ក្រុមមេដឹកនាំពិភពលោកបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia) ដើម្បីសម្តែងការគោរពនៅក្រោយការចូលទីវង្គតនៃព្រះចៅ Abdullah។ ទោះណាជាមានភាពតានតឹងរវាងប្រទេសជាតិទាំងពីរក៏ដោយ ក៏លោករដ្ឋមន្ត្រីការបរទេស Iran Mohammad Javad Zarif ជាឥស្សរជនម្នាក់ក្នុងបណ្តាក្រុមឥស្សរជនបរទេសដែលបានទៅដល់មុនគេកាលពីថ្ងៃសោរ៍។
លោកប្រធានាធិបតីស.រ.អា.បារ៉ាក់អូបាម៉ាលុបចោលទស្សនកិច្ចមួយក្នុងប្រទេសឥណ្ឌាដើម្បីធ្វើដំណើរតាមយន្តហោះទៅកាន់ព្រះរាជាណាចក្រនេះដែលគ្រប់គ្រងដោយក្រុម Sunni នៅថ្ងៃអង្គារ។ លោកអនុប្រធានាធិបតី Joe Biden នឹងដឹកនាំគណៈប្រតិភូមួយក្នុងនាមលោកប្រធានាធិបតី ក៏ប៉ុន្តែលោកនឹងឋិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ក្រុមឥស្សរជនឯទៀតៗដែលធ្វើដំណើរទៅដល់ដើម្បីសម្តែងមរណទុក្ខនិងជួបជាមួយព្រះចៅអង្គថ្មីនៃប្រទេសអារ៉ាប៊ីសាអូឌីតមានព្រះអង្គម្ចាស់ Charles និងលោកនាយករដ្ឋមន្ត្រី David Cameron នៃប្រទេសអង់គ្លេស លោកប្រធានាបតីបារាំង Francois Hollande និងលោកប្រធានាធិបតី Egypte Abdel Fattah el-Sissi។ វីដេអូមួយដែលគេបានផ្សាយកាលពីថ្ងៃសៅរ៍បានបង្ហាញឱ្យឃើញគណៈប្រតិភូអារ៉ាប៊ីសាអូឌីតមួយទៅទទួលលោកប្រធានាធិបតីនៃប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសទុយនីស៊ី និងលោកអនុប្រធានាធិបតីនៃប្រទេសឥណ្ឌានិងប្រទេសឥណ្ឌូនេស៊ី។
លោកប្រធានាធិបតី Recep Tayyib Erdogan នៃប្រទេសទួរគីឋិតនៅក្នុងចំណោមក្រុមមេដឹកនាំអ៊ីស្លាមដែលបានចូលរួមក្នុងពីធីបុណ្យព្រះសពព្រះចៅ Abdullah កាលពីថ្ងៃសុក្រនៅក្នុងរាជធានីរីយ៉ាដ (Riyadh)។
ព្រះចៅ Abdullah ដែលមានព្រះជន្ម៩០ព្រះវស្សាបានសុគតកាលពីថ្ងៃសុក្រដោយសារជំងឺរលាកសួត។ ព្រះចៅ Salman ដែលជាព្រះអនុជមានបិតារួមគ្នារបស់ព្រះអង្គបានទ្បើងសោយរាជ្យតពីព្រះអង្គ៕