ការព្យាករណ៍ថាជំងឺកូវីដ១៩នឹងកើនឡើងនៅពេលដែលរដូវត្រជាក់ចូលមកដល់នៅក្នុងតំបន់អឌ្ឍគោលខាងជើងហាក់ដូចជាកំពុងកើតឡើងមែន។
ករណីឆ្លងប្រចាំថ្ងៃទូទាំងសាកលលោកបានឡើងទៅដល់ ៣៣ ម៉ឺនករណី ក្នុងមួយថ្ងៃ ដោយតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងកើនឡើងគួរឲ្យព្រួយបារម្ភ។
នៅក្នុងសហរដ្ឋអាមេរិក អ្នកជំនាញកំពូលខាងជំងឺឆ្លងបានប្រាប់ប្រជាពលរដ្ឋអាមេរិកាំងឲ្យគិតឡើងវិញពីផែនការរបស់ខ្លួន នៅថ្ងៃបុណ្យ Thanksgiving នៅចុងខែវិច្ឆិកា នៅពេលដែលប្រជាពលរដ្ឋជាច្រើនធ្វើដំណើរកាត់តាមស្ថានីយធ្វើដំណើរនានា ដូចជាស្ថានីយរថយន្តដឹកអ្នកដំណើរ ស្ថានីយរថភ្លើង និងអាកាសយានដ្ឋានជាមួយក្រុមគ្រួសាររបស់ខ្លួន។
លោកវេជ្ជបណ្ឌិត Anthony Fauci បានប្រាប់បណ្តាញទូរទស្សន៍ ABC News ថា៖ «ប្រសិនបើអ្នកមានមនុស្សដែលងាយរងគ្រោះ ចាស់ៗ ឬមនុស្សដែលមានជំងឺប្រចាំកាយ អ្នកគួរតែពិចារណាថា តើអ្នកចង់ធ្វើដំណើរនៅពេលឥឡូវនេះដែរឬទេ»។ លោកបានស្នើឲ្យអ្នកធ្វើដំណើរទាំងនោះពន្យារផែនការ រហូតទាល់តែជំងឺរាតត្បាតនោះត្រូវបានគ្រប់គ្រង»។
លោក Fauci បានមានប្រសាសន៍ទៀតថា៖ «យើងប្រាកដមានការប្រុងប្រយ័ត្ននៅពេលនេះ ដែលក្រុមគ្រួសារនីមួយៗត្រូវវាយតម្លៃពីហានិភ័យនេះ»។
នៅថ្ងៃសៅរ៍នេះ ប្រទេសបារាំង នឹងចាប់ផ្តើមបំរាមគោចរណ៍ពីម៉ោង ៩ យប់ដល់ម៉ោង ៦ ព្រឹកសម្រាប់តំបន់ក្រុងប៉ារីស និងទីក្រុងយ៉ាងហោចណាស់ក៏ ៧ ផ្សេងទៀតដែរ។ បំរាមគោចរណ៍នោះនឹងស្ថិតនៅជាធរមានយ៉ាងហោចណាស់ក៏ ៤ សប្តាហ៍ទៀតដែរ។
លោកស្រីអធិការបតី Angelar Merkel នៃប្រទេសអាល្លឺម៉ង់និងអភិបាលរដ្ឋ ១៦ ទៀត បានព្រមព្រៀងដាក់ការរឹតត្បិតថ្មីទូទាំងប្រទេស បន្ទាប់ពីករណីជំងឺកូវីដ១៩ បានកើនឡើង៕