ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro នៅតែស្ថិតនៅដាច់ដោយឡែកពីគេនៅថ្ងៃព្រហស្បតិ៍នេះ គឺមួយថ្ងៃក្រោយមក បន្ទាប់ពីលោកបានប្រកាសថា លោកបានធ្វើតេស្តឃើញថាមានឆ្លងជំងឺកូវីដ១៩ ជាលើកទីពីរ។
ថ្លែងទៅកាន់អ្នកកាសែតនៅខាងក្រៅវិមានប្រធានាធិបតីក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា លោក Bolsonaro បាននិយាយថា លោកនឹងធ្វើតេស្តម្ដងទៀតនៅពេលប៉ុន្មានថ្ងៃខាងមុខ ដោយសង្ឃឹមថាអាចចាប់ផ្ដើមកិច្ចការមួយចំនួនរបស់លោកឡើងវិញ។
លោក Bolsonaro បានទទូចថា ថ្នាំ hydroxychloroquine ដែលជាថ្នាំព្យាបាលជំងឺគ្រុនចាញ់ បានជួយលោកទប់ទល់នឹងជំងឺកូវីដ១៩បាន ទោះបីជាអ្នកវិទ្យាសាស្ត្របាននិយាយថា គ្មានភស្តុតាងផ្នែកវេជ្ជសាស្ត្រណាមួយបង្ហាញអំពីប្រសិទ្ធភាពនៃថ្នាំនេះក៏ដោយ។
ចាប់តាំងពីជំងឺកូវីដ១៩ បានផ្ទុះឆ្លងរាលដាលដំបូងកាលពី ៤ ខែមុនមក លោក Bolsonaro ហាក់មិនគិតថា ជំងឺនេះមានភាពធ្ងន់ធ្ងរខ្លាំងនោះទេ ដោយបានរិះគន់អភិបាលរដ្ឋនានារបស់ប្រទេសប្រេស៊ីលថាបានដាក់កំហិតដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺនេះ។
ប្រទេសប្រេស៊ីលមានករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេបំផុតទីពីរនៅលើពិភលោក បន្ទាប់ពីសហរដ្ឋអាមេរិក។
ប្រទេសនេះមានករណីឆ្លងជំងឺនេះ ជិត ២ លាននាក់ និងករណីស្លាប់ជាង ៧៥.០០០ នាក់៕