ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហា​អំណាច​ពិភពលោក​និង​អ៊ីរ៉ង់ ពិភាក្សា​«ប្រកប​ដោយ​ផ្លែផ្កា» អំពី​ការស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់


លោក Enrique Mora អ្នក​សម្របសម្រួល​របស់​សហភាព​អឺរ៉ុប និង​លោក Abbas Araghchi អនុ​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ រង់ចាំ​ការចាប់ផ្តើម​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ JCPOA នៅ​ទីក្រុង​វីយែន​នៃ​ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។

ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​មហា​អំណាច​ពិភពលោក​មួយ​ចំនួន​ បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​ពួកគេ​ហៅ​ថា​ជា​ការ​ចរចា «ប្រកប​ដោយ​ផ្លែផ្កា» កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ និង​បាន​ឯកភាព​គ្នា​បង្កើត​ក្រុម​ការងារ​ដើម្បី​ពិភាក្សា​អំពី​ការ​ស្តារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ឡើង​វិញ។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​កាលពី​ឆ្នាំ ២០១៨ ដោយ​ធ្វើ​ឲ្យ​អ៊ីរ៉ង់​រំលោភ​លើ​លក្ខខណ្ឌ​កំហិត​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ។

ការ​ចរចា​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ រួម​មាន​ទាំង​ជំនួប​របស់​ភាគី​ដែល​នៅ​សេសសល់​នានា​នៃ​កិច្ច​ព្រមព្រៀង​នេះ​ផងដែរ ដែល​ក្នុង​នោះ​មាន​ដូចជា​ប្រទេស​អ៊ីរ៉ង់ ចក្រភព​អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និង​រុស្ស៊ី នៅ​ក្នុង​ក្រុម​មួយ​ដែល​គេ​ហៅ​ថា «គណៈកម្មការ​រួម» ដែល​មាន​សហភាព​អឺរ៉ុប​ជា​ប្រធាន។ សហរដ្ឋ​អាមេរិក​មិន​បាន​ចូលរួម​នៅ​ក្នុង​ជំនួប​នោះ​ទេ។

ទោះបីជា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​មិន​បាន​បញ្ជាក់​ថា ពួកគេ​រំពឹង​ថា​នឹង​មាន​ដំណោះស្រាយ​ណា​មួយ​ឆាប់ៗ​ដែល​កើតឡើង​ពី​កិច្ច​ពិភាក្សា​ដោយ​ប្រយោល​នេះ​ក៏​ដោយ ក៏​ភាគី​ទាំង​ពីរ​និង​សហភាព​អឺរ៉ុប​បាន​ហៅ​ការ​ពិភាក្សា​ដំបូងៗ​នេះ​ថា​មាន​លក្ខណៈ​វិជ្ជមាន។

លោក Enrique Mora អ្នក​សម្របសម្រួល​របស់​សហភាព​អឺរ៉ុប បាន​បញ្ជាក់​នៅ​លើ Twitter ថា៖ «នេះ​គឺជា​កិច្ច​ប្រជុំ​ប្រកប​ដោយ​ផ្លែផ្កា​របស់​គណៈកម្មការ​រួម។ យើង​ឃើញ​មាន​ការ​យល់ស្រប​ជា​រួម​និង​មហិច្ឆតា​នៅ​ក្នុង​ការ​មាន​ដំណើរការ​ការទូត​រួម​មួយ ដោយ​មាន​ក្រុម​អ្នក​ជំនាញ​ពីរ​ក្រុម​ដែល​មួយ​ក្រុម​ធ្វើ​ការ​លើ​រឿង​អនុវត្ត​នុយក្លេអ៊ែរ និង​មួយ​ក្រុម​ទៀត​ធ្វើ​ការ​លើ​រឿង​ដក​ទណ្ឌកម្ម»៕

XS
SM
MD
LG