ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់ប្រសើរឡើយដោយសារបញ្ហាសេដ្ឋកិច្ចនិងកង្វះវិនិយោគិនពីចិន


រូបឯកសារ៖ សំណង់អគារ​ត្រូវបាន​ទុកចោល​នៅ​ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
រូបឯកសារ៖ សំណង់អគារ​ត្រូវបាន​ទុកចោល​នៅ​ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

អ្នក​ជំនាញ​វិស័យ​អចលនទ្រព្យ​អះ​អាង​ថា ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ឡើយ​នា​បច្ចុប្បន្ន​នេះ ដោយ​សារ​តែ​បញ្ហា​ប្រឈម​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​សេដ្ឋកិច្ច និង​ការ​មិន​សូវ​មាន​អ្នក​វិនិយោគ​ពី​បរទេស ​ជា​ពិសេសពី​ប្រទេស​ចិន។

នៅ​មុន​ជំងឺ​រាត​ត្បាត​កូវីដ​១៩ វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​មាន​សន្ទុះ​យ៉ាង​ខ្លាំង ហើយ​គេ​ឃើញ​មាន​កំណើន​នៃ​អគារ​ខ្ពស់ៗ សំណង់​លំនៅ​ឋាន និង​បុរី​បាន​រីក​សាយ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយ​ចំនួន ​រួម​មាន​ខេត្ត​ព្រះ​សីហនុ​ផង​ដែរ។

ខណៈ​អគារ និង​សំណង់​ជាច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​មិន​ទាន់​បាន​បញ្ចប់​ការ​សាង​សង់ ក្នុង​នោះ​នៅ​ជាយ​ក្រុង​ភ្នំពេញ​ក៏​មាន​សំណង់​បុរី​ខ្លះ​ត្រូវ​បាន​ជាប់​គាំង ហើយ​ត្រូវ​បាន​អ្នក​តាម​ដាន​ចោទ​សួរ​ថា ​តើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​អាច​នឹង​ត្រឡប់​មក​ប្រសើរ​វិញ​នៅ​ពេល​ណា?

របាយ​ការណ៍​របស់​ក្រុម​ប្រឹក្សា​អចលនទ្រព្យ ​CBRE Cambodia ក្នុង​ឆ្នាំ​ ២០២៣ ​ឱ្យ​ដឹង​ថា តម្លៃ​ជា​មធ្យម​នៃ​អចលនទ្រព្យ​បឋម​សម្រាប់​ទាំង​ខុនដូ និង​អចលន​ទ្រព្យ​ដី​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ធ្លាក់​ចុះ​ដល់​ទៅ​៣០​ភាគរយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៩។

អ្នកស្រី អាន សុធីតា អគ្គ​នាយិកា​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ PropNex Cambodia ប្រាប់​វីអូអេ​ថា ​លំហូរ​នៃ​ការទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា​មិន​មាន​ការ​ផ្លាស់​ប្តូរ​ប៉ុន្មាន​ឡើយ​នា​ពេល​បច្ចុប្បន្ន​ ហើយ​ចំនួន​អ្នក​វិនិយោគ​ក៏​មិន​សូវ​មាន​ប៉ុន្មាន​ដែរ។ អ្នកស្រី​បន្តថា​ អ្នក​វិនិ​យោគ​ភាគ​ច្រើន​ គឺ​ជា​អ្នក​នៅ​ក្នុង​ស្រុក ហើយ​បើ​ទោះ​ជា​មាន​អ្នក​វិនិយោ​គ​បរទេស​ក៏​ស្ថិត​នៅ​ក្នុង​លក្ខណៈ​ទ្រង់​ទ្រាយ​តូច​ផង​ដែរ។

អ្នកស្រី​បញ្ជាក់​ថា​ ការ​ថយ​ចុះ​នៃ​ការ​ទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា​បណ្តាល​មក​ពី​កត្តា​ជាច្រើន ក្នុង​នោះ​មាន​ដូច​ជា​បញ្ហា​សេដ្ឋកិច្ច ការ​ផ្គត់​ផ្គង់ និង​តម្រូវ​ការ​ទីផ្សារ ព្រម​ទាំង​ការ​កើន​ឡើង​នៃ​អត្រា​ការ​ប្រាក់​ ដែលសុទ្ធ​ជា​កត្តា​ប៉ះ​ពាល់​ធំ​ៗ​ដែល​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​ថយ​ចុះ។

អ្នកស្រី​ថ្លែង​ថា៖ «ទាក់​ទង​ជាមួយ​កត្តា​នៃ​ការ​រំពឹង​ទុក​របស់​អ្នក​វិនិយោគ​មិន​ថា​ក្នុង​ស្រុក​ ឬ​ក្រៅ​ស្រុក​ គាត់​តែង​តែ​មាន​ការ​គិត​មួយ​ថា​ អចលនទ្រព្យប្រសិន​បើ​ទិញ​ឥឡូវ​ទៅ​វា​អាច​មិន​សូវ​ល្អ​ចាំ​មើល​បន្តិច​ទៀត​ វា​អាច​ល្អ​ជាង​ហ្នឹង​ តម្លៃ​ទាប​ជាង​មុន​។ បើ​វិនិយោគ​ឥឡូវ​ទៅ​ខ្លាច​តម្លៃ​ធ្លាក់​ចុះ​ធ្វើ​ឱ្យ​គាត់​ខាត»។

នៅ​មុន​ជំងឺ​រាតត្បាត​កូវីដ​១៩ ក្នុង​ឆ្នាំ​ ២០១៩ វិស័យ​អចលនទ្រព្យ​មាន​អ្នក​វិនិយោគ​ជា​ច្រើន​លើ​គ្រប់​ប្រភេទ​អចលនទ្រព្យ បើ​ធៀប​នឹង​ឆ្នាំ​ ២០២៣ គម្រោង​ជា​ច្រើន​ត្រូវ​បាន​កាត់​បន្ថយ ហើយ​សំណង់​សេល​សល់​ជា​ច្រើន​ត្រូវ​បាន​ពន្យារ​ពេល​សាង​សង់។ ចំណែក​តម្លៃ​អចលន​ទ្រព្យ​វិញ​ត្រូវ​បាន​មើល​ឃើញ​ថា​ មាន​ការ​ធ្លាក់​ចុះ​ជា​គំហុក​ ដែល​តម្លៃ​ដី​នៅ​ក្នុង​ទីក្រុង​ និង​លំនៅ​ឋាន​បាន​ធ្លាក់​ប្រមាណ​ ១០%​ទៅ​ ២០% រួម​ទាំង​ខុនដូ​បាន​ធ្លាក់​តម្លៃ​ប្រមាណ​ ៣០%។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រី អាន សុធីតា។

ចំណែក​អ្នក​ជំនាញ​លើ​វិស័យ​អចលនទ្រព្យ​មួយ​រូបទៀត លោក នួន រិទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ Khmer Foundation Appraisal​(KFA)​ បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា ​ស្ថានភាព​បច្ចុប្បន្ន​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មិន​ទាន់វិវឌ្ឍ​ទៅ​ស្ថាន​ភាព​ល្អ​ប៉ុន្មាន​ឡើយ ពោល​គឺ​មាន​ភាព​ស្ងប់​ស្ងាត់​នៅ​ឡើយ។ លោក​បាន​បែង​ចែក​ទម្រង់​អចលនទ្រព្យ​ជា​ ៤ ដែល​ក្នុង​នោះ​មាន​ផ្នែក​កសិកម្ម ឧស្សាហកម្ម លំនៅឋាន និង​ពាណិជ្ជ​កម្ម ដោយ​លោក​បាន​បញ្ជាក់​ថា ​ទម្រង់​អចលនទ្រព្យ​ក្នុង​ផ្នែក​កសិកម្ម និង​ឧស្សាហកម្ម​នៅ​តែ​ដំណើរ​ការ​ល្អ​ជា​ធម្មតា។

រូបឯកសារ៖ កម្មករ​សំណង់​កំពុង​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​មួយ​ នៅជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ កម្មករ​សំណង់​កំពុង​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​មួយ​ នៅជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

