ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ចិន ជិត​នាំ​មុខ​អាមេរិក​ជា​អ្នកផ្គត់ផ្គង់​ថាមពល​នុយក្លេអ៊ែរ​ឈាន​មុខគេ


រូបឯកសារ៖ ​អេរ៉ាក់ទ័រ​នុយក្លេអ៊ែរ​ពិសោធន៍ Tokamak (EAST) មាន​ទង់ជាតិ​ចិន​ដោត​ពី​លើ នៅ​ក្នុង​ទីក្រុង Hefei ខេត្ត Anhui នៃ​ប្រទេសចិន កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រុម​អ្នក​ជំនាញ​និយាយ​ថា ចិន​កំពុងជិត​ជំនួស​តំណែង​សហរដ្ឋអាមេរិក​ជា​ប្រទេស​ឈាន​មុខ​គេ​នៅ​លើ​សាកលលោក​នៅ​ក្នុង​ផ្នែក​ផលិត​និង​លក់​ថាមពលអគ្គិសនី​ផលិត​ពី​នុយក្លេអ៊ែរ ដែល​ជា​មាគ៌ា​មួយ​ជំរុញ​ឲ្យ​ចិនក្លាយ​ជា​ប្រទេស​មហាអំណាច​ផ្នែក​សេដ្ឋកិច្ច​និង​ការ​ទូតនាំ​មុខ​គេ​នៅ​លើ​ពិភពលោក។

ការ​សិក្សា​នា​ពេល​ថ្មីៗ​ចុះ​ផ្សាយ​នៅ​ក្នុង​របាយការណ៍ Strategic Studies Quarterly ដែល​ឧបត្ថម្ភដោយ​យោធា​ជើង​អាកាស​អាមេរិក​បាន​រក​ឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ២០០០​មក រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន ៩៦ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ប្រទេស​ចំនួន ១៣។ នៅ​ក្នុង​ចំណោម​រ៉េអាក់ទ័រ​ទាំង​នេះ​ រ៉េអាក់ទ័រ​ចំនួន៤៥​ត្រូវ​បាន​ផលិតឡើង​នៅ​ប្រទេស​ចិន និង​ ១២​នៅ​ប្រទេស​រុស្ស៊ី។

របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ថា រ៉េអាក់ទ័រ​ចំនួន ៥៤​ កំពុង​ត្រូវ​បាន​សាងសង់នៅ​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​ជុំវិញ​ពិភពលោក ដែល​ក្នុង​នោះ​ រ៉េអាក់ទ័រ​ចំនួន២០​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ឬ​រុស្ស៊ី ហើយ​រ៉េអាក់ទ័រ​ចំនួន ១២ ត្រូវ​បាន​រចនា​ឡើង​ដោយ​ប្រទេស​ចិន។

ដោយត្រូវ​បាន​ចាត់ទុក​ជា​ប្រភព​ថាមពលដ៏​ស្មុគស្មាញ​ជាង​គេ​បំផុត​មួយ ថាមពល​នុយក្លេអ៊ែរ​កំពុង​បាត់បង់​ប្រជាប្រិយភាព​នៅ​សហរដ្ឋអាមេរិក​ ទោះបី​ជា​តម្រូវ​ការ​កំពុង​តែ​កើន​ឡើង​នៅ​បណ្តា​ប្រទេស​ដទៃ​ទៀត​ក៏​ដោយ ជាពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​រីកចម្រើន​ ដែល​មាន​សេដ្ឋកិច្ច និង​តម្រូវការ​អគ្គិសនី​កើន​ឡើង​ខ្លាំង។

