ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Xi Jinping អំពាវនាវ​ឲ្យ G20 មាន​តួនាទី​ខ្លាំង​ជាង​មុន​នៅ​ក្នុង​អភិបាលកិច្ច​សេដ្ឋកិច្ច​សាកលលោក


រូបឯកសារ៖ ប្រធានាធិបតិចិនលោក Xi Jinping ថ្លែងសុន្ទរកថាដែលផ្សាយតាមទូរទស្សន៍នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

ប្រធានាធិបតី​ចិន​លោក Xi Jinping កាល​ពី​ថ្ងៃ​ច័ន្ទ បាន​អំពាវនាវ​ឲ្យ​ពិភពលោក​ពង្រឹង​ការ​សម្របសម្រួល​គោល​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច និង​លើក​កម្ពស់​តួនាទី​របស់​កិច្ច​ប្រជុំ G20 នៅ​ក្នុង​អភិបាលកិច្ច​សេដ្ឋកិច្ច​សាកលលោក ខណៈ​ដែល​លោក​បាន​លើកឡើង​អំពី​ការ​ងើប​ឡើង​វិញ «ដ៏​ត្រដាបត្រដួស» ពី​វិបត្តិ​ជំងឺ​កូវីដ១៩។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​តាម​អនឡាញ​មួយ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក លោក Xi Jinping បាន​ថ្លែង​ថា ទិដ្ឋភាព​សេដ្ឋកិច្ច​សាកលលោក​នៅតែ​មាន​ភាព​មិន​ប្រាកដ​ប្រជា ហើយ​ភាព​អាសន្ន​ផ្នែក​សុខភាព​សាធារណៈ «ប្រហែលជា​នឹង​អាច​កើតឡើង​ម្ដង​ទៀត» នៅ​ពេល​ខាង​មុខ។

លោក Xi Jinping ដែល​បាន​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ ចាប់​តាំងពី​លោក​ថ្លែង​សុន្ទរកថា​ការពារ​យ៉ាង​ខ្លាំងក្លា​លើ​ពាណិជ្ជកម្ម​សេរី និង​សាកល​ភាវូបនីយកម្ម​នៅ​ក្នុង​ទីក្រុង Davos ប្រទេស​ស្វីស កាលពី​ឆ្នាំ ២០១៧ មក បាន​លើកឡើង​ស្រដៀង​គ្នា​នេះ​ នៅ​ក្នុង​កិច្ច​ពិភាក្សា​លើក​នេះ ដោយ​បាន​ជំរុញ​គាំទ្រ​ថា ពហុភាគី​និយម​គឺជា​វិធី​ដោះស្រាយ​ឧបសគ្គ​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក Xi Jinping បាន​ថ្លែង​ដូច្នេះ​ថា៖ «យើង​គួរតែ​កសាង​សេដ្ឋកិច្ច​ពិភពលោក​បើក​ទូលាយ​មួយ …លះបង់​ចោល​បទដ្ឋាន​រើសអើង​ និង​បទដ្ឋាន​មិន​ដាក់​បញ្ចូល​ប្រទេស​ទាំងអស់ ក្បួន​ច្បាប់​និង​ប្រព័ន្ធ​នានា និង​ដកចេញ​នូវ​ឧបសគ្គ​ដែល​រារាំង​ការ​ធ្វើ​ពាណិជ្ជកម្ម វិនិយោគ និង​ការ​ផ្លាស់ប្ដូរ​បច្ចេកវិទ្យា»។

G20 គឺ​ជា​វេទិកា​អន្តរជាតិ​មួយ ដែល​មាន​ការ​ចូលរួម​ពី​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​បំផុត និង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​លេចធ្លោ​ចំនួន ១៩ បូក​រួម​នឹង​សហភាព​អឺរ៉ុប។

លោក Xi Jinping បាន​បន្ថែម​ថា សហគមន៍​អន្តរជាតិ​គួរតែ​ត្រូវ​បាន​គ្រប់គ្រង​ផ្អែក​តាម​ក្បួន​ច្បាប់ និង​ការ​ព្រមព្រៀង​គ្នា​របស់​ប្រទេស​ទាំងអស់ ជាជាង​តាមរយៈ​ការ​គ្រប់គ្រង​ដោយ​ប្រទេស​ណា​មួយ ឬ​ដោយ​ប្រទេស​មួយ​ចំនួន​ដែល​ចេញ​បទបញ្ជា​នោះ។ លោក​បាន​ថ្លែង​ដូច្នេះ ដោយ​មិន​បាន​បញ្ជាក់​ឈ្មោះ​ប្រទេស​ណា​មួយ​នោះ​ទេ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG