ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​លះបង់​ខ្ពស់​សម្រាប់​ស្ត្រី​ដែល​ជា​សកម្មជន


លោកស្រី ខែក ចាន់រស្មី ​កាន់​បដា​ក្នុង​អំឡុង​ពេល​បាតុកម្ម​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ ព្រះ​បាទ នរោត្តម សីហមុនី នៅ​មុខ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១២ ជួយ​ឲ្យ​​មាន​ការ​ដោះលែង​​​អ្នក​ភូមិ​បឹងកក់​​រួម​ទាំង​ម្តាយ​របស់​លោក​ស្រី។
លោកស្រី ខែក ចាន់រស្មី ​កាន់​បដា​ក្នុង​អំឡុង​ពេល​បាតុកម្ម​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ ព្រះ​បាទ នរោត្តម សីហមុនី នៅ​មុខ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១២ ជួយ​ឲ្យ​​មាន​ការ​ដោះលែង​​​អ្នក​ភូមិ​បឹងកក់​​រួម​ទាំង​ម្តាយ​របស់​លោក​ស្រី។

លោកស្រី ខែក ចាន់រស្មី ធ្លាប់​ត្រូវ​បាន​ប្តី​របស់​គាត់​រំឭក​ជា​ច្រើន​លើក​ច្រើន​សារ​ឲ្យ​ឈប់​ធ្វើ​ជា​សកម្មជន។ លោកស្រី ខែក ចាន់រស្មី បាន​ចូលរួម​ក្នុង​ការ​តវ៉ា​ទាមទារ​សិទ្ធិ​ដីធ្លី​ក្នុង​ពេល​ដែល​មាន​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​នៅ​ក្នុង​តំបន់​បឹងកក់​ដែល​ជា​កន្លែង​រស់​នៅ​របស់​គាត់។

គាត់​មាន​ភាព​សកម្ម​ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​២០១២។ លោកស្រី​បាន​ចូលរួម​ក្នុង​ការ​តវ៉ា​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ដែល​ជាប់​ពន្ធនាគារ​ចំនួន​១៣​ រូប។ នៅ​ពេល​តវ៉ា​លោកស្រី ខែក ចាន់រស្មី ត្រូវ​បាន​អាជ្ញាធរ​បាញ់​ទឹក​ដាក់​រហូត​បណ្តាល​ឲ្យ​មាន​ការ​បាត់បង់​កូន​នៅ​ក្នុង​ផ្ទៃ​របស់​គាត់។

លោកស្រី​បាន​មាន​ប្រសាសន៍​អំពី​ប្តី​របស់​គាត់​ថា៖ «គាត់​បារម្ភ​ពី​សុខភាព​របស់​ខ្ញុំ»។​

លោក​ស្រី​បាន​បន្ត​ថា៖ «ខ្ញុំ​ត្រូវ​គេ​បាញ់​ទឹក​ដាក់​រហូត​ដល់​ស្លាប់​កូន​ក្នុង​ផ្ទៃ»។

រូប​លោក​ស្រី​ផ្ទាល់​ក៏​ដូច​ជា​ស្ត្រី​អ្នក​តវ៉ា​ដទៃ​ទៀត​ត្រូវ​បាន​ប្តី​របស់​ពួក​គាត់​រំឭក​ជា​បន្តបន្ទាប់​ឲ្យ​ឈប់​ចូលរួម​ក្នុង​ការ​តវ៉ា។

«បើ​សិន​ជា​ចង់​នៅ​ជួបជុំ​គ្នា​យើង​គួរ​តែ​ឈប់»។

ប៉ុន្តែ​ដូច​ស្ត្រី​អ្នក​តវ៉ា​ដទៃៗ​ទៀត​ដែរ ​លោកស្រី​នៅ​តែ​បន្ត​ចូល​រួម​ក្នុង​ការ​តវ៉ា។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា៖ «ការ​តស៊ូ​មតិ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បាត់បង់​យ៉ាង​ធ្ងន់ធ្ងរ»។

«វា​បាន​បណ្តាល​ឲ្យ​ខ្ញុំ​បែកបាក់​គ្រួសារ»។

លោកស្រី ខែក ចាន់រស្មី ក៏​ដូ​ជា​សកម្មជន​ដទៃៗ​ទៀត​ ត្រូវ​បាន​ប្តី​របស់​ពួក​គាត់​បង្ខំ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​ចូលរួម​ក្នុង​ការ​តវ៉ា​ដើម្បី​កម្មសិទ្ធិ​ដីធ្លី​ ឬ​នៅ​ផ្ទះ។ ប្រសិន​បើ​ពួក​គាត់​ជ្រើសរើស​យក​តួនាទី​ជា​សកម្មជន​ ពួក​គាត់​នឹង​ទទួល​រង​ការ​វាយដំ​ពី​សំណាក់​អាជ្ញាធរ​ ការ​ចាប់​ខ្លួន​ ក៏​ដូច​ជា​ការ​ជាប់​ពន្ធនាគារ។ ​ប្រសិន​បើ​ជ្រើស​យក​គ្រួសារ​ ពួក​គាត់​បារម្ភ​ថា​ ពួក​គាត់​នឹង​ប្រឈម​ការ​បាត់បង់​ច្រើន​ជាង​នេះ​ ដូច​ជា​បាត់បង់​ ផ្ទះ​សម្បែង​ សិទ្ធិ​សេរីភាព​ និង​សុវត្ថភាព​គ្រួសា​របស់​ពួក​គាត់​នៅ​ពេល​អនាគត។ អ្នក​ចូល​រួម​នៅ​ក្នុង​បាតុកម្ម​ច្រើន​រាប់​មិន​អស់​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ​ភាគ​ច្រើន​ជា​ស្ត្រី។ ពួក​គាត់​បាន​ចូល​រួម​ក្នុង​ការ​ប្រមូល​ផ្តុំ​និង​ការ​តវ៉ា​ជា​ញឹកញាប់​ខណៈ​ពេល​ដែល​ប្តី​របស់​ពួក​គាត់​ចេញ​ទៅ​រក​ប្រាក់​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ។ បញ្ហា​ការ​តវ៉ា​បាន​បណ្តាល​ឲ្យ​ពួក​គាត់​មាន​ពេល​តិចតួច​ដើម្បី​ថែ​រក្សា​ផ្ទះ​ ឬ​ចម្អិន​អាហារ​ ដែល​នាំ​ឲ្យ​មាន​បញ្ហា​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​និង​ជីវិត​គ្រួសារ​របស់​ពួក​គាត់។ លើស​ពី​នេះ​ក៏​មាន​បញ្ហា​ដែល​បណ្តាល​មក​ពី​ការ​តវ៉ា​ផង​ដែរ។

លោកស្រី ខែក ចាន់រស្មី បាន​មាន​ប្រសាសន៍​ថា៖ «យើង​រង​ការ​ប៉ះពាល់​អារម្មណ៍​ព្រោះ​គ្រប់​ពេល​ដែល​យើង​តស៊ូ​មតិ​តែងតែ​មាន​អំពើ​ហិង្សា​កើត​ឡើង។ ​អញ្ចឹង​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆេវឆាវ»។

ទាំង​នេះ​គឺ​ជា​ការ​បាត់បង់​ដែល​គាត់​ត្រូវ​តែ​ប្រឈម​ ដើម្បី​ការពារ​អនាគត​របស់​អ្នក​ជំនាន់​ក្រោយ។

លោក​ស្រី​បាន​បន្ថែម​ថា៖« ប្រសិន​បើ​ខ្ញុំ​មិន​ធ្វើ​ការ​តវ៉ា​ឥឡូវ​ទេ​ ពេល​ខ្ញុំ​ស្លាប់​ទៅ​កូនៗ​របស់​ខ្ញុំ​ថ្ងៃ​ក្រោយ​នឹង​ត្រូវ​រង​អំពើ​អយុត្តិធម៌​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​ដោយសារ​ការ​មិន​ហ៊ាន​និយាយ​ស្តី​ ការ​មិន​ហ៊ាន​តស៊ូ​ដើម្បី​អ្វី​ដែល​ជា​របស់​យើង​ អ្វី​ដែល​ជា​ការណ៍​ពិត»។​

លោក អ៊ូ វីរៈ ប្រធាន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ស្ត្រី​ដែល​ជា​សកម្មជន​គួរ​តែ​ត្រូវ​បាន​ចាត់ទុក​ជា​គំរូ​និង​វីរជន ដោយសារ​ភាព​ក្លាហាន​របស់​ពួក​គាត់។

​លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា៖ «គ្រាន់​តែ​ថា​យើង​ផ្តល់​ឱកាស​ឬ​មិន​ផ្តល់​ឱកាស»។

ប្រជាពលរដ្ឋ​ប្រមាណ​កន្លះ​លាន​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយសារ​ជម្លោះ​ដីធ្លី​ចាប់​តាំង​ពី​ឆ្នាំ​២០០០។ ​នេះ​បើ​យោង​ទៅ​តាម​អង្គការ​លីកាដូ។ បឹងកក់​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ដែល​ប៉ះពាល់​ធំ​ជាង​គេ។ កិច្ច​ព្រមព្រៀង​នៅ​ក្នុង​ឆ្នាំ​២០០៧​ រវាង​សាលាក្រុង​និង​អ្នក​អភិវឌ្ឍន៍​បណ្តាល​ឲ្យ​មាន​ការ​បណ្តេញ​ចេញ​ប្រជាពលរដ្ឋ​ និង​នាំ​ឲ្យ​មាន​ការ​លុប​បំបាត់​បឹង​ដ៏​ធំ​នៅ​ប៉ែក​ខាង​ជើង​ទីក្រុង។ គ្រួសារ​ខ្លះ​យក​លុយ​ ខ្លះ​ទៀត​យក​ប្រាក់​ ហើយ​ក្រោយ​មក​មាន​ការ​ត្អូញត្អែរ​ថា​ប្រាក់​មិន​គ្រប់គ្រាន់។

