ប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ប្រទេសរបស់លោក បានសម្រេចបាននូវ«អព្ភូតហេតុមនុស្សជាតិ» ក្នុងការលុបបំបាត់ភាពក្រីក្រតោកយ៉ាក ទោះបីជាគេនៅតែមានមន្ទិលសង្ស័យជុំវិញលក្ខណៈវិនិច្ឆ័យរបស់រដ្ឋាភិបាលចិនសម្រាប់ការអះអាងបែបនេះក៏ដោយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
នៅក្នុងពិធីអឹកធឹកមួយក្នុងទីក្រុងប៉េកាំង លោក Xi បានបំពាក់មេដាយឲ្យមន្ត្រីមកពីសហគមន៍ជនបទនានា ដែលអ្នកខ្លះស្លៀកសម្លៀកបំពាក់ប្រពៃណីជាតិសាសន៍ភាគតិច។
លោក Xi បានសន្យាថា នឹងចែករំលែក«បទពិសោធន៍របស់ប្រទេសចិន» ជាមួយនឹងប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត។
លោក Xi បាននិយាយដូច្នេះថា៖ «គ្មានប្រទេសណាមួយដែលអាចធ្វើឲ្យប្រជាជនរាប់រយលាននាក់ចេញផុតពីភាពក្រីក្រក្នុងរយ:ពេលដ៏ខ្លីដូចនេះទេ។ អព្ភូតហេតុមនុស្សជាតិ ត្រូវបានបង្កើតឡើងក្នុងប្រវត្តិសាស្ត្រ»។
ប្រទេសចិនបានអះអាងកាលពីឆ្នាំមុនថា ខ្លួនបានសម្រេចបាននូវគោលដៅដ៏វែងឆ្ងាយរបស់ខ្លួនក្នុងការលើកស្ទួយ [ជីវភាព] របស់ប្រជាជនទំាងអស់ឲ្យរួចផុតពីភាពក្រក្រី ដោយរកចំណូលប្រចាំថ្ងៃបានលើសពី ២,៣០ ដុល្លារអាមេរិក ដែលជាចំនួនកំណត់នៃបន្ទាត់ភាពក្រីក្រ។
ចំនួននេះ ខ្ពស់ជាងបន្ទាត់ភាពក្រីក្រដែលធនាគារពិភពលោកបានកំណត់ត្រឹម ១,៩០ ដុល្លារ ប៉ុន្តែទាបជាងបន្ទាត់ភាពក្រីក្រដែលកំណត់សម្រាប់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់៕