ពិភពលោកមានករណីឆ្លងជំងឺកូវីដ១៩ ជិត ១០០ លាននាក់ ហើយមនុស្សជាង ២ លាននាក់បានស្លាប់ដោយសារជំងឺនេះ។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins នៅក្នុងសហរដ្ឋអាមេរិក។
ករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ បន្ដកើនឡើងនៅក្នុងសហរដ្ឋអាមេរិក។ សាកលវិទ្យាល័យ Johns Hopkins បានរាយការណ៍កាលពីព្រឹកថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ១៩ ជិត ២៥ លានករណី និងមានករណីស្លាប់ដោយសារជំងឺនេះជាង ៤១៧.០០០ ករណី ដែលតួលេខទាំងពីរនេះគឺជាតួលេខខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក។
ប្រទេសឥណ្ឌាស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក ដោយមានករណីឆ្លងចំនួន ១០ លាន ៦ សែនករណី និងករណីស្លាប់ជាង ១៥៣.០០០ ករណី។ ប្រទេសប្រេស៊ីល មានករណីឆ្លងជិត ៩ លានករណី និងករណីស្លាប់ជាង ២១៦.០០០ ករណី។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានមានប្រសាសន៍ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចធ្វើឲ្យការរាតត្បាតជាសាកលនៃជំងឺនេះស្ថិតនៅក្រោមការគ្រប់គ្រងបាន ដោយដំណើរការចាក់វ៉ាក់សាំងនេះកំពុងធ្វើឡើងនៅតាមប្រទេសជាង ៥០។ ក៏ប៉ុន្តែ លើកលែងតែប្រទេសពីរចេញប៉ុណ្ណោះ ប្រទេសទាំងអស់នោះគឺជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ឬមធ្យម៕