ក្រុមអ្នកវិភាគសិក្សាអំពីការបះបោររបស់ប្រជាពលរដ្ឋ ដែលឥឡូវនេះបានធ្វើឲ្យញ័ររញ្ជួយនៅក្នុងពិភពអារ៉ាប់ភាគច្រើន កំពុងចាប់ផ្តើមឆ្ងល់ស្តីពីថាតើ ភាពចលាចលនេះ អាចរាលដាលទៅដល់ប្រទេសអារ៉ាប៊ី សាអូឌី (Saudi Arabia) ដែរឬអត់ ដែលរបបរាជានិយមដាច់ខាតរបស់ប្រទេសនេះ ជាប្រទេសនាំប្រេងចេញធំជាងគេបំផុតនៅក្នុងពិភពលោក និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក។ មានការអំពាវនាវរួចហើយ សុំឲ្យមានកំណែទម្រង់នយោបាយ នៅអារ៉ាប៊ី សាអូឌី ហើយឥឡូវនេះ មានកិច្ចប្រឹងប្រែងដើម្បីរៀបចំការតវ៉ាជាសាធារណៈ ដែលមិនធ្លាប់មានពីមុនមក។
នៅពេលដែលការបះបោររបស់ប្រជាពលរដ្ឋ បានបណ្តេញរដ្ឋាភិបាលរបស់ប្រទេសទុយណេស៊ី ចេញពីអំណាច កាលពីខែមករា ក្រុមអ្នកជំនាញ បានទស្សទាយន៍ថាអាចមានការងើបបះបោរស្រដៀងគ្នានេះដែរ នៅតាមបណ្តាប្រទេសអារ៉ាប់ដទៃទៀត ដែលមានរដ្ឋាភិបាលផ្តាច់ការ។ នៅក្នុងរយៈពេលខ្លីមួយ ការបះបោរ ពិតជាបានផ្ទុះឡើងមែន នៅប្រទេសអេហ្ស៊ីប យ៉េមេន ហ្សកដង់ លីប៊ី និងប្រទេសដែនដីកោះឈ្មោះ បារ៉េន (Bahrain) ដែលស្ថិតនៅត្រង់ម្តុំឆ្នេរសមុទ្ររបស់អារ៉ាប៊ី សាអូឌី។
ប៉ុន្តែ បើទោះជាមានភាពចលាចលនៅជុំវិញរាជាណាចក្រទាំងអស់ក៏ដោយ ក្រុមអ្នកជំនាញជាច្រើន បន្តទទូចឡើងថា ការបះបោរស្រដៀងគ្នានេះដែរ ទំនងជាមិនកើតមានទេ នៅក្នុងសង្គមអភិរក្សនិយម ដូចករណីអារ៉ាប៊ី សាអូឌី នេះ។ មិនមែនមនុស្សទាំងអស់យល់ស្របឡើយ។ ប្រជាពលរដ្ឋអារ៉ាប៊ី សាអូឌី ជាច្រើនពាន់នាក់ បានចូលរួមក្នុងក្រុមអ៊ីនធឺណិត ដោយអំពាវនាវសុំឲ្យមានការតវ៉ានៅក្នុង «ទិវារចងកំហឹង» មួយ នៅក្នុងរាជធានីរីយ៉ាឌ (Riyadh) នៅថ្ងៃសុក្រ ទី១១ ខែមីនាកន្លងមកនេះ។ ទិសដៅ គឺត្រូវជំរុញឲ្យមានកំណែទម្រង់ខាងនយោបាយ និងសង្គម នៅក្នុងរាជាណាចក្រអារ៉ាប៊ី សាអូឌី ដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត។ លើសពីនេះទៀត ក្រុមអ្នកស្រាវជ្រាវ សកម្មជន និងអ្នកជំនួញនាំមុខគេ ជាតិអារ៉ាប៊ី សាអូឌី ចំនួនជាង១០០នាក់ បានចុះហត្ថលេខាលើញ្ញតិមួយ កាលពីខែមុន ដោយទទូចសុំ ព្រះមហាក្សត្រ អាប់ឌូឡោះ (King Abdullah) ឲ្យអនុម័តកំណែទម្រង់ទ្រង់ទ្រាយធំ ដោយរាប់បញ្ចូលទាំង ការបង្កើតឲ្យមានរបបរាជនិយមអាស្រ័យរដ្ឋធម្មនុញ្ញទៀតផង។
លោក សូឌ កាប្ល៊ី (Saud Kabli) ជាអ្នកធ្វើអត្ថាធិប្បាយខាងនយោបាយ ឲ្យកាសែតសាអូឌី ឈ្មោះ អាល់វ៉ាតាន (Al-Watan)។
«វាជាការលឿនពេកក្នុងការនិយាយអំពីរឿងបែបនេះនៅអារ៉ាប៊ី សាអូឌី។ ជាបឋម បរិស្ថានសង្គម មិនទាន់ឈានដល់កម្រិតចាំបាច់ខ្លាំង ដើម្បីឲ្យមានការផ្លាស់ប្តូរបែបនោះទេ។ ជាការណ៍ពិតណាស់ អ្នកនឹងមានក្រុមមួយចំនួន ដែលអំពាវនាវសុំឲ្យមានទិវារចងកំហឹងនេះ ហើយអ្នកនឹងមានក្រុមអ្នកគាំទ្រមួយចំនួនដែរពីទីនេះ និងទីនោះជាដើម ប៉ុន្តែ ការអំពាវនេះ គឺផុសចេញពីអារម្មណ៍ច្រើនជាងហេតុផល។ នៅអារ៉ាប៊ី សាអូឌី យើងគ្មានទស្សនៈវិស័យស៊ីសង្វាក់គ្នា សូម្បីតែនៅក្នុងចំណោមក្រុមយុវជនខុសៗគ្នាក៏ដោយ។ ឥឡូវនេះ ការយល់ដឹង តម្រូវឲ្យមាននៅអារ៉ាប៊ី សាអូឌី ហើយកិច្ចការនេះ នឹងត្រូវការពេលខ្លះ ដើម្បីឲ្យរឿងទាំងនេះ អាចវិវត្តន៍ទៅមុខបាន»។
ដោយកត់សម្គាល់ឃើញថា បាតុកម្មជាសាធារណៈ ជាការខុសច្បាប់នៅអារ៉ាប៊ី សាអូឌី លោកកាប្ល៊ី មានប្រសាសន៍ថា វប្បធម៌របស់អារ៉ាប៊ី សាអូឌី មានលក្ខណៈប្រពៃណី និងប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការសម្តែងជាសាធារណៈ នូវការមិនគោរពផ្នែកសង្គម។ ក្នុងករណីខ្លះ អ្នកធ្វើអត្ថាធិប្បាយរូបនេះ ថ្លែងថា ការផ្លាស់ប្តូរ អាចកើតឡើងជាបន្តបន្ទាប់ ដោយសារតែរាជាណាចក្រនេះ គ្មានគណបក្សនយោបាយ ឬប្រព័ន្ធរដ្ឋសភានិយមឡើយ។ លោក ទទួលស្គាល់ពីសេចក្តីត្រូវការឲ្យមានការពិភាក្សាគ្នា អំពីកំណែទម្រង់ដ៏ចាំបាច់ ប៉ុន្តែមិនមែនជាការផ្លាស់ប្តូរសង្គមនោះឡើយ។
«យើងត្រូវមានយុវជនកាន់តែច្រើននៅក្នុងរដ្ឋាភិបាល នៅក្នុងជួរថ្នាក់ដឹកនាំ ដែលលើកកម្ពស់ ទស្សនៈវិស័យរបស់យុវជន។ ប្រជាពលរដ្ឋ កំពុងអំពាវនាវសុំឲ្យមានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ឧទាហរណ៍ អ្នកមិនអាចមានរបបរាជាអាស្រ័យរដ្ឋធម្មនុញ្ញ ដោយមិនចាំបាច់មានប្រព័ន្ធសភាយ៉ាងរឹងមាំមួយបានទេ និងការយល់ដឹងរបស់ពលរដ្ឋក្នុងការកំណត់ការបោះឆ្នោត។ ខ្ញុំគិតថា អ្វីដែលត្រូវធ្វើនោះគឺត្រូវផ្តួចផ្តើមឲ្យមានដំណើការនេះសិន។ យើងត្រូវតែចាប់ផ្តើមការចរចាជាក់ស្តែងមួយ ដើម្បីពិភាក្សាស្តីពីថាតើយើងនឹងនាំយកកិច្ចការទាំងនេះឆ្ពោះទៅរកការបង្កើតទស្សនៈវិស័យមួយយ៉ាងដូចម្តេច»។
ប្រហែលជាមានប្រតិកម្មតបទៅនឹងភាពចលាចលនៅកន្លែងផ្សេងៗ នៅក្នុងពិភពអារ៉ាប់ កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រ អាប់ឌុលឡោះ បានប្រកាសអំពីផែនការជួយសង្គ្រោះក្នុងទឹកប្រាក់ចំនួន៣៧ពាន់លានដុល្លារ ដោយរាប់បញ្ចូលទាំងការលុបចោលបំណុល និងការបង្កើនការចំណាយក្នុងជីវភាពរស់នៅចំនួន១៥ភាគរយ សម្រាប់និយោជិតក្នុងវិស័យសាធារណៈទៀតផង។ ព្រះអង្គ ក៏បានផ្តល់ដល់អ្នកទាំងនោះនូវប្រាក់កម្ចីមិនយកការប្រាក់ សម្រាប់អ្នកដែលហៀបនឹងរៀបអាពាហ៍ពិពាហ៍ ហើយចាប់ផ្តើមប្រកបមុខរបរ។
ប៉ុន្តែ សម្រាប់ក្រុមអ្នកស្រាវជ្រាវ សកម្មជន និងអ្នកជំនួញរបស់អារ៉ាប៊ី សាអូឌី ដែលបានធ្វើញ្ញតិទៅកាន់ព្រះមហាក្សត្រ កាលពីខែមុនវិញ ការផ្តល់ជូនផ្នែកហិរញ្ញវត្ថុ មិនទាន់គ្រប់គ្រាន់នោះទេ។ ជាជំនួសវិញ ពួកគេអំពាវនាវសុំឲ្យមានកំណែទម្រង់ផ្នែកនយោបាយទ្រង់ទ្រាយធំ ដោយរាប់បញ្ចូលទាំង សិទ្ធិក្នុងការបង្កើតគណបក្សនយោបាយ និងសិទ្ធិក្នុងការជ្រើសរើសក្រុមប្រឹក្សាស៊ូរ៉ា (Shura)។ អនុលោមតាមរបបរាជានិយមអាស្រ័យធម្មនុញ្ញរបស់អារ៉ាប៊ី សាអូឌី ក្រុមប្រឹក្សាស៊ូរ៉ា មិនមែនជាអង្គនីតិប្បញ្ញតិទេ ប៉ុន្តែគ្រាន់តែជាក្រុមជំនុំពិគ្រោះយោបល់ ហើយសមាជិករបស់ខ្លួនទាំងអស់ ត្រូវតែងតាំងដោយព្រះមហាក្សត្រ។ លោកស្រី ម៉ារីណា អូតាវ៉េ (Marina Ottaway) ជានាយិកានៃកម្មវិធីមជ្ឈិមបូព៌ា នៃអង្គការទេយ្យទានខាណឺជីដើម្បីសន្តិភាពអន្តរជាតិ (Carnegie Endowment for International Peace) នៅទីក្រុងវ៉ាស៊ីនតោន។ លោកស្រី ថ្លែងថា អារ៉ាប៊ី សាអូឌី មានភាពខុសគ្នាខ្លាំងពីប្រទេសអារ៉ាប់ជាច្រើន ដែលបានជួបប្រទះរួចហើយ នូវការបះបោររបស់ប្រជាពលរដ្ឋ ហើយលោកស្រីបានទស្សទាយន៍ថា កំណែទម្រង់នយោបាយនៅទីនោះ នឹងមិនមែនជារឿងងាយស្រួលឡើយ។
«អារ៉ាប៊ី សាអូឌី ជាករណីមួយដ៏លំបាកជាងគេបំផុតមួយ។ អ្នកត្រូវចាប់ផ្តើមចេញពីចំណុចសូន្យ ហើយខ្ញុំមិនគិតថា សហរដ្ឋអាមេរិក មានគំនិតច្បាស់លាស់ស្តីពីថាតើដំណើការបែបណាខ្លះនឹងអាចនាំយកប្រទេសអារ៉ាប៊ី សាអូឌី ចេញពីកន្លែងដែលប្រទេសនេះ កំពុងស្ថិតនៅនាពេលឥឡូវនេះ ដើម្បីឲ្យក្លាយទៅជាប្រទេសមួយកាន់តែមានលទ្ធិប្រជាធិបតេយ្យជាងមុន ឬអ្វីជារបៀបនៃការផ្លាស់ប្តូរនោះ។ គ្មាននរណាអាចដឹងបានឡើយ»។
ក្រសួងមហាផ្ទៃរបស់អារ៉ាប៊ី សាអូឌី សច្ចាថានឹងប្រឹងប្រែងឲ្យអស់លទ្ធភាពក្នុងការថែរក្សាសិ្ថរភាព។ ហើយប្រសិនបើមានអំពើហិង្សាមែន រដ្ឋបាលលោកអូបាម៉ា អាចប្រឈមមុខនឹងបញ្ហាលំបាកថ្មីមួយ ក្នុងការធ្វើឲ្យមានតុល្យភាពរវាងសម្ព័ន្ធមិត្ត និងរាជវង្សានុវង្សអារ៉ាប៊ី សាអូឌី និងការសង្កត់ធ្ងន់ទៅលើការគោរពសិទ្ធិក្នុងការបញ្ចេញមតិដោយសេរី និងការជួបប្រជុំដោយសន្តិវិធី៕
ប្រែសម្រួលដោយ លី សុខ ឃាង