ពាក់​ព័ន្ធ​នឹង​ការ​ទិញ​លក់​លំនៅឋាន​វិញ លោក នួន រិទ្ធី មើល​ឃើញ​ថា ​មាន​ការ​ថម​ថយ​បន្តិច​ ដោយ​ប្រជាជន​ភាគ​ច្រើន​បាន​ផ្អាក​ក្នុង​ការ​បង់​រំលោះ​លំនៅ​ឋាន​ដែល​មាន​តម្លៃ​ថ្លៃ។ ចំណែក​លំនៅ​ឋាន​បែប​ខុនដូ​វិញ ​មាន​ការ​ប្រែ​ប្រួល​តម្លៃ​ប្រមាណ​ ២៥% ហើយបញ្ហា​ប្រឈម​នោះ​គឺ​ខុន​ដូរ​ខ្លះ​មិន​ទាន់​បាន​បញ្ចប់​ការ​សាង​សង់​របស់​ខ្លួន​នៅ​ឡើយ ដែល​ធ្វើ​ឱ្យ​តម្រូវ​ការ​បាន​ថយ​ចុះ​ជា​ខ្លាំង។

លោក​ថ្លែង​ថា៖ «យើង​ឃើញ​ថា​ប្រជាជន​នៅ​តែ​បន្ត​ក្នុង​ការ​ទិញ​ និង​ចាប់​អារម្មណ៍​ក្នុង​ការ​បង់​ គ្រាន់​តែ​ក្នុង​ករណី​នេះ​គឺ​ពាក់​ព័ន្ធ​នឹង​ការ​បង់​រំលោះ​មាន​ការ​ថម​ថយ​ ប៉ុន្តែ​ក្នុង​ការ​ទិញ​ដាច់​ត្រឹម​ផ្ទះ​តម្លៃ​បី​បួន​ម៉ឺន​ ប្រាំ​ម៉ឺន​ចុះ​ក្រោម​អី​ ខ្ញុំ​ឃើញ​ថា​នៅ​តែ​មាន​ការ​ផ្ទេរ​ មាន​ការ​លក់​ដូរ ប៉ុន្តែ​វា​មិន​មាន​សក្តា​នុពល​ដូច​មុន​ដែល​ធនាគារ​ពាណិជ្ជ​ផ្តល់​ឥណទាន​ឱ្យច្រើន ដើម្បី​ជួយ​ដល់​បង​ប្អូន​ដែល​ត្រូវ​ការ​ឥណទាន​ទិញ​ផ្ទះ​បង់​រំលោះ»។

​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​វីអូអេ​បាន​សម្ភាសន៍​បាន​លើក​ឡើង​ថា ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ភាគ​ច្រើន​ពឹង​ផ្អែក​ទៅ​លើ​ការ​វិនិយោគ​ពី​បរទេស ហើយ​ប្រទេស​ចិន​មាន​ចំនួន​ច្រើន​ជាង​គេ ប៉ុន្តែ​ពួក​គេ​បាន​អះ​អាងថា ​ចាប់​តាំង​ពី​ជំងឺ​រាត​ត្បាត​កូវីដ​១៩​ មក មិន​ទាន់​មាន​អ្នក​វិនិយោគ​ពី​ចិន​មក​បន្ថែម​នោះ​ទេ។

អ្នក​ជំនាញ​លើ​វិស័យ​អចលនទ្រព្យ​ក៏​ជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​ពី​ដៃគូរ​ពាក់​ព័ន្ធ​នានា​ក្នុង​វិស័យ​អចលនទ្រព្យ និង​រដ្ឋាភិបាល​ក្នុង​ការ​ស្វែង​រក​បញ្ហា​ប្រឈម​និង​ជជែក​ដេញ​ដាល់​ស្វែង​រក​ដំណោះ​ស្រាយ​ ដើម្បី​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​អាច​ត្រឡប់​មក​ដំណើរ​ការ​ប្រសើរ​វិញ។

អ្នកស្រី អាន សុធីតា ថ្លែង​ថា៖ «រាជ​រដ្ឋាភិបាល​អាច​នៅ​តែ​បន្ត​ផ្គត់​ផ្គង់​ Support​[គាំទ្រ] ធ្វើ​ហេដ្ឋារចនា​សម្ព័ន្ធ​មិន​ថា​ផ្លូវ​គោក ​ផ្លូវ​ទឹក ផ្លូវ​អាកាស​ ដើម្បី​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ដល់​វិស័យ​ផ្សេងៗ និង​វិស័យ​អចលនទ្រព្យ​ ហើយ​វា​អាច​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ច្បាប់​ កំណែ​ទម្រង់​ដើម្បី​ឱ្យ​មាន​ភាព​ច្បាស់​លាស់ ហើយ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​សម្រាប់​អ្នក​វិនិយោគ​ មិន​ថា​ក្នុង​ស្រុក ឬ​ក្រៅ​ស្រុក»។

