ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កើន​ឡើង​ដល់​ជាង ៣៩ លាន​ករណី​នៅ​ទូទាំង​ពិភពលោក


បុគ្គលិក​សុខាភិបាល​ម្នាក់​យក​សំណាក​ពី​ក្នុង​ច្រមុះ​របស់​បុរស​ម្នាក់​ ដើម្បី​ធ្វើ​តេស្ត​រកជំងឺ​កូវីដ១៩ នៅ​ក្នុង​ផ្សារ​មួយ​ក្នុង​ក្រុង Gauhati ប្រទេស​ឥណ្ឌា ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។
បុគ្គលិក​សុខាភិបាល​ម្នាក់​យក​សំណាក​ពី​ក្នុង​ច្រមុះ​របស់​បុរស​ម្នាក់​ ដើម្បី​ធ្វើ​តេស្ត​រកជំងឺ​កូវីដ១៩ នៅ​ក្នុង​ផ្សារ​មួយ​ក្នុង​ក្រុង Gauhati ប្រទេស​ឥណ្ឌា ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។

សាកលវិទ្យាល័យ Johns Hopkins នៅ​ក្នុង​សហរដ្ឋអាមេរិក បាន​រាយការណ៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជាង ៣៩ លាន​ករណី​នៅ​ទូទាំង​ពិភពលោក និង​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​មាន​ចំនួន ១ លាន ១ សែន​ករណី។

សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៨ លាន ១ សែន​ករណី ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។

ឥណ្ឌា​បាន​ឲ្យ​ដឹង​នៅថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៦ ម៉ឺន ១ ពាន់​ករណី​ក្នុង​រយៈពេល ២៤ ម៉ោង​មុន​នេះ។ ឥណ្ឌា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ សរុប​ជិត ៧ លាន ៥ សែន​ករណី និង​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន​ជាង ១១៤.០០០ ករណី។ នេះ​បើ​យោង​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins។

ដង​ផ្លូវ​នានា​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​សភាព​ស្ងប់ស្ងាត់​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ដោយសារ​តែ​ទីក្រុង​នេះ​អនុវត្ត​បម្រាម​គោចរ​មិន​ឲ្យ​ពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ​ចាប់​ពី​ម៉ោង ៩ យប់​ដល់​ម៉ោង ៦ ព្រឹក ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។

មាន​ទីក្រុង​យ៉ាង​ហោច​ណាស់​ចំនួន ៧ ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​បារាំង​ដែល​កំពុង​អនុវត្ត​បម្រាម​គោចរ​ពេល​យប់​នេះ ដែល​មាន​ដូចជា ទីក្រុង Lyon ទីក្រុង Grenoble ទីក្រុង Aix-en-Provence ទីក្រុង Montpellier ទីក្រុង Lille ទីក្រុង Rouen និង​ទីក្រុង Saint-Étienne។ ទីក្រុង​ទាំង​នេះ​នឹង​ត្រូវ​អនុវត្ត​បម្រាម​គោចរ​នេះ​រយៈពេល ៤ សប្ដាហ៍។

ប្រទេស​ប៊ែលហ្សិក​នឹង​ចាប់​អនុវត្ត​បម្រាម​គោចរ​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ម៉ោង ១២ អាធ្រាត្រ ដល់​ម៉ោង ៥ ទាបភ្លឺ​ចាប់​ពី​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩ ដែល​កំពុង​តែ​កើនឡើង​នៅ​ក្នុង​ប្រទេស។ បន្ថែម​ពី​លើ​នេះ​ទៀត ប្រទេស​ប៊ែលហ្សិក​ក៏​បាន​បញ្ជា​ឲ្យ​ហាង​កាហ្វេ បារ និង​ភោជនីយដ្ឋាន​ទាំង​អស់​ផ្អាក​ដំណើរការ​ចាប់​ពី​ថ្ងៃ​ច័ន្ទ​ត​ទៅ​ផង​ដែរ។

រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប​ពីរ​នាក់ គឺ​លោក Alexander Schallenberg នៃ​ប្រទេស​អូទ្រីស និង​អ្នកស្រី Sophie Wilmè នៃ​ប្រទេស​ប៊ែលហ្សិក បាន​ឆ្លង​ជំងឺ​កូវីដ១៩។ អ្នកទាំង​ពីរ​បាន​ចូលរួម​កិច្ចប្រជុំ​សហភាព​អឺរ៉ុប​មួយ​នៅ​ក្នុង​ប្រទេស​លុចហ្សំបួរ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ៕

XS
SM
MD
LG