ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​សន្យា​ចូលរួម​ជាមួយ​កម្មវិធី​ចាក់​វ៉ាក់សាំង​កូវីដ១៩ ជា​សាកល​របស់​អង្គការ​សុខភាព​ពិភពលោក


លោក​វេជ្ជបណ្ឌិត Anthony Fauci ប្រធាន​វិទ្យាស្ថាន​ជាតិ​អាឡែស៊ី​និង​ជំងឺ​ឆ្លង ថ្លែងតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងកិច្ចពិភាក្សាលើក១៤៨នៃក្រុមប្រឹក្សាស្តីពីជំងឺរាតត្បាតកូវីដ១៩ ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

អ្នក​ជំនាញ​កំពូល​ផ្នែក​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក​លោក​វេជ្ជបណ្ឌិត Anthony Fauci បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ចូលរួម​នៅ​ក្នុង​គម្រោង​ផ្ដួចផ្តើម​ជា​សាកល ​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​កូវីដ១៩ ដល់​បណ្តា​ប្រទេស​ក្រីក្រ​នានា។

លោក Fauci គឺជា​ប្រធាន​វិទ្យាស្ថាន​ជាតិ​អាឡែស៊ី​និង​ជំងឺ​ឆ្លង និង​ជាប្រធានទីប្រឹក្សា​វេជ្ជសាស្រ្ដ​របស់​ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក​លោក Joe Biden។

លោក​បាន​ប្រាប់​ក្រុម​ប្រឹក្សាប្រតិបត្តិ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុងកិច្ច​ប្រជុំ​តាម​រយៈ​វីដេអូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហរដ្ឋ​អាមេរិក​នឹង​ចូលរួម​ជាមួយ​កម្មវិធី​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩ របស់​អង្គការ WHO ដែល​ហៅ​ថា COVAX សម្ព័ន្ធភាព​នវានុវត្តន៍​ត្រៀម​សម្រាប់​ជំងឺ​រាតត្បាត (Coalition for Epidemic Preparedness Innovations) និង​អង្គការ Gavi the Vaccine Alliance ដែល​ជា​អង្គការ​បង្កើត​ដោយ​មូលនិធិ Bill and Melinda Gates ដើម្បី​ចាក់​វ៉ាក់សាំងបង្ការ​ដល់​កុមារ​ក្នុង​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក។

លោក Fauci ក៏​បាន​និយាយ​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​នឹង​បំពេញ​តាម​កាតព្វកិច្ច​ហិរញ្ញវត្ថុ​របស់​ខ្លួន​ចំពោះ​អង្គការ WHO និង​រក្សា​ទុក​នូវការ​សន្យា​កន្លង​មក​ក្នុងការផ្តល់​បុគ្គលិក​របស់​ខ្លួន។

លោក Fauci ថ្លែង​ដូច្នេះ​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក​ប្រធានាធិបតី Biden បាន​ដាក់​ចេញ​នូវបទ​បញ្ជា​ក្នុង​ថ្ងៃ​ទី​មួយនៃការ​ចូល​កាន់​តំណែង​របស់​លោក ដោយ​សន្យា​ថានឹង​ស្តារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​របស់​សហរដ្ឋអាមេរិក​ជាមួយ​អង្គការ WHO។

កាល​ពី​ខែ​ឧសភា​ឆ្នាំ​មុន លោក​អតីត​ប្រធានាធិបតី Donald Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​អង្គការ WHO ដោយ​បាន​ចោទ​ប្រកាន់​អង្គការ​នេះ​ថា​បាន​ជួយ​ប្រទេស​ចិនបិទបាំង​វិសាលភាព​នៃវីរុស​ជំងឺ​កូវីដ១៩។ វីរុស​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុងទីក្រុង Wuhan ប្រទេស​ចិន កាល​ពីចុង​ឆ្នាំ ២០១៩។

អគ្គនាយក​អង្គការ WHO លោក Tedros Adhanom Ghebreyesus បាន​ឆ្លើយតប​ចំពោះ​ការ​ប្រកាស​របស់​លោក Fauci ថា៖ «នេះ​ជា​ថ្ងៃ​ល្អសម្រាប់​អង្គការ WHO និង​ជា​ថ្ងៃ​ល្អ​សម្រាប់​សុខភាព​ជា សាកល»៕

XS
SM
MD
LG