អ្នកស្រី អាន សុធីតា ក៏​បាន​លើក​ឡើង​ពី​ការ​អនុគ្រោះ​ពន្ធ​ផ្សេងៗ​ដែល​អាច​នឹង​រួម​ចំណែក​ក្នុង​ការ​ស្តា​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ឲ្យដំណើរ​ការ​ល្អ​ប្រសើរ​វិញ​ផង​ដែរ។

សម្រាប់​លោក នួន រិទ្ធី លោក​គិត​ថា ​វិស័យ​អចលន​ទ្រព្យ​កម្ពុជា​អាច​នឹង​ដំណើរ​ការ​ល្អ​ឡើង​វិញ​នៅ​ចុង​ឆ្នាំ​ ២០២៤ ឬ​ដើម​ឆ្នាំ​ ២០២៥ ប្រសិន​បើ​បរិយាការ​សេដ្ឋកិច្ច​នៅ​លើ​ពិភព​លោក​មាន​ការ​ប្រែប្រួល។

លោក​ថ្លែង​ថា៖ «ពីព្រោះ​អ្វី​ដែល​ខ្ញុំ​លើក​ឡើង​នេះ​មិន​មែន​យើង​ពឹង​ផ្អែក​បរិយាកាស ឬ​ដាក់​បន្ទុក​ទាំង​ស្រុង​ទៅ​លើ​ប្រទេស​ដទៃ ឬ​ក៏​ចាំ​បាច់​ណាស់​ចាំ​ឱ្យ​គេ​សន្តិភាព​ទើប​សន្តិភាព ឬ​យើង​មាន​បាន​ទេ ឬ​យើង​មាន​វិនិយោគ​ទេ​ គឺ​យើង​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​សន្តិសុខ​ និង​សុខុមាលភាព​ និង​សន្តិភាព​កម្ពុជា​ដោយ​ផ្ទាល់»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​នៅ​ឡើយ​ទេ។

កាល​ពី​ឆ្នាំ ២០២៣ អតីត​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត ដែល​បច្ចុប្បន្ន​ជា​ឧបនាយក​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​លើក​ឡើង​ថា​ ចិន​ជា​ប្រទេស​ដែល​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០២២ ដែល​មាន​ទំហំ​ទឹក​ប្រាក់​ជាង​ ១,៦០០​លាន​ដុល្លារ​អាមេរិក​ ស្មើ​នឹង​ ៤២​ភាគរយ​នៃ​កា​រ​វិនិយោគ​ពី​បរទេស​សរុប។ លោក​ថា​ ចិន​នៅ​តែ​ដើរ​តួសំខាន់​ក្នុង​ការ​រុញ​ច្រាន​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ដោយ​បាន​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ អចលន​ទ្រព្យ ព្រម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ។

លោក​ ហុង វណ្ណៈ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លើក​ឡើង​ថា ​វិស័យ​អចលនទ្រព្យ​កម្ពុជា​មិន​សូវ​មាន​ការ​លូត​លាស់​ខ្លាំង​ដូច​មុន​ជំងឺ​រាត​ត្បាត​កូវីដ១៩​ ទេ​។ លោក​និយាយ​ថា​ ការ​ដែល​វិស័យ​អចលនទ្រព្យ​ដំណើរ​ការ​មិន​បាន​ល្អ​ អាច​បណ្តាល​មក​ពី​មូល​ហេតុ​ចម្បង ដូចជា​ការ​ផ្គត់​ផ្គង់​លើស​តម្រូវ​ការ ចំណូល​ប្រជា​ពលរដ្ឋ​ក្នុង​ប្រទេស​មាន​ការ​ថយ​ចុះ និង​បញ្ហា​ជំងឺ​រាត​ត្បាត​ដែល​ធ្វើ​ឱ្យ​វិស័យ​ធំៗ​ជាច្រើន​ត្រូវ​បាន​ជាប់​គាំង​មិន​ដំណើរ​ការ។

លោក​ថ្លែង​ថា៖ «បន្ទាប់​ពី​បញ្ហា​កូវីដ១៩ ​មិន​ទាន់​បាន​ស្រាក​ស្រាង​ស្រួល​បួល​ផង​ក៏​កើត​មាន​ជម្លោះរុស្ស៉ី-អ៊ុយ​ក្រែន ហើយ​បន្ត​រហូត​មាន​សង្គ្រាម​ប៉ាឡេស្ទីន និង​អ៊ីស្រ៊ាអ៊ែល​ហ្នឹង​ទៀត​។ អ៊ីចឹង​បញ្ហា​ទាំង​អស់​សុទ្ធ​តែ​ជា​ផល​រំខាន​ដែល​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​វិនិយោគិន​ ក៏​ដូច​ជា​ដំណើរ​ទេស​ចរណ៍​ទស្សនា​កម្សាន្ត​ផ្សេងៗ​របស់​ភ្ញៀវ​អន្តរជាតិ​ហ្នឹង​មក​កាន់​កម្ពុជា ឬ​ក៏​ទៅ​កាន់​តំបន់​ផ្សេងៗ អ៊ីចឹង​ចរន្ត​ទាំង​អស់​ហ្នឹង​ដែល​ធ្វើ​ឱ្យ​រាំង​ស្ទះ​នូវ​វិស័យ​អចលនទ្រព្យ​មិន​សូវ​មាន​ការ​រីកចម្រើន»។

លោក​លើក​ឡើង​ទៀត​ថា​ វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ក៏​ពុំ​សូវ​មាន​ភាព​ខ្លាំង​ក្លា​ប៉ុន្មាន​ដែរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​កម្ពុជា​នៅ​តែ​ទប់​ទល់​បាន​នឹង​សេដ្ឋកិច្ច​របស់​ខ្លួន ក្នុង​ឆ្នាំ​ ២០២៣។ លោក​ក៏​មើល​ឃើញ​ពី​ការ​ងើប​ឡើង​វិញ​លើ​វិស័យ​នេះ​ថា ​អាច​នឹង​ប្រសើរ​ឡើង​ក្នុង​ពាក់​កណ្តាល​ឆ្នាំ​២០២៤ ដោយ​សារ​តែ​ការ​ស្ងប់​ស្ងាត់​នៃ​សង្គ្រាម​លើ​ពិភព​លោក។

លោក​ថ្លែង​ថា៖ «វិស័យ​អចលនទ្រព្យ​នឹង​អាច​មាន​កំណើន​ត្រឡប់​មក​វិញ​នៅ​ក្នុង​ពាក់​កណ្តាល​នៃ​ឆ្នាំ​២០២៤​ជា​បណ្តើរៗ​ រហូត​ដល់​ឆ្នាំ​ខាង​មុខៗ​ទៀត​»។

ធនាគារ​ពិភពលោក (World Bank) កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​លើក​ឡើង​ថា ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករថា​កើន​ឡើងក្នុង​អត្រា​ ៥,៤​ភាគរយ ​ក្នុង​ឆ្នាំ​ ២០២៣ និង​ ៥,៨​ភាគរយ​ នៅ​ឆ្នាំ​ ២០២៤ តាម​ការ​រំពឹង​ទុក​នៃ​ការ​កើន​ឡើង​នៃ​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់។ ធនាគារ​ពិភពលោក​បន្ត​ថា​ ការ​កើន​ឡើង​នៃ​បំណុល​គ្រួសារ និង​ឥណទាន​ក្នុង​ស្រុក​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ នៅ​តែ​ជា​ហានិភ័យ​ដដែល។

យ៉ាង​ណាមិញ រដ្ឋាភិបាល​ក៏​បាន​សម្រេច​បន្ត​លើក​លែង​ពន្ធ​ប្រថាប់​ត្រា អនុគ្រោះ​ពន្ធ​ប្រថាប់​ត្រា និង​ពន្យារ​ការ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូល​ធន​ដល់​ដំណាច់​ឆ្នាំ ២០២៤ ក្រោយ​មាន​ការ​តវ៉ា​លើការ​ប្រមូល​ពន្ធ​មូលធន​ ២០%​ ពី​ការ​ទិញ​លក់​ចំណេញ​អចលនទ្រព្យ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG