ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​នៅ​តែ​ប្រុង​ប្រយ័ត្ន​ទោះ​សុន្ទរកថា​របស់​ប្រធានាធិបតី​ចិន​ផ្តោត​លើ​សន្តិភាព


រូប​របស់​ប្រធានាធិបតី​ចិន​ Xi Jinping ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​លើ​ផ្ទាំង​ដ៏​ធំ​មួយ​ ខណៈ​ដែល​រថក្រោះ​ប្រភេទ ៩៩A២ របស់​ចិន​រត់​លើ​ផ្លូវ​ ក្នុង​ក្បួន​យោធា​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ ដែល​ជា​ក្បួន​ដើម្បី​អបអរ​សាទរ​ខួប​ទី៧០​ឆ្នាំ​នៃ​ការ​សុំ​ចុះ​ចាញ់​របស់​ជប៉ុន​ក្នុង​សង្រ្គាម​លោក​លើក​ទី២។
រូប​របស់​ប្រធានាធិបតី​ចិន​ Xi Jinping ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​លើ​ផ្ទាំង​ដ៏​ធំ​មួយ​ ខណៈ​ដែល​រថក្រោះ​ប្រភេទ ៩៩A២ របស់​ចិន​រត់​លើ​ផ្លូវ​ ក្នុង​ក្បួន​យោធា​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ ដែល​ជា​ក្បួន​ដើម្បី​អបអរ​សាទរ​ខួប​ទី៧០​ឆ្នាំ​នៃ​ការ​សុំ​ចុះ​ចាញ់​របស់​ជប៉ុន​ក្នុង​សង្រ្គាម​លោក​លើក​ទី២។

ក្នុង​សប្តាហ៍​នេះ​ប្រធានាធិបតី​ចិន​លោក​ Xi Jinping បាន​អះអាង​ថា​ ប្រទេស​ចិន​នឹង​មិន​ស្វែង​រក​ការ​បង្កើត​អនុត្តរភាព ឬ​ព្យាយាម​ពង្រីក​ទឹក​ដី​ឡើយ។ ប៉ុន្តែ​ប្រទេស​ជិត​ខាង​ចិន​គិត​ថា​ចិន​កំពុង​ពង្រីក​ទឹក​ដី​របស់​ខ្លួន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក​ Charles Jose​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ហ្វីលីពីន​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​ម៉ានីល​សង្ឃឹម​ថា៖ «នឹង​ឃើញ​ពី​ការ​រួម​តូច​នៃគម្លាត​ពាក្យ​សម្តី​របស់​រដ្ឋាភិបាល​ចិន ​និង​ស្ថានភាព​ជាក់​ស្តែង»។

លោក​ Charles Jose​ ចង់​សំដៅ​លើ​ជម្លោះ​ដ៏​ផុសផុល​លើ​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង។ កាល​ពី​មួយ​ឆ្នាំ​កន្លះ​មុន ចិន​បាន​សង់​សំណង់​លើ​កោះ​តូចៗ​យ៉ាង​តិច​ចំនួន​ប្រាំពីរ​ដែល​វៀតណាម និង​ហ្វីលីពីន​សុទ្ធ​តែ​បាន​ទាម​ទារ។ របាយការណ៍​ចុង​ក្រោយ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​អះអាង​ថា ការ​ពង្រីក​កោះ​ថ្មី​របស់​ចិន​នេះ​មាន​ទំហំ​ជិត​ដល់​១.២០០​ហិកតា ហើយ​យ៉ាង​ហោច​ណាស់​មាន​កោះ​មួយ​ក្នុង​ចំណោម​កោះ​ទាំង​អស់​នោះ​អាច​ឲ្យ​នាវា​ចម្បាំង​និង​យន្តហោះ​ចម្បាំង​ចូល​ចត​បាន។

ក្រោយ​ពី​មាន​ការ​បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយជម្លោះ​ទ្វេភាគី​អស់​ជា​ច្រើន​ឆ្នាំ ហ្វីលីពីន​បាន​យក​សំណុំ​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ចិន​ទាមទារ​យក​ដែន​ទឹក​ជិត​ដល់​៩០​ភាគ​រយ​ ទៅ​កាន់​តុលាការ​អចិន្ត្រៃយ៍​នៃ​មជ្ឈត្តការ​ (Permanent Court of Arbitration)។

លោក​ Jose បាន​លើក​ឡើង​ថា៖ «ចិន​បាន​កំណត់​លក្ខខណ្ឌ​ដែល​មិន​អាច​ទៅ​រួច​ទុក​ជា​មុន​សម្រាប់​ការ​ចរចា និង​ការ​ពិគ្រោះ​យោបល់​ទ្វេភាគី ដោយ​ចិន​ចង់​ឲ្យ​យើង​ទទួល​ស្គាល់​អធិបតេយ្យ​របស់​ចិន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​ប្រកែក​មិន​បាន។ ​នេះ​ជា​រឿង​ដែល​យើង​មិន​អាច​ទទួល​យក​បាន​ទាល់​តែ​សោះ។

ប្រធានាធិបតី​ចិន Xi Jinping​ ថ្លែង​ក្នុង​សុន្ទរកថា​ព្យុហយាត្រា​យោធា​កាល​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ដើម្បី​ជា​ប្រយោជន៍​នៃ​សន្តិភាព ចិន​នឹង​នៅ​តែ​ប្តេជ្ញា​បន្ត​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សន្តិភាព។ យើង​ជា​ប្រជាជន​ចិន​ស្រលាញ់​សន្តិភាព។ ហើយ​ទោះ​បី ​អំណាច​របស់​ចិន​កាន់​តែ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ក៏​ចិន​នឹង​មិន​ស្វះស្វែង​បង្កើត​អនុត្តរភាព ឬ​ពង្រីក​ទឹក​ដី​របស់​ខ្លួន​ឡើយ»។

លោក Euan Graham នាយក​ផ្នែក​សន្តិសុខ​អន្តរជាតិ​នៃ​វិទ្យាស្ថាន​គោល​នយោបាយ​អន្តរជាតិ Lowy ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ីដនី​បាន​លើក​ឡើង​ថា លោក​ Xi Jinping​ បាន​និយាយ «រឿង​រ៉ាវ​ត្រឹម​ត្រូវ​ជាច្រើន»។

លោក​បន្ត​ថា៖ «ប៉ុន្តែ​វា​ច្បាស់​ត្រង់​ថា​ក្បួន​យោធា​នោះ វា​ដូច​ជា​មាន​លក្ខណៈ​ស្វែង​រក​រឿង​ឈ្លោះ​ប្រកែក​គ្នា​ច្រើន​ជាង បើ​យើង​មើល​ទៅ​លើ​រាល់​សព្វាវុធ​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ថ្ងៃ​នោះ។ ហើយ​ខ្ញុំ​គិត​ថា​ ទង្វើ​នេះ​បាន​បញ្ជូន​សារ​មួយ​ដែល​មាន​លក្ខណៈ​ផ្ទុយ​គ្នា​យ៉ាង​ខ្លាំង»។

វីដេអូ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​បង្ហាញ​កាំជ្រួច​មីស៊ីល​បាញ់​បំផ្លោង​ដែល​មាន​សមត្ថភាព​ផ្សេងៗ​គ្នា​ជា​ច្រើន​ជួរ​ និង​បន្ត​កន្ទុយ​គ្នា​រួម​ជាមួយ​មីស៊ីល​ប្រឆាំង​នាវា​ដែល​អាច​កម្ទេច​ក្រុម​នាវា​ពិឃាត​អាមេរិក​បាន​ផង​ដែរ។

ក្រៅ​ពី​ប្រទេស​ហ្វីលីពីន និង​វៀតណាម មាន​ប្រទេស​ព្រុយណេ​ ម៉ាឡេស៊ី​ និង​តៃវ៉ាន់​ក៏​បាន​ទាមទារ​តំបន់​ត្រួត​គ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​ផង​ដែរ​ ដោយ​សារ​តែ​វា​ជា​តំបន់​សម្បូរ​ធនធាន​ និង​ជា​ផ្លូវ​នាវាចរ​ដ៏​មមាញឹក​បំផុត​មួយ៕

ប្រែ​សម្រួល​ដោយ សៅ ផលនិស្ស័យ

XS
SM
MD
LG