ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Hollande បញ្ជាក់​ថា​យន្តហោះ​របស់​អេហ្ស៊ីប​ដែល​បាន​បាត់​ខ្លួន​បាន​ធ្លាក់


លោក Sherif Fathi រដ្ឋ​មន្រ្តី​អាកាសចរណ៍​ស៊ីវិល​របស់​អេហ្ស៊ីប​ថ្លែង​នៅ​សន្និសីទ​កាសែត​មួយ​អំពី​ការ​ធ្លាក់​នស​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​របស់​អេហ្ស៊ីប នៅ​ក្នុង​ក្រុង​គែរ កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​បារាំង Francois Hollande ​បាន​បញ្ជាក់​ថា​ ជើង​ហោះ​ហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេហ្ស៊ីប ​ដែល​បាន​បាត់​នៅ​ថ្ងៃ​ប្រហស្បតិ៍​នេះ​នៅ​ពេល​ហោះ​ហើរ​ពី​ទីក្រុង​ប៉ារីស​ទៅ​កាន់​ទីក្រុង​គែរដោយ​មាន​អ្នក​ដំណើរ និង​អ្នក​បើកបរ៦៦​នាក់​នៅ​លើ​យន្តហោះ​នោះ​បាន​ធ្លាក់។

ក្រុម​អ្នក​បើកបរ​ក្រិក​និង​អេហ្ស៊ីប ​កំពុង​ស្វែងរក​យន្តហោះ​ដែល​បាន​បាត់​នោះ។

ក្រុម​មន្រ្តី​ក្រិក ​បាន​និយាយ​ថា ​ការ​រុករក​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សមុទ្រ ​ដែ​ល​ស្ថិត​នៅ​ចម្ងាយ​២០៩គ.ម​នៅ​ភាគ​អាគ្នេយ៍​នៃ​កោះ Karpathos។

លោក Jean-Marc Ayrault ​រដ្ឋ​មន្រ្តី​ការ​បរទេស​បារាំង​បាន​មាន​ប្រសាសន៍​ថា ​បារាំង​ នឹង​បន្ត​រួម​វិភាគ​ទាន​យន្តហោះ​និង​នាវា​ដល់​ការ​រុករក​នេះ ​ហើយ​ថា ​ពួកគេ ​កំពុង​រក្សា​ការ​ទាក់​ទង​ដ៏​ជិត​ស្និទ្ធ​ជាមួយ​ពួក​អាជ្ញាធរ​អេហ្ស៊ីប។​ លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​បារាំង ​បាន​និយាយ​នៅ​ឯ​សន្និសីទ​កាសែត​ជិត​ទីក្រុង​ប៉ារីស​ថា «យើង​កំពុង​ជួយ​ក្រុម​គ្រួសារ ​នេះ​ជា​អាទិភាព​របស់​យើង ដោយ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ការ​ទាក់​ទង​ជា​ប្រចាំ​ជាមួយ​ពួក​អាជ្ញាធរ​អេហ្ស៊ីប‍»។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​បារាំង​និង​អេហ្ស៊ីប ​បាន​ផ្លាស់​ប្តូរ​ការ​រំលែក​ទុ​កគ្នាពី​ឧបទ្ទវហេតុ​នេះ។

លោក Sherif Ismail នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​អេហ្ស៊ីប ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ឯ​ចំណត​អាកាសយាន​រដ្ឋធានី​គែរ​ថា វា​លឿក​ពេក​ក្នុង​ការ​និយាយ​ថា​តើវា​ជា​បញ្ហា​បច្ចេកទេស​ឬ​ក៏​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម​ដែល​បណ្តាល​ឲ្យ​យន្តហោះ​នោះ​ធ្លាក់​នោះ‍។​ លោក​នាយក​រដ្ឋ​មន្រ្តី​ ​បាន​និយាយ​ថា​ «យើង​មិន​អាច​បញ្ជាក់​ឬ​ក៏​បដិសេធ​ត្រង់​ចំណុច​នេះ​ទេ ​ការស៊ើប​អង្កេត​កំពុង​ធ្វើ​ឡើង ​ហើយ​ផ្អែក​លើ​ការ​ស៊ើបអង្កេត​នេះ ​យើង​នឹង​អាច​ដឹង​ថា​តើ​ការ​ធ្លាក់​នេះបណ្តាល​មក​ពី​អ្វី‍»។

​ក្រុមហ៊ុន​អាកាសចរណ៍ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​បាន​បាត់​ការ​ទាក់ទង​ជាមួយ​ជើង​យន្តហោះ​លេខ MS 804 ​នៅម៉ោង២ ៣០នាទី​ព្រឹក​ម៉ោង​ក្នុង​ទីក្រុង​គែរ ​នៅពេល​ដែល​យន្តហោះ​ធុន Airbus A320 បាន​ហោះ​ក្នុង​រយៈ​កម្ពស់​ប្រហែល​១ម៉ឺន១ពាន់​២៧៨ម៉ែត្រ​ហើយ​ប្រហែល​១៦​គីឡូម៉ែត្រ​ក្នុង​ដែន​អាកាស​របស់​អេហ្ស៊ីប៕

XS
SM
MD
LG