ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

នាយក​អង្គការ​សុខភាព​ពិភពលោក​ស្វាគមន៍​​​ការ​ចូលរួម​វិញ​របស់​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ នាយក​អង្គការ​សុខភាព​ពិភពលោក​លោក Tedros Adhanom Ghebreyesus ចូលរួមកិច្ចប្រជុំស្តីអំពីការទប់ស្កាត់ជំងឺកូវីដ១៩ នៅទីស្នាក់ការអង្គការសុខភាពពិភពលោក ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។

នៅ​ថ្ងៃ​ដំបូង​ដែល​ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ​Joe Biden ​កាន់តំណែង​ពេញ​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ព្រហស្បតិ៍ អ្នក​ជំនាញ​កំពូល​ខាង​ជំងឺ​ឆ្លង​របស់អាមេរិក បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​នឹង​ចូល​រួម​ក្នុង​កិច្ច​ផ្ដួច​ផ្ដើម​ជា​សាកល ដើម្បី​ផ្ដល់​វ៉ាក់សំាង​កូវីដ១៩ ដល់​ប្រទេស​ក្រីក្រ។

លោក​វេជ្ជបណ្ឌិត Anthony Fauci នាយក​រធាន​វិទ្យាស្ថាន​ជាតិ​អាឡែស៊ី​និង​ជំងឺ​ឆ្លងរបស់​សហរដ្ឋ​អាមេរិក និង​ជា​ប្រធាន​ទីប្រឹក្សា​វេជ្ជសាស្ត្រ​របស់​លោក​ប្រធានាធីបតី Biden បាន​ប្រាប់​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​ការប្រជុំ​តាម​វីដេអូ​មួយ ថា ​សហរដ្ឋ​អាមេរិក​នឹង​ចូល​រួម​គម្រោង​ផ្ដល់​វ៉ាក់​សាំង​កូវីដ​១៩​ ជាសកល ឬ​ហៅ​កាត់​ថា COVAX ដែល​ជា​សម្ព័ន្ធភាព​អន្តរជាតិ​មួយដឹកនាំដោយអង្គការ​សុខភាព​ពិភពលោក ដែល​មាន​គោល​បំណង​ផ្ដល់​វ៉ាក់សំាង​កូវីដ១៩ ដល់​ប្រទេស​ក្រីក្រ​បំផុត​របស់ពិភពលោក។​

លោក​វេជ្ជបណ្ឌិត​ Fauci ក៏​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​បំពេញ​កាតព្វកិច្ច​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួនចំពោះ​ទីភ្នាក់ងារ​សុខភាព​របស់​អង្គការ​សហប្រជាជាតិ​នេះ និង​រក្សា​បុគ្គលិក​ដូច​កាល​ពី​មុន។ ការ​ថ្លែង​របស់​លោក កើត​ឡើង​មួយថ្ងៃ​បន្ទាប់​ពី​លោក​ Joe Biden ចេញ​បទបញ្ជា​ក្នុង​ថ្ងៃ​ដំបូង​ [ក្នុង​នាម​ជា​ប្រធានាធិបតី] ដោយ​សន្យា​ថា​ នឹង​ស្ដារ​ទំនាក់ទំនង​រវាង​អាមេរិក​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​វិញ។

អតីត​ប្រធានាធិបតី​លោក Donald Trump បាន​ប្រកាស​កាល​ពី​ខែ​ឧសភាថា ​លោក​បាន​ដក​អាមេរិក​ចេញ​ពី​អង្គការ ​WHO ដោយ​ចោទ​ប្រកាន់​អង្គការ​នេះ ថា​បាន​ជួយ​ប្រទេស​ចិន​លាក់បាំងកម្រិត​ធ្ងន់ធ្ងរនៃ​ជំងឺ​កូវីដ១៩ ដែល​ត្រូវ​រក​ឃើញ​ដំបូង​បំផុតនៅ​ទីក្រុង​ Wuhan ភាគ​កណ្តាល​ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ ២០១៩។​

នាយក​អង្គការ​សុខភាព​ពិភពលោក​លោក Tedros Adhanom Ghebreyesus បាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ប្រកាស​របស់​លោក​វេជ្ជបណ្ឌិត Fauci ថា៖ «នេះ​ជា​ថ្ងៃ​ល្អ​សម្រាប់​អង្គការ​សុខភាព​ពិភពលោក ហើយ​ជាថ្ងៃ​ល្អ​សម្រាប់​សុខភាព​សាកលលោក»។​

នៅ​ក្នុង​រឿង​ពាក់​ព័ន្ធ​គ្នា​នេះ​ដែរ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា កិច្ចផ្ដួច​ផ្ដើម COVAX បាន​ប្រកាសនៅ​ថ្ងៃ​ព្រសហ្បតិ៍​ថា ខ្លួនមាន​គម្រោង​ចែក​ចាយវ៉ាក់សាំង​កូវីដ១៩ ចំនួន ១.៨០០​លាន​ដូស​ដល់​ប្រទេស​ក្រីក្រ​ទំាង​ឡាយ​ក្នុង​ឆ្នាំ ២០២១ ហើយ​សង្ឃឹម​ថា​ នឹងផ្ដល់​ឲ្យ​ប្រទេសអ្នក​មាននូវ​វ៉ាក់សំាង​គ្រប់​ចំនួន នៅ​ឆមាស​ទី​២ ឆ្នំា​នេះ​ផង​ដែរ។

ពិភពលោក​កំពុងប្រញាប់ប្រញាល់​ដើម្បី​ផលិត និង​ចែកចាយ​វ៉ាក់សំាង​កូវីដ១៩ រាប់​ពាន់​លាន​ដូស ដើម្បី​ទប់ទល់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដែល​បាន​សម្លាប់​មនុស្ស​ជាង​ ២​លាន​នាក់ ក្នុង​ចំណោម​មនុស្ស ៩៧ លាន​នាក់​ ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩។ នេះ​យើង​តាម​ទិន្នន័យ​ពី​សាកល​វិទ្យាល័យ Johns Hopkins

XS
SM
MD
LG