ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​មួយ​ចំនួន​ត្រៀម​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញ​ពី​ទីក្រុង Wuhan ស្រប​ពេល​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណា​ថ្មី​នេះ​កើន​ដល់​យ៉ាង​តិច ១០៦ នាក់


អ្នក​ធ្វើ​ដំណើរ​ពាក់​ម៉ាស់​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​កូរ៉ូណា នៅ​ពេល​ពួកគេ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Los Angeles នៅ​ក្នុង​រដ្ឋ California កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក ជប៉ុន និង​ប្រទេស​ផ្សេងៗ​ទៀត​កំពុង​បញ្ជូន​យន្តហោះ​ទៅ​ជម្លៀស​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចេញ​ពី​ទីក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន នៅ​ពេល​ដែល​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី ដែល​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ទីក្រុង​នោះ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១០៦ នាក់​ហើយ។

ប្រទេស​ជប៉ុន​បាន​បញ្ជូន​យន្តហោះ​ទៅ​កាន់​ទីក្រុង Wuhan នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ជម្លៀស​ពលរដ្ឋ​ជប៉ុន​ប្រហែល ២ រយ​នាក់ ក្នុង​ចំណោម​ពលរដ្ឋ ៦៥០ នាក់​នៅ​ក្នុង​ទីក្រុង​នោះ។ រី​ឯ​សហរដ្ឋ​អាមេរិក​វិញ ក៏​កំពុង​ត្រៀម​ជម្លៀស​បុគ្គលិក​ស្ថាន​កុងស៊ុល​របស់​ខ្លួន និង​ពលរដ្ឋ​អាមេរិកាំង​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង Wuhan នៅ​ក្នុង​សប្ដាហ៍​នេះ​ផង​ដែរ។

ប្រទេស​អូស្ត្រាលី​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​កំពុង​រៀបចំ​គម្រោង​ដើម្បី​ជម្លៀស​ពលរដ្ឋ​អូស្ត្រាលី​ទាំង​អស់។ អូស្ត្រាលី​មិន​មាន​ស្ថាន​កុងស៊ុល​នៅ​ក្នុង​ទីក្រុង Wuhan ទេ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី Scott Morrison ថា រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន​ទាក់ទិន​នឹង​ការ​ជម្លៀស​នេះ។

ប្រទេស​បារាំង និង​ប្រទេស​ផ្សេង​មួយ​ចំនួន​ទៀត​ក៏​បាន​ប្រកាស​អំពី​គម្រោង​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញ​ពី​ទីក្រុង Wuhan នេះ​ផង​ដែរ។

មន្ត្រី​សុខាភិបាល​ចិន​បាន​ប្រកាស​ថា មាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​ថ្មី​នេះ​ចំនួន ២៥ នាក់​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ។ ចំនួន​អ្នក​ឆ្លង​មេរោគ​នេះ​នៅ​ក្នុង​ប្រទេស​ចិន​ឥឡូវ​នេះ​បាន​កើន​លើស ៤ ពាន់ ៥ រយ​នាក់​ហើយ។ អាជ្ញាធរ​បាន​បិទ​ទីក្រុង Wuhan និង​កំពុងតែ​ប្រញាប់ប្រញាល់​បញ្ចប់​ការ​សាងសង់​មន្ទីរពេទ្យ​ថ្មី​ពីរ​កន្លែង ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ដែល​ឆ្លង​មេរោគ​នេះ ដែល​កំពុង​តែ​កើន​ឡើង។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ស្នើ​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​ដល់​ប្រទេស​ចិន ប្រសិនបើ​ចាំបាច់ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ថ្មី​ដ៏​កាច​សាហាវ​នេះ។

លោក Trump បាន​បញ្ជាក់​នៅ​លើ Twitter កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «យើង​កំពុង​ទាក់ទង​យ៉ាង​ជាប់​លាប់​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន​ទាក់ទិន​នឹង​បញ្ហា​មេរោគ​ថ្មី​នេះ»។ លោក​បាន​បន្ថែម​ថា៖ «យើង​បាន​ស្នើ​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​ដល់​រដ្ឋាភិបាល​ចិន និង​លោក​ប្រធានាធិបតី Xi Jinping ប្រសិនបើ​ចាំបាច់។ ក្រុម​គ្រូ​ពេទ្យ​ជំនាញ​របស់​យើង​គឺ​មាន​សមត្ថភាព​ខ្ពស់»៕

XS
SM
MD
LG