ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូនេស៊ី ​និង​វៀតណាម​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​របស់​ជន​បរទេស​ ក្នុង​នោះ​មាន​​កម្ពុជា​ផង​ដែរ


រូបឯកសារ៖ អ្នកធ្វើដំណើរដែលពាក់ម៉ាស់ កំពុងត្រៀមធ្វើដំណើរនៅអកាសយានដ្ឋានអន្តរជាតិ I Gusti Ngurah Rai នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។

រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​សម្រេច​ផ្អាក​ការ​លើក​លែង​ទិដ្ឋាការ​សម្រាប់​ជន​បរទេស​ ​ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ​ ខណៈ​វៀតណាម​បាន​តម្រូវ​ឲ្យ​ជន​បរទេស​ ដែល​ទទួល​បាន​ទិដ្ឋាការ​លើក​លែង ​ត្រូវ​មាន​លិខិត​បញ្ជាក់​ថា​ ​គ្មាន​វីរុស​កូរ៉ូណា​ក្នុង​ខ្លួន​ ​ប្រសិន​បើ​ពួកគេ​ចង់​ចូល​ប្រទេសវៀតណាម។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ​ចុះ​ថ្ងៃ​ទី​១៨ ​ខែ​មីនា ​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ផ្អាក​មិន​ឲ្យ​ជន​បរទេស​ចូល​ប្រទេស​ខ្លួន​ជា​បណ្តោះ​អាសន្ន​ចំពោះ​ប្រទេស ​ដែល​មាន​កិច្ច​ព្រម​ព្រៀងស្តី​ពី​ការ​លើក​លែង​ទិដ្ឋាការ​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី ​ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ។​

លិខិត​នេះ​បញ្ជាក់​ថា ការ​អនុវត្ត​វិធាន​ការ​ខាង​លើ​នេះ ​រួម​បញ្ចូល​ទាំង​លិខិត​ឆ្លង​ដែន​ការ​ទូត ​និង​ផ្លូវ​ការ ហើយ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២០ ​ខែមីនា ​ឆ្នាំ​២០២០ ​ដោយ​មាន​រយៈ​ពេល​១ខែ​ ឬ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ថ្មី។​

នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ​បាន​បញ្ជាក់​ថា ​ ពលរដ្ឋ​កម្ពុជា​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ​ត្រូវ​ស្នើ​សុំ​ទិដ្ឋាការ​ពី​ស្ថានទូត​ឥណ្ឌូនេស៊ី​ជា​មុន​សិន ដោយ​ត្រូវ​ភ្ជាប់​លិខិត​បញ្ជាក់​សុខភាព​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា។​

ចំណែក​រដ្ឋាភិបាល​វៀតណាម​ក៏​បាន​ចាប់​ផ្តើម​រឹត​បន្តឹង​ការ​ចូល​ទៅ​ប្រទេស​របស់​ខ្លួន​ដែរ។ ​លិខិត​របស់​ស្ថាន​ទូត​កម្ពុជាប្រចាំ​នៅ​វៀតណាម​ ចុះ​ថ្ងៃ​ទី​១៨​ ខែ​មីនា​ ផ្ញើ​ទៅ​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាម​ បាន​សម្រេច​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ជា​បណ្តោះ​អាសន្ន​ មិន​ឲ្យ​ជន​បរទេស​ទាំង​អស់​ចូល​វៀតណាម ​រយៈពេល​៣០​ថ្ងៃ ​ដោយ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០២០​នេះ។

​លិខិត​នេះ​បញ្ជាក់​បន្ថែម​ថា ​អ្នក​ដែល​ទទួល​បាន​ការ​លើក​លែង​ទិដ្ឋាការ​ រួម​មាន​ពលរដ្ឋ​កម្ពុជា​ផង​ដែរ ​ត្រូវ​បង្ហាញ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ថា​ គ្មាន​ជំងឺ​ COVID19​ ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​ដែល​ពួកគេ​រស់​នៅ​ ​ហើយ​ត្រូវ​មាន​ការ​យល់​ព្រម​ជា​មុន​ពី​អាជ្ញាធរ​វៀតណាម​ ​ទើប​អាច​ចូល​ប្រទេស​វៀតណាម​បាន។​

