ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ចិន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Wuhan ស្រប​ពេល​ដែល​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណា​ថ្មី​នេះ​កើន​ដល់ ៨១ នាក់


នាយករដ្ឋមន្ត្រី​ចិន លោក Li Keqiang (រូប​កណ្តាល) ថ្លែង​ជាមួយ​នឹង​ពលរដ្ឋ​ នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ផ្សារ​ទំនើប​មួយ​ នៅ​ក្នុង​ក្រុង Wuhan ខេត្ត Hubei កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
នាយករដ្ឋមន្ត្រី​ចិន លោក Li Keqiang (រូប​កណ្តាល) ថ្លែង​ជាមួយ​នឹង​ពលរដ្ឋ​ នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ផ្សារ​ទំនើប​មួយ​ នៅ​ក្នុង​ក្រុង Wuhan ខេត្ត Hubei កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

នាយក​រដ្ឋមន្ត្រី​ចិន​លោក Li Keqiang បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Wuhan ខេត្ត Hubei នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ជួប​ជាមួយ​នឹង​មន្ត្រី​សុខាភិបាល និង​វាយ​តម្លៃ​អំពី​ការ​ឆ្លើយតប​ចំពោះ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ដែល​បាន​សម្លាប់​មនុស្ស​អស់ ៨១ នាក់​កន្លង​មក។

ទីក្រុង Wuhan គឺ​ជា​ចំណុច​កណ្ដាល​នៃ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​ថ្មី​នេះ ហើយ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ និង​នៅ​តាម​ទីក្រុង​ផ្សេងៗ​ទៀត​កំពុង​ប្រឈម​នឹង​បម្រាម​តឹងតែង​អំពី​ការ​ធ្វើ​ដំណើរ នៅ​ពេល​ដែល​រដ្ឋាភិបាល​ព្យាយាម​ទប់ស្កាត់​មេរោគ​នេះ​មិន​ឲ្យ​ឆ្លង​រាលដាល​បន្ថែម​ទៀត។

រដ្ឋាភិបាល​ចិន​បាន​ចាត់​វិធានការ​បន្ថែម​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​ក្នុង​ការ​បន្លាយ​ពេល​វេលា​ឈប់​សម្រាក​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ៣ ថ្ងៃ​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​ការ​ជួបជុំ​ជា​ក្រុមៗ។

តួលេខ​ចុង​ក្រោយ​ដែល​បាន​រាយការណ៍​ដោយ​មន្ត្រី​សុខាភិបាល​ចិន​បាន​បង្ហាញ​ថា អ្នក​ឆ្លង​មេរោគ​នេះ​មាន​ជាង ២ ពាន់ ៧ រយ​នាក់​ហើយ។

ករណី​ឆ្លង​មេរោគ​នេះ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ផង​ដែរ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី កាណាដា បារាំង ជប៉ុន ម៉ាឡេស៊ី នេប៉ាល់ ព័រទុយហ្គាល់ សិង្ហបុរី កូរ៉េ​ខាង​ត្បូង ថៃ វៀតណាម សហរដ្ឋ​អាមេរិក ទីក្រុង​ហុងកុង ទីក្រុង​ម៉ាកាវ និង​កោះ​តៃវ៉ាន់។

អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់​ថា ភាគ​ច្រើន​នៃ​អ្នក​ដែល​ឆ្លង​មេរោគ​នេះ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Wuhan ចំណែក​ឯ​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​គឺ​បាន​ឆ្លង​ពី​អ្នក​ដែល​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Wuhan នោះ។ គេ​មិន​ទាន់​ឃើញ​មាន​ការ​រាយការណ៍​ណា​មួយ​អំពី​ការ​ស្លាប់​ដែល​បណ្ដាល​មក​ពី​មេរោគ​នេះ​នៅ​ប្រទេស​ផ្សេង ក្រៅ​ពី​ប្រទេស​ចិន​នៅ​ឡើយ​ទេ។

អ្នកស្រី Nancy Messonnier ប្រធាន​ផ្នែក​ជំងឺ​ផ្លូវ​ដង្ហើម​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​ចំនួន ៥ ករណី​ហើយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​អ្នក​ទាំង ៥ នាក់​នេះ សុទ្ធតែ​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​នឹង​អ្នក​ដទៃ​ទៀត​នៅ​ក្នុង​ទីក្រុង Wuhan។ មណ្ឌល​នេះ​បាន​បន្ថែម​ថា ខ្លួន​កំពុង​ស៊ើប​អង្កេត​លើ​ករណី​សង្ស័យ​ប្រហែល ១០០ ករណី​ទៀត​នៅ​ក្នុង​រដ្ឋ​ចំនួន ២៦ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG