អំពើពុករលួយក្នុងពិភពលោកបំផ្លាញសេដ្ឋកិច្ចពិភពលោកប្រមាណ២,៦លានលានដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាមអ.ស.ប. ដែលកំពុងរៀបចំប្រារព្ធទិវាប្រឆាំងនឹងអំពើពុករលួយអន្តរជាតិនៅថ្ងៃអាទិត្យនេះ។
អង្គការសហប្រជាជាតិបាននិយាយថា៖ «អំពើពុករលួយគឺជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលអាចធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅក្នុងសង្គមទាំងអស់។ គ្មានប្រទេសណាមួយ តំបន់ណាមួយ ឬសហគមន៍ណាមួយអាចស៊ាំឬទ្រាំទ្រនឹងអំពើពុករលួយបានទេ»។
អំពើពុករលួយលួចទឹកប្រាក់២,៦លានលានដុល្លារក្នុងមួយឆ្នាំ គឺស្មើនឹងជាង៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក។ អ.ស.ប. បាននិយាយថា ប្រាក់ចំនួន១លានលានដុល្លារត្រូវបានលួចជារៀងរាល់ឆ្នាំតាមរយៈអំពើពុករលួយគឺនៅក្នុងទម្រង់នៃការសូកប៉ាន់។
លោកស្រី Patricia Moreira នាយិកាគ្រប់គ្រងនៃអង្គការតម្លាភាពអន្តរជាតិ បានប្រាប់វីអូអេថា ប្រហែលមួយភាគបួននៃប្រជាជនពិភពលោកបានបង់ប្រាក់សំណូកនៅពេលព្យាយាមប្រើសេវាសាធារណៈកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីវិធានវាស់ស្ទង់អំពើពុករលួយសកល (Global Corruption Barometer)៕