លោក ​កុយ គួង ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​ប្រាប់​ VOA​ តាម​ប្រព័ន្ធ​តេលេក្រាម​(Telegram)​ថា​ លោក​បាន​ទទួល​ព័ត៌មាន​នៃ​ការ​រឹត​បន្តឹង​ការ​ចូល​ទៅ​ប្រទេស​ទាំង​នេះ​ ​ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ថា​ ​មាន​ប្រទេស​ណា​ខ្លះ​នោះ​ទេ។ ​លោក​ថា​ ​នេះ​ជា​ការ​រឹត​បន្តឹង​ទូទៅ ​មិន​មែន​តែ​លើ​ជនជាតិ​កម្ពុជាទេ។​

លោក​បាន​បញ្ជាក់​ថា៖ «តាម​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ គឺ​ប្រទេស​មួយ​ចំនួន​នៅអាស៊ាន​មាន​វិធាន​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​គេ​ ដល់​ជន​បរទេស​ទូទៅ ​ ដើម្បី​ទប់​ស្កាត់​ការ​រីករាល​ដាល​ជំងឺ​Covid19 ​មិន​មែន​តែ​ចំពោះ​កម្ពុជា​ទេ»។ ​

លោក ​មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម ​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ និង​វៀតណាម​ចាប់​ផ្តើម​ចាត់​វិធានការ​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ​ពី​ក្រៅ​ប្រទេសចូល​មក​ក្នុង​ប្រទេស​ខ្លួន ដោយ​មិន​គិត​ពី​បញ្ហា​សេដ្ឋកិច្ច​ជា​ធំ ​ ស្រប​ពេល​ដែល​កម្ពុជា​នៅ​តែ​មាន​ភាព​បើក​ចំហ​ ដែល​លោក​ថា​ នេះនាំ​ឲ្យ​មាន​ការ​ឆ្លង​វីរុស​នេះ​មក​លើ​ពលរដ្ឋ​កម្ពុជា។​

លោក​បាន​ថ្លែង​ថា៖«ក្នុង​ពេល​ហ្នឹង​ ប្រទេស​ដូច​វៀតណា​មអី​ ​គេ​ទុក​រឿង​សេដ្ឋកិច្ច​ឲ្យ​នៅ​ម្តុំ​សិន​ ហើយ​គេ​ត្រូវ​ការ​ការពារ​មិន​ឲ្យ​មាន​ជំងឺ​ហ្នឹង​ចូល​ពី​ក្រៅ​ទៅ​ណា៎។​ យើង​មើល​នៅ​ក្នុង​ប្រទេស​យើង​នេះ ដោយសារ​តែ​យើង​មាន​ការ​បើក​ចំហ​ហ្នឹង​ឯង​ ដែល​ធ្វើ​ឲ្យ​ជំងឺ​ដែលម្តង​នេះ​ ភាគ​ច្រើន​ជំងឺ​ដែល​ចូល​ពី​ក្រៅ​មក»។​

ករណី​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​បាន​កើន​ដល់​៣៥​នាក់ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ​ទី​១៨ ​ខែ​មីនា ​ឆ្នាំ​២០២០ ​ដោយ​ក្នុង​នោះ មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​២២​នាក់។ ​ ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​បានឆ្លង​វីរុស​នេះ ​បន្ទាប់​ពី​ពួកគេ​ចូល​រួម​ក្នុង​ពិធី​សាសនា​មួយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ ហើយ​ត្រឡប់​មក​កម្ពុជា​វិញ។​

គួរ​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​បិទ​ការ​ធ្វើ​ដំណើរ​របស់​ជន​បរទេស​មក​ពី​ប្រទេស​ចំនួន​៦ ​ចូល​ប្រទេស​កម្ពុជា ​រួម​មាន​អ៊ីតាលី ​បារាំង ​អាល្លឺម៉ង់ ​អេស្ប៉ាញ ​អាមេរិក ​និង​អ៊ីរ៉ង់ ​តាំង​ពី​ថ្ងៃ​ទី​១៧​ ខែ​មីនា៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG