ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ សេដ្ឋកិច្ច​កម្ពុជានឹងកើន ​៤,៨ ភាគរយ នៅ​ឆ្នាំ​២០២២ តែ​ប្រឈម​ហានិភ័យ​ច្រើន


រូបឯកសារ៖ អគារ​ខ្ពស់ៗ​​ត្រូវ​បាន​មើល​ឃើញ​ពី​ត្រើយ​ខាង​កើត​នៃ​ទន្លេ​ចតុមុខ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៩។ (ទុំ ម្លិះ/វីអូអេ)​
រូបឯកសារ៖ អគារ​ខ្ពស់ៗ​​ត្រូវ​បាន​មើល​ឃើញ​ពី​ត្រើយ​ខាង​កើត​នៃ​ទន្លេ​ចតុមុខ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៩។ (ទុំ ម្លិះ/វីអូអេ)​

សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កំពុង​ងើប​ឡើងវិញ​បាន​ល្អ​ បន្ទាប់​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩​ ហើយ​កំណើន​សេដ្ឋកិច្ចប្រទេស​នេះ​នៅឆ្នាំ​២០២២​ ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន ៤,៨ ភាគរយ។​ នេះ​បើ​តាម​កា​រវាយតម្លៃ​របស់​ធនាគារ​ពិភព​លោក​ដែល​ទើបតែ​បាន​ចេញផ្សាយ​របាយការណ៍​ថ្មី​មួយ​ស្តីពី​បច្ចុប្បន្ន​ភាព​សេដ្ឋ​កិច្ច​កម្ពុជា​។

កំណើន​ខាង​លើនេះ​ ខ្ពស់​ជាង​កំណើន​នៅ​ឆ្នាំ​២០២១​ ដែល​ស្ថិតក្នុង​ចន្លោះ ​៤ ទៅ​៤,៤ ភាគរយ ហើយ​ដែល​នា​ពេល​នោះផល​ប៉ះ​ពាល់​ផ្សេង​ៗបង្ក​ដោយ​ជំងឺ​កូវីដ​១៩​មិនទាន់​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ឡើយ​ទាំង​នៅ​ប្រទេស​កម្ពុជា​និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី​ និង​សកល​លោក។

របាយ​ការណ៍​ធនាគារ​ពិភពលោក​ស្តីពី​៖ «សេដ្ឋកិច្ច​កម្ពុជា​កំពុង​ងើប​ឡើង ប៉ុន្តែ​នៅ​អាច​ជួប​ឧប​សគ្គ​ច្រើន​ទៀត»​ បាន​បង្ហាញ​ថា​កំណើនសម្រាប់​ឆ្នាំ​២០២២​ គឺបាន​មួយផ្នែក​ពី​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​សម័យ​មាន​ជំងឺ​រាតត្បាត​មានសន្ទុះកើន​ឡើង និង​មួយ​ផ្នែក​ទៀត​បាន​មក​ពីការស្ទុះ​ងើប​ឡើង​វិញ​នៃ​វិស័យ​ទេស​ចរណ៍​។ ប៉ុន្តែ​កត្តា​អវិជ្ជមាន​នានា​ដែល​កំពុង​កើត​ឡើង​លើ​សកល​លោក​ អាច​បង្ក​ហានិភ័យ​ដល់​ទស្សន​វិស័យ​វិជ្ជមាន​សម្រាប់​កំណើន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ។

វាគ្មិន​មក​ពី​ភាគី​រដ្ឋាភិបាល​ និងវិស័យឯក​ជន​ចូលរួម​ក្នុងពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពីបច្ចុប្បន្ន​ភាពសេដ្ឋកិច្ច​កម្ពុជា​ប្រចាំខែ​ធ្នូ​ ឆ្នាំ​២០២២​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២។ (ហ៊ុល រស្មី​/វីអូអេ)
វាគ្មិន​មក​ពី​ភាគី​រដ្ឋាភិបាល​ និងវិស័យឯក​ជន​ចូលរួម​ក្នុងពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពីបច្ចុប្បន្ន​ភាពសេដ្ឋកិច្ច​កម្ពុជា​ប្រចាំខែ​ធ្នូ​ ឆ្នាំ​២០២២​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២។ (ហ៊ុល រស្មី​/វីអូអេ)

របាយការណ៍​លើក​ឡើង​ទៀត​ថា​ឧស្សាហកម្ម​កាត់​ដេរ ទំនិញ​ធ្វើ​ដំណើរ​ និង​ការ​នាំ​ចេញ​ស្បែក​ជើង​របស់​កម្ពុជា​ នៅ​រក្សា​បាន​ភាព​ស្វិតស្វាញ​របស់​ខ្លួន។ ចំណែក​វិស័យ​សេវាកម្ម​ ជាពិសេស​ផ្នែក​ធ្វើ​ដំណើរ និង​ទេស​ចរណ៍​ មាន​ដំណើរ​ការ​បាន​ល្អ​ក្រោយ​ពេល​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ «រស់​នៅ​ជាមួយ​កូវីដ១៩» នាចុង​ឆ្នាំ​២០២១​ ហើយ​ចំនួន​សរុប​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​អន្តរ​ជាតិ​បាន​កើន​ឡើង​ជា​លំដាប់​ រហូត​ដល់​ទៅ​១,២លាន​នាក់​ក្នុង​រយៈ​ពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០២២។

បើ​តាម​របាយការណ៍​ដដែល កំណើន​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា ​នឹងមានកំណើន​ត្រឹម​៥,២%នៅ​ឆ្នាំ​២០២៣ខាង​មុខ​ ក្រោម​ហេតុផល​ថាកំណើន​នៃ​ការ​ជួល​មនុស្ស​ធ្វើ​ការ​នឹង​កាន់​តែ​ជួយ​ដល់​ការ​កើន​ឡើង​នៃ​ការ​ទទួល​ទាន​ប្រើប្រាស់​ក្នុងស្រុក​ អម​ដោយ​ការ​ធ្លាក់​ចុះ​នៃ​អតិផរ​ណា។ ទោះ​ជាយ៉ាងណាក៏ដោយ ទស្សនវិស័យ​សម្រាប់​មាន​កំណើន​លឿន​ជាង​នេះ​ នៅ​ប្រឈម​មុខ​នឹង​ហានិភ័យ​ធ្ងន់​ធ្ងរ​ ដោយសារ​តែ​ការវិវឌ្ឍ​សភាព​ការណ៍​នៅក្រៅ​ព្រំ​ដែន​កម្ពុជា។

អំឡុង​ពេល​ថ្លែង​បើកការ​ចេញផ្សាយ​របាយការណ៍​ស្តីពីបច្ចុប្បន្ន​ភាពសេដ្ឋ​កិច្ច​កម្ពុជាសម្រាប់​ខែ​ធ្នូ​ឆ្នាំ​២០២២​នេះនៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃពុធ​នេះ​ នាយិកា​ធនាគារ​ពិភព​លោក​ប្រចាំ​ប្រទេស​មីយ៉ាន់​ម៉ា​ កម្ពុជា​ និង​ឡាវ​ អ្នកស្រី ម៉ារៀម ស័រ​មែន​ (Mariam Sherman) បាន​លើក​ឡើង​ថា​ ហានិភ័យ​ជាច្រើន​កំពុង​កើនឡើង ពោល​គឺ​ពាណិជ្ជ​កម្ម​សកល​ត្រូវបាន​ព្យាករណ៍​ថានឹង​ថយចុះ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​២០២៣។

បើ​តាម​អ្នកស្រី​ Sherman ​វិស័យ​ផលិត​កម្ម​សម្រាប់​ការ​នាំ​ចេញ​កម្ពុជា​មាន​ភាព​ងាយរងគ្រោះ​ទៅនឹង​ការ​ថយ​ចុះ​នៃសកម្មភាព​ជំនួញដែល​កាន់​តែអូស​បន្លាយ​ពេល​យូរ​នៅ​សហរដ្ឋ​អាមេរិក។ បញ្ហា​ស្រដៀង​គ្នានេះ​ បានកំ​ពុងកើត​ឡើង​នៅ​ប្រទេស​ចិន​ និងសហភាព​អឺរ៉ុប​ដែល​ជាទី​ផ្សារ​ធំៗ​សម្រាប់​ទំនិញ​កម្ពុជា​ និង​ជា​ប្រភព​នៃ​ការ​ដាក់​ទុន​ដោយ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​។

អ្នកស្រី​ថ្លែង​ថា​៖ «ដំណើរ​ទៅ​មុខ​ទៀត​របស់​ប្រទេស​កម្ពុជានៅ​មាន​ភាព​មិន​ច្បាស់​លាស់​ ប៉ុន្តែ​ប្រទេស​នេះ​អាច​ត្រួស​ត្រាយ​ផ្លូវ​ខ្លួនឯងទៅ​មុខ​ទៀត​បាន​ ដោយ​ធានាឲ្យ​បានចីរភាព​សារពើ​ពន្ធ ហើយការ​ពង្រឹង​ឡើង​វិញ​ជំហរសារ​ពើ​ពន្ធគឺ​ជាកិច្ចការ​ដែល​ត្រូវ​ធ្វើ​ចាំបាច់​។ ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ចំគោល​ដៅ​នោះ គឺ​សំខាន់​ត្រូវ​ចាប់​ផ្តើម​ពង្រីក​មូលដ្ឋាន​ពន្ធ​ ហើយ​អ្វីដែល​ចាំបាច់​ជាង​នេះ​ទៀត​នោះ​ គឺ​ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ»។

វាគ្មិន​មក​ពី​ភាគី​រដ្ឋាភិបាល​ និងវិស័យឯក​ជន​ចូលរួម​ក្នុងពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពីបច្ចុប្បន្ន​ភាពសេដ្ឋកិច្ច​កម្ពុជា​ប្រចាំខែ​ធ្នូ​ ឆ្នាំ​២០២២​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២។ (ហ៊ុល រស្មី​/វីអូអេ)
វាគ្មិន​មក​ពី​ភាគី​រដ្ឋាភិបាល​ និងវិស័យឯក​ជន​ចូលរួម​ក្នុងពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពីបច្ចុប្បន្ន​ភាពសេដ្ឋកិច្ច​កម្ពុជា​ប្រចាំខែ​ធ្នូ​ ឆ្នាំ​២០២២​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២។ (ហ៊ុល រស្មី​/វីអូអេ)

អ្នកស្រី​បន្ថែមថា​ កម្ពុជា​គួរ​លើក​កម្ពស់​សេដ្ឋកិច្ច​ក្នុង​ស្រុក​ ជាពិសេស​ឧស្សហកម្ម​ទេសចរណ៍​ ហើយ​ត្រូវ​គិតគូរ​លើ​ការ​ដោះស្រាយ​ការកំហិត​ផ្សេង​ៗ​ពាក់​ព័ន្ធការ​ផ្គត់​ផ្គង់​ ដូចជាថ្លៃ​ដឹកជញ្ជូន​ខ្ពស់​ និង​ការ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​សម្រាប់​សកម្ម​ភាព​ជំនួញ​ ជាពិសេស​សម្រាប់​ការ​នាំ​ចេញ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវការ​ប្រកួត​ប្រជែង​នៅ​ខាង​ក្រៅ​។

យ៉ាង​ណាក៏ដោយ​ ឆ្ពោះ​ទៅ​អនាគត​វែង​ឆ្ងាយ សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​គេរំពឹង​ថា​ នឹង​បន្ត​ទៅ​ដល់​អត្រា​កំណើន​ប្រហែល​៦ភាគរយ​ នៅ​ពេល​ដែល​ទេសចរណ៍​អន្តរជាតិ​ និង​ក្នុង​ស្រុក​បង្កើន​អនុ​ភាព​កាន់​តែ​រឹងមាំ។ ហើយ​ការចូលរួម​របស់​កម្ពុជា​ នៅ​ក្នុងកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ពេល​ថ្មីៗនេះ​ ក៏អាច​ជំរុញ​វិស័យ​កសិកម្ម​ និង​ឧស្សាហកម្ម​កែច្នៃ​កសិផល​ ឲ្យ​កាន់​តែ​មាន​សន្ទុះ​ឡើង​ទៀត​ដែរ។ នេះ​បើតាម​របាយការណ៍​ធនាគារ​ពិភពលោក​។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី​លោក​ មាស សុខសេន​សាន​ អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ទេ​នៅ​ថ្ងៃពុធនេះ​។

ស្រប​ពេល​មាន​ការ​ព្យាករណ៍​ពី​កំណើន​សេដ្ឋកិច្ចកម្ពុជា​ថា នឹង​មាន​ ៤,៨ ភាគរយ ​ក្នុង​ឆ្នាំ​២០២២ អត្រា​អតិផរណា​ដែល​ហក់​ឡើង​ខ្ពស់​ក្នុង​ខែមិថុនា​ ហើយ​ចុះ​ថមថយ​វិញ​មក​ដល់​ពេល​នេះ បាន​ក្លាយ​ជា​ក្តី​បារម្ភ​សម្រាប់​ពលរដ្ឋ​កម្ពុជា។

របាយ​ការណ៍​ធនាគារ​ពិភពលោក​ឲ្យដឹង​ថា ​កម្ពុជា​បាន​ជួប​ប្រទះ​ការ​កើនឡើង​អត្រា​អតិផរណា​ ឬការ​ឡើងខ្លាំង​នៃ​ថ្លៃ​ទំនិញ​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​ថ្មីៗនេះ ដោយ​កម្រិត​អតិ​ផរណា​ បាន​ហក់​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ក្នុងរយៈពេល ​១៣​ឆ្នាំ​ចុង​ក្រោយ កាល​ពីខែ​មិថុនា​កន្លង​ទៅ​នេះ​ ពោល​គឺ​អត្រា​អតិផរណា​បាន​ស្ថិត​នៅ​កម្រិត ​៧,៨ ភាគរយ កាលពីខែមិថុនា​ឆ្នាំ ២០២២​នេះ​ ដែល​ខ្ពស់​ជាង​ ៤ ភាគរយ ​នៅ​មុនពេល​ចូល​មក​ដល់ឆ្នាំ​២០២២​។ អត្រាអតិផរណា ​៧,៨ ភាគរយ នេះជា​អត្រា​ធ្លាប់​បាន​ឃើញ​អំឡុង​ពេល​មាន​វិបត្តិ​ស្បៀង​សកល​កាល​ពីឆ្នាំ​២០០៨។

ទោះ​ជា​យ៉ាងនេះក្តី របាយ​ការណ៍​បង្ហាញ​ថា​ អតិផរណា​បាន​ថយ​ចុះ​មក​វិញ​ ដែល​យ៉ាង​ហោច​ណាស់​អាច​បាន​ត្រឹម​មួយ​គ្រា​។ ហើយ​ឆ្ពោះ​ទៅ​មុខ​ទៀត​ សម្ពាធ​នៃ​អតិផរណា​នឹង​បន្តកើត​មាន​ក្នុង​បរិបទ​នៃ​ការ​កើន​ឡើង​ថ្លៃ​អាហារ​ និង​ថាមពល​ ដោយ​សារ​តែ​សង្គ្រាម​ដែល​អូសបន្លាយ​នៅ​ប្រទេស​អ៊ុយ​ក្រែន​ និង​ការ​កាត់​បន្ថយ​សកម្មភាព​ផលិត​ប្រេង​ដោយ​ប្រជាជាតិ​ដែល​ជា​អ្នក​ផលិត​ប្រេង​៕

XS
SM
MD
LG