​វាយ​ធ្វើ​បាប ហើយ​ស្ថានទូត និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា អន្តរាគមន៍​ជួយ​សង្រ្គោះ​ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ​បាន​កើតឡើង​សឹងតែ​ជា​រៀង​រាល់​ថ្ងៃ‍»។

កាលពី​សប្តាហ៍​មុន​អាជ្ញាធរ​កម្ពុជា​ក៏​ចាប់​បាន​បុរស​ជនជាតិ​ចិន​ចំនួន​បីនាក់ ដែល​ជា​អ្នក​រៀបចំ​ជួញដូរ​ស្ត្រី​ខ្មែរ​យក​ទៅ​រៀបការ​នៅ​ប្រទេស​ចិន។ មន្ត្រី​ប៉ូលិស​កម្ពុជា​ក៏​ឱ្យ​ដឹង​ដែរ​ថា ស្ត្រី​រងគ្រោះ​ទាំង​នោះ​ខ្លះ​ត្រូវ​គេ​លក់​ដូរ​ក្នុង​តម្លៃ​រហូត​ដល់​១០.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក ជុំ សុន្ទរី បាន​បន្ថែម​ទៀតថា អ្នក​ដែល​មាន​បំណង​រៀបការ​ទៅ​ប្រទេស​ចិន​

«‍ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​លួងលោម ភូត​កុហក ឆបោក អូសទាញ បញ្ចុះបញ្ចូល​របស់​មេ​ខ្យល់ ដែល​មាន​គំនិត​ទុច្ចរិត​ទាំង​នោះ»។

លោក​បាន​បន្ថែម​ថា ក្រសួង​ការបរទេស​ក៏ធ្លាប់​បាន​អញ្ជើញ​សាម៉ី​ខ្លួន​ដែល​បាន​ដាក់​ពាក្យ​សុំ​ច្បាប់​អនុញ្ញាត​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​មកប្រាប់​ពី​ហានិភ័យ ដែល​បាន​ និង​កំពុង​កើត​មាន​ចំពោះស្ដ្រីខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន ដើម្បី​ពួកគេ​បាន​ដឹង​ក្នុង​គោល​បំណង​ឱ្យ​ធ្វើការ​ត្រិះ​រិះ​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់ ប៉ុន្តែ​ពួកគេ​ហាក់​ដូច​ជា​មិន​យក​ចិត្ត​ទុក​ដាក់៕

XS
SM
MD
LG