ដោយ​ចាត់​ទុក​ជា​ប្រភព​ថាមពល​ដែល​មិន​បង្ក​ការ​បំពុល និង​បង្ក​ការ​ប៉ះពាល់​ដល់​បរិស្ថាន ថាមពល​នុយក្លេអ៊ែរ​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​ចំនួន និង​គម្រោងរបស់​រដ្ឋាភិបាល​ចំពោះ​ការ​មិន​បញ្ចេញ​ការ​បំពុល​ទៅ​ក្នុង​បរិស្ថាន។​ ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ​បាន​ព្យាករណ៍​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​ថា សមត្ថភាព​ផលិត​ថាមពល​នុយក្លេអ៊ែរ​នៅ​លើ​ពិភពលោក ​នឹង​កើន​ឡើង​ទ្វេដង​នៅ​ឆ្នាំ២០៥០។​

​យោង​ទៅ​តាម​ទិន្នន័យ​បញ្ចេញ​ដោយ​សមាគម​នុយក្លេអ៊ែរ​ពិភពលោក​នៅ​ក្នុង «របាយការណ៍​សមត្ថភាព​នុយក្លេអ៊ែរ​ពិភពលោក​ឆ្នាំ២០២០» ទោះបីជា​សហរដ្ឋ​អាមេរិក​មាន​ចំនួន​រ៉េអាក់ទ័រ​អាច​ដំណើរការ​បាន​ច្រើន​ជាង​គេ​បង្អស់​ចំនួន​៩៥​ក៏ដោយ មាន​រោងចក្រផលិត​ថាមពល​អគ្គិសនី​ថ្មី​ចំនួន​តែពីរ​ប៉ុណ្ណោះ​ កំពុង​ត្រូវ​បាន​សាងសង់​ឡើង។ ផ្ទុយ​ទៅ​វិញ ចិន​មាន​រ៉េអាក់ទ័រ​ដំណើរការចំនួន​តែ​ ៤៨ ប៉ុន្តែ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនីចំនួន​ ១១​ថែមទៀត ​កំពុង​ត្រូវ​បាន​សាងសង់។

​របាយការណ៍​មួយ​ទៀត​ដោយ​សមាគម​ថាមពល​នុយក្លេអ៊ែរ​ចិន​កាល​ពី​ឆ្នាំ​មុន​ បាន​និយាយ​ថា ចិន​បាន​នាំ​មុខ​គេ​នៅ​លើ​ពិភពលោក​ក្នុង​ផ្នែកសាងសង់​រ៉េអាក់ទ័រ​ថ្មី​នៅ​ឆ្នាំ ២០១៨ និង​២០១៩។

ការ​នាំចេញ​ថាមពល​អគ្គិសនី

ប្រទេស​ចិន​ដំបូង​ឡើយ​ បាន​ដាក់​ស្នើ​នូវយុទ្ធសាស្រ្ត​ជាតិ​សម្រាប់​ការ​នាំចេញ​ថាមពល​នុយក្លេអ៊ែរ​ជា​សាកល​នៅ​ឆ្នាំ​ ២០១៣។ យុទ្ធសាស្រ្ត «បញ្ចេញ​ទៅ​ក្រៅ» គឺ​ជា​ផ្នែក​ដ៏​សំខាន់មួយ​នៃ​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​ ដែល​ជំរុញ​នូវកិច្ចព្រមព្រៀង​សាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​ក្រៅ​ប្រទេស។ យុទ្ធសាស្រ្ត​នេះ​ ក៏​ជា​អាទិភាព​ចម្បង​នៅ​ក្រោម​គម្រោង «ផលិត​នៅ​ប្រទេស​ចិនឆ្នាំ២០២៥» ដើម្បី​ពង្រឹង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់»។ ​

​របាយការណ៍​មួយ​ដោយ​សមាគម​ថាមពល​នុយក្លេអ៊ែរ​ចិន​បាន​ចែង​ថា ក្រុមហ៊ុន​ផលិត​ថាមពល​នុយក្លេអ៊ែរ​ធំៗ​នៅ​ប្រទេស​ចិន ​បាន​ចូលរួម​នៅ​ក្នុង​យុទ្ធសាស្រ្ត​ខាង​លើ​នេះ និង​កំពុង​ស្វែងរក​ទីផ្សារ​ក្រៅ​ប្រទេស​យ៉ាង​សកម្ម។ យោង​ទៅ​តាម​របាយការណ៍ ប្រទេស​ចំនួន ២៨​ គ្រោង​នឹង​អភិវឌ្ឍ​ថាមពល​នុយក្លេអ៊ែរ​ស្រប​ជាមួយ​នឹង​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម។

សាជីវកម្ម​នុយក្លេអ៊ែរ​ជាតិ​ ដែល​ជា​ក្រុមហ៊ុន​វិស្វកម្ម​និង​ប្រតិបត្តិការ​ថាមពល​នុយក្លេអ៊ែរ​ធំ​ជាង​គេ​បង្អស់​មួយ​របស់​ចិន បាន​ចុះ​អនុស្សារណៈ​ជាមួយ​នឹង​បណ្តា​ប្រទេស​ជិត ២០​ទៀត រួម​បញ្ចូលទាំង​ អាហ្សង់ទីន អង់គ្លេស និង​ប៉ាគីស្ថាន។ អតីត​នាយក​សាជីវកម្ម​នេះ​ លោក Wang Shoujun បាន​និយាយ​ថា ​ចិន​នឹងសាងសង់​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​រហូត​ដល់​ទៅ​ ៣០​ នៅ​ក្រៅ​ប្រទេស​នៅ​ទសវត្សរ៍​បន្ទាប់។

បញ្ហា​ប្រឈម​ផ្នែក​ភូមិសាស្រ្ត​នយោបាយ

លោក​បណ្ឌិត David Gattie អ្នក​សរសេរ​របាយការណ៍​សិក្សា​ក្រោម​ចំណងជើង​ថា «ថាមពល​នុយក្លេអ៊ែរ​សហរដ្ឋអាមេរិក​នៅ​សតវត្សរ៍​ ២១៖ ភាព​ចាំបាច់​ផ្នែក​សន្តិសុខ​ជាតិ» បាន​និយាយ​ថា ខណៈ​ដែល​ប្រទេស​កាន់​តែ​ច្រើន​ងាក​ទៅ​រក​ថាមពល​នុយក្លេអ៊ែរ វិស័យ​ថាមពល​នេះ​ កំពុង​តែ​កំណត់នូវ​សណ្ឋាន​ទំនាក់ទំនងនយោបាយ​ភូមិសាស្រ្ត និង​ឋានៈ​នៅ​ក្នុង​ឆាក​អន្តរជាតិ។ ​

លោក​បណ្ឌិត​ Gattie សាស្រ្តាចារ្យ​ជំនួយ​នៅ​មហាវិទ្យាល័យ​វិស្វកម្ម​នៃ​សាកលវិទ្យាល័យ Georgia នៅ​សហរដ្ឋអាមេរិក បាន​ប្រាប់ VOA ថា គម្រោង​ថាមពល​នុយក្លេអ៊ែរ​មាន​វដ្ត​អាយុ​វែង ដែលអនុញ្ញាត​ឲ្យ​ចិន​បង្កើត​នូវ​ទំនាក់ទំនង​ជិត​ដិត​ជាមួយ​នឹង​បណ្តា​ប្រទេស​ដែល​ទទួល​បាន​ជំនួយ ដែល​នឹង​អូសបន្លាយ​ពេល​រយៈពេល​រាប់​ទសវត្សរ៍។