គ្រួសារ​ខ្លះ​ទៀត​នៅ​បន្ត​តវ៉ា​ ដែល​៨០%​នៃ​អ្នក​ដែល​តវ៉ា​ជា​ស្ត្រី។

ស្ត្រី​១៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខែ​ឧសភា​ឆ្នាំ​២០១២។ ពួក​គាត់​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​មួយ​ខែ​មុន​ពេល​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព។

ក្រៅ​ពី​ការ​យារយី​ពី​សំណាក់​អាជ្ញាធរ​ ស្ត្រី​អ្នក​តវ៉ា​រង​ការ​លំបាក​ នៅ​ផ្ទះ​ដូច​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

លោកស្រី​ បូវ សោភា អ្នក​ដឹកនាំ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដឹកនាំ​សហគមន៍​បឹងកក់​មាន​ប្រសាសន៍​ថា៖ «គាត់​សកម្ម​នៅ​ក្នុង​ការងារ​ ពេល​មក​ដល់​ផ្ទះ​វិញ​ ឈ្លោះ​គ្នា​ប្តី​ប្រពន្ធ»។

លោកស្រី​បាន​បន្ត​ទៀត​ថា បើ​ទោះ​បី​ជា​មាន​ការ​ប្រថុយ​ប្រថាន​នៅ​ផ្ទះ​ក៏​ដោយ​ ក៏​ស្ត្រី​ជា​ច្រើន​នៅ​តែ​បន្ត​ការ​ប្តេជ្ញា​ចិត្ត។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​ខ្ញុំ​មិន​តវ៉ា​ដី​នៅ​តំបន់​បឹងកក់​ទេ​ បាត់បង់​ទី​ជម្រក​គ្រួសារ។ តើ​សេចក្តី​សុខ​នៅ​ក្នុង​គ្រួសារ​មាន​ដែរ​ឬ​ទេ?»។

របាយការណ៍​របស់​អង្គការ​លីកាដូ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ដែល​ជា​អ្នក​តវ៉ា​សកម្ម​មាន​បញ្ហា​ច្រើន​នៅ​ផ្ទះ​ហើយ​ពេល​ខ្លះ​ឈាន​ទៅ​ដល់​ការ​លែងលះ​ឬ​ការ​រំលោភ​បំពាន។

នាយក​អង្គការ​លីកាដូ​លោកស្រី​ ណាលី​ ពីឡូក (Naly Pilorge) មាន​ប្រសាសន៍​នៅ​ក្នុង​របាយការណ៍​ថា៖ «ការណ៍​ពិត​ដែល​ថា​បុរស​មួយ​ចំនួន​មិន​អាច​ទទួល​ស្គាល់​នូវ​ទួនាទី​ថ្មី​របស់​ភរិយា​ខ្លួន​ ហើយ​អាង​តែ​ប្រើ​ហិង្សា​ពិត​ជា​បញ្ហា​មែន»។

សម្រាប់​លោក​ស្រី ខែក ចាន់រស្មី ជំរើស​របស់​គាត់​ច្បាស់​។ គាត់​បាន​ប្រាប់​ប្តី​របស់​គាត់​ថា​គាត់​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ទោះ​បី​ជា​មាន​ការ​បារម្ភ​យ៉ាងណា​ក៏​ដោយ។

ប្តី​របស់​លោក​ស្រី ខែក ចាន់រស្មី ខឹង​នឹង​លោក​ស្រី​ហើយ​បាន​វាយ​លោក​ស្រី​នឹង​កៅអី​មុន​ពេល​ចាក​ចេញ​ពី​លោក​ស្រី។ ប្តី​របស់​លោក​ស្រី​នៅ​មិនទាន់​ត្រឡប់​មក​វិញ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា៖ «អ្វី​ដែល​ពួក​ខ្ញុំ​ធ្វើ​សុខ​ចិត្ត​លះបង់​សេចក្តី​គ្រួសារ​តែ​មួយ​ពេល។ ដូច​ជា​ព្យុះ​សមុទ្រ»។

លោក​ស្រី​បាន​បន្ថែម​ថា៖ «ប្រសិន​បើ​ខ្ញុំ​បាន​សម្រេច​ពេល​នេះ​ខ្ញុំ​ អាច​រក​អនាគត​ឲ្យ​កូន​របស់​ខ្ញុំ​មួយ​ជីវិត។ បន្ទាប់​ពី​ការ​តវ៉ា​ចប់​ខ្ញុំ​អាច​ខ្លាយ​ជា​ប្រពន្ធ​ល្អ​ម្តង​ទៀត៕

XS
SM
MD
LG