ពិភពលោកនៅពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនលើសពីចំនួន៤០លាននាក់ហើយ។ យោងតាមស្ថិតិនៃសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ នេះ អ្នកឆ្លងដោយជំងឺកូវីដ១៩ បានកើនឡើងចំនួនជាង៤០លាននាក់ហើយ ហើយអ្នកស្លាប់ដោយសារជំងឺនេះ មានចំនួនជាង១លាន ១សែននាក់ហើយដែរ រហូតមកដល់ពេលនេះ។
ករណីថ្មីៗបំផុតនោះ រួមមានការឆ្លងជំងឺកូវីដ១៩ទៅលើលោក Saeb Erekat (សាអ៊ីប អែរិកខាត)អ្នកចរចាជើងចាស់របស់ប៉ាឡេស្ទីន និងជាអគ្គលេខាធិការបស់អង្គការរំដោះជាតិប៉ាឡេស្ទីនផងដែរ ដែលត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Jerusalem ភ្លាមៗកាលពីថ្ងៃអាទិត្យ ដែលនៅទីនោះ លោកត្រូវបានគេដាក់ឧបករណ៍ជួយដកដង្ហើមផងដែរ។
មនុស្សសំខាន់មួយរូបទៀត ដែលបានឆ្លងជំងឺកូវីដ១៩នាពេលថ្មីៗនេះផងដែរ គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសអាហ្វ្រិកខាងត្បូងលោក Zweli Mkhize (ឆ្វែលលី ខាយ) ដែលបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា លោកនិងភរិយារបស់លោក ត្រូវបានធ្វើតេស្តរកឃើញវីរុសកូរ៉ូណមួយថ្ងៃមុនពេលលោកមានរោគសញ្ញាបន្តិចបន្តួចនោះ។ ព័ត៌មាននៃការឆ្លងកូវីដ១៩ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ កើតមានឡើង ក្រោយពីប្រទេសអាហ្រ្វិកខាងត្បូង មានអ្នកឆ្លងដោយសារជំងឺកូវីដ១៩ ច្រើនជាង៧សែននាក់។
តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ប្រទេសអ៊ីរ៉ង់ មានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ ចំនួន ៣៣៧នាក់ កាលពីថ្ងៃអាទិត្យ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក ក្នុងការស្លាប់ក្នុងមួយថ្ងៃនោះ ដែលការស្លាប់កន្លងមកមានតែចំនួន២៧៩នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ៕
ព័ត៌មានបន្ថែមដោយលោក Richard Green