ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នៅ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​ការ​ថា​បំណែក​យន្តហោះ​អេហ្ស៊ីប​ត្រូវ​បាន​រកឃើញ​ឬ​យ៉ាង​ណា​នោះ​ទេ


បុគ្គលិក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍ EgyptAir ដែល​បាន​បើក​ឡើង​វិញ​នៅ​ព្រលាន​យន្តហោះ Charles de Gaulle នៅ​ខាង​ក្រៅ​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។

ក្រុម​ស្វែង​រក​មួយ​ចំនួន​នៅ​សមុទ្រ​មេឌីទែរ៉ាណេអះអាង​ថា ខ្លួន​បាន​កំណត់​ទីតាំង​បំណែក​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេហ្ស៊ីប​ដែល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ ខណៈ​ពេល​ដែល​យន្តហោះ​នោះ​ទៅ​ជិត​ដល់​ទីក្រុង​គែរ ក្នុង​ជើង​ហោះហើរ​ពី​ទីក្រុង​ប៉ារីស​មក។ មន្ត្រី​កិ្រក​និយាយ​ថា ខ្លួន​ទំនង​ជា​បាន​រកឃើញ​បំណែក​យន្តហោះ​នោះ។ ប៉ុន្តែ​នៅ​មិនទាន់​មាន​ការបញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ​ទេ ដើម្បី​បញ្ជាក់​ថា​តើ​បំណែក​យន្តហោះ​នោះ​ពិត​ជា​ត្រូវ​បាន​រកឃើញ​ឬ​យ៉ាងណា។ ប្រទេស​អេហ្ស៊ីប​និយាយ​ថា អំពើ​ភេរវកម្ម​ទំនង​ជា​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​នេះ ជាជាង​បណ្តាល​មក​ពី​កំហុស​បច្ចេកទេស ប៉ុន្តែ​នៅ​មិនទាន់​មាន​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​នៅ​ឡើយ​ទេ។

យន្តហោះ​ធន់​តូច​ដែល​ផ្ទុក​មនុស្ស​ចំនួន​៦៦​នាក់​នេះ បាន​បាត់​ដំណឹង​ពី​ផ្កាយរណប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពី​យន្តហោះ​នេះ​បាន​ហោះ​ចូល​ក្នុង​ដែន​អាកាស​របស់​អេហ្ស៊ីប​បាន​បន្តិច នៅ​ក្នុង​ជើង​ហោះហើរ​រយៈពេល​៤ម៉ោង​ពី​ប្រទេស​បារាំង។​

នៅ​ក្នុង​ទីក្រុង​គែរ លោក Sherif Fathy រដ្ឋ​មន្ត្រី​អាកាសចរណ៍​របស់​អេហ្ស៊ីប បាន​មាន​ប្រសាសន៍​ថា ប្រទេស​បារាំង​អាច​នឹង​ទទួល​ខុសត្រូវ​ចំពោះ​បញ្ហា​សន្តិសុខ​នានា ប្រសិន​បើ​អំពើ​ភេរវកម្ម​ត្រូវ​បាន​គេ​រក​ឃើញ​ថា គឺ​ជា​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​មែន​នោះ។ លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា អំពើ​ភេរវកម្ម​អាច​ជា​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​មាន​ការ​ធ្លាក់​យន្តហោះ​នេះ ជាជាង​បណ្តាល​មក​ពី​បញ្ហា​បច្ចេកទេស៕

XS
SM
MD
LG