លោក​បាន​ថ្លែង​ថា៖ «នៅ​ពេល​អ្នក​ចាប់ផ្តើម​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី ការ​ថែទាំ ការ​គ្រប់គ្រង​លើ​កាកសំណល់​នុយក្លេអ៊ែរ​និង​សូម្បីតែ​ការ​រុះរើ​រោងចក្រ​នោះ​វិញ រោងចក្រ​ទាំង​នោះ​មាន​វដ្ត​ជីវិត​ប្រមាណ ៦០​ទៅ​៨០​ឆ្នាំ។ ដូច្នេះ​ នៅ​ពេល​ចិន​មាន​ទំនាក់ទំនង​ភាព​ជា​ដៃ​គូ​ជាមួយ​នឹង​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​ងើប​ឡើង​ទាំង​នោះ នេះ​ គឺ​ជា​ទំនាក់ទំនង​អូសបន្លាយ​ពេល​រាប់​ទសវត្សរ៍»។

លោក​បណ្ឌិត Joshua Massey អតីត​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក និង​ជា​សហនិពន្ធ​របាយការណ៍​ខាង​លើ​អះអាង​ថា សន្តិសុខ​ផ្នែក​ថាមពល​ គឺមាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​រាល់​ប្រទេស​ណាមួយ ហើយ​ជា​ផ្នែក​ចម្បង​មួយ​នៃ​ដំណើរការ​រៀបចំគោលនយោបាយ​របស់​ប្រទេស​នោះ។​

លោក Massey បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ថា៖ «សមត្ថភាព​នៅ​ក្នុង​ការ​បើក​ និង​បិទ​ចរន្ត​អគ្គិសនី ​គឺ​មាន​ប្រកបដោយ​ឥទ្ធិពល​ខ្លាំង។ ដូច្នេះ​ខណៈ​ចិន​អាច​ណែនាំ​ពី​អ្វី​ដែល​បណ្តា​ប្រទេស​ផ្សេងៗ​គួរ​ធ្វើ ចិន​ក៏​មាន​អំណាច​ខ្លាំង​នៅ​ក្នុង​ដំណើរការ​នេះ​ផង​ដែរ»។

សហរដ្ឋអាមេរិក​ មិនតែងតែ​តតាំងនឹង​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ចិន​នោះ​ទេ។

ក្រុម​ហ៊ុន​ Terra Power LLC ដែល​ជា​ក្រុមហ៊ុន​ផលិត​ថាមពល​នុយក្លេអ៊ែរ​ក្រោម​ការ​គ្រប់គ្រង​របស់ ក្រុមហ៊ុន Microsoft Corp ដែល​មាន​លោក Bill Gates​ ជា​សហស្ថាបនិក បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​សាជីវកម្ម​នុយក្លេអ៊ែរ​ជាតិ​របស់​រដ្ឋ​ចិននៅ​ឆ្នាំ ២០១៧ ដើម្បី​សាងសង់​អេរ៉ាក់ទ័រ​នុយក្លេអ៊ែរ​ពិសោធន៍​មួយ​នៅ​ប្រទេស​ចិន។ ហើយ​ប្រធានាធិបតី​អាមេរិក​កាល​ពី​គ្រា​នោះ​គឺ​ លោក Barack Obama បាន​ដាក់​ស្នើ​នូវ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នុយក្លេអ៊ែររវាង​សហរដ្ឋអាមេរិក​និង​ចិន​ដើម្បី​ឲ្យ​សភា​ពិនិត្យ​កាល​ពី​ថ្ងៃទី២១ ខែ​មេសា ឆ្នាំ​២០១៥ ដោយកិច្ចព្រមព្រៀង​នេះ ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទិញ​នូវ​រ៉េអាក់ទ័រ​ និង​បច្ចេកវិទ្យា​របស់​សហរដ្ឋអាមេរិក។

ទោះបីយ៉ាងណាក៏ដោយ គោលនយោបាយ​នៅ​អាណត្តិ​លោក​ Obama នេះ​ ត្រូវ​បាន​ប្រែក្រឡាស់​វិញ​ក្រោម​រដ្ឋបាល​លោក​ Trump ហើយ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន Terra Power និង​ចិន ត្រូវ​បាន​បោះបង់​ចោល​នៅ​ឆ្នាំ ២០១៩៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG