ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​សហភាព​អឺរ៉ុប​បាត់បង់​សាមគ្គីភាព​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ COVID-19 ​ឬ​ទេ?


ម៉ាស់​ការពារ​ និង​ស្រោម​ដៃ​ត្រូវ​បាន​គេ​ដាក់​នៅ​លើ​តុ​របស់​តំណាងរាស្ត្រ​ក្នុង​កិច្ចប្រជុំ​មួយ​របស់​ព្រឹទ្ធសភា​អ៊ីតាលី នៅ​ក្នុង​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។
ម៉ាស់​ការពារ​ និង​ស្រោម​ដៃ​ត្រូវ​បាន​គេ​ដាក់​នៅ​លើ​តុ​របស់​តំណាងរាស្ត្រ​ក្នុង​កិច្ចប្រជុំ​មួយ​របស់​ព្រឹទ្ធសភា​អ៊ីតាលី នៅ​ក្នុង​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។

នៅ​ពេល​នេះ​ទ្វីប​អឺរ៉ុប​ជា​មជ្ឈមណ្ឌល​នៃ​ការ​រាតត្បាត​មេរោគ​កូរ៉ូណា​ដ៏​កាចសាហាវ​ដោយ​មាន​ករណី​អ្នក​មាន​ផ្ទុក​មេរោគ​នេះ​១សែន​៥ម៉ឺន​នាក់​ និង​មាន​មនុស្ស​ស្លាប់​រាប់ពាន់​នាក់​ថែម​ទៀត​ផង។

នៅ​ពេល​ដែល​ចំនួន​ករណី​នៃ​អ្នក​មាន​ជំងឺ ​COVID-19​ កើន​ច្រើន​ឡើង​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប ពួក​អ្នក​សង្កេត​ការណ៍​សាក​សួរ​ថា​ តើ​សហភាព​អឺរ៉ុប​ដែល​មាន​ប្រទេស​២៧​ជា​សមាជិក​នៅ​តែ​មាន​សាមគ្គី​ភាព​ត​ទៅ​ទៀតឬ​ទេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ។ ​ពួក​គេ​កត់​សម្គាល់​ថា ភាព​មិន​ទ្រុឌ​ទ្រោម​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​នៃ​ទ្វីប​អឺរ៉ុប​បាន​ចុះ​ថមថយ​ខ្លាំង​នៅ​ពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​នេះ។​

នៅ​ក្នុង​សុន្ទរក​ថា​មួយ​ដែល​លោកស្រី​បាន​ថ្លែង​កាល​ពី​ថ្ងៃទី១១​ ខែ​មីនា​ លោកស្រី​អធិការបតី​ Angela Merkel នៃ​ប្រទេស​អាល្លឺម៉ង់​បាន​ទទួល​ស្គាល់​ថា​មេរោគនេះ​បាន​ធ្វើ​ឱ្យ​ទ្វីប​អឺរ៉ុប​ស្រឡាំងកាំង។​

លោកស្រី​បាន​មាន​ប្រសាសន៍​ថា៖

«នៅ​ពេល​មាន​មេរោគនេះ​ ប្រជារាស្ត្រ​គ្មាន​ភាព​ស៊ាំ ​គ្មាន​ថ្នាំ​វ៉ាក់សាំង​ ឬ​គ្មានវិធី​ព្យាបាល​ទេ​ ហើយ​ក៏មាន​ចំនួន​ភាគរយ​ក៏​ច្រើន​ ដោយ​ពួក​អ្នក​ជំនាញ​និយាយ​ថា​មាន​ពី​៦០​ទៅ​៧០​ភាគ​រយ​នៃ​ចំនួន​ប្រជារាស្ត្រ ទាំង​អស់​នឹង​ឆ្លង​មេរោគ​នេះ​ ដរាប​ណា​ នេះ​នៅ​តែ​ជា​ករណី​ឆ្លង​ត​ទៅ​ទៀត»។​

លោកស្រី​ Merkel ​កំពុង​នៅ​ដាច់ពី​គេ​ជា​ការ​ប្រុង​ប្រយ័ត្ន​នៅ​ក្រោយ​លោក​ស្រី​បាន​ទាក់ទង​ជាមួយ​វេជ្ជបណ្ឌិត​ម្នាក់​ដែល​បាន​ធ្វើ ​តេស្ត​ ឃើញ​ថា​មាន​មេរោគ COVID-19។​

លោកស្រី​អធិការបតី​ Merkel ​បាន​បិទព្រំដែនខ្លះ​នៃ​ប្រទេស​អាល្លឺម៉ង់ ​លុប​ចោល​កិច្ច​ព្រមព្រៀង ​Schengen​ ស្តីពី​សេរីភាព​នៃការ​ធ្វើ​ដំណើរ​របស់​មនុស្ស​ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​នៅ​ទូទាំង​អឺរ៉ុប។​ សមាជិក​ឯទៀតៗ​នៃ​សហភាព​អឺរ៉ុប​ក៏​បាន​ចាត់​វិធានការ​ដែរ​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​មេរោគ​នេះ។​

តំបន់ ​Schengen ​ដែល​មនុស្ស​ច្រើន​នាក់​យល់់​ឃើញ​ថា​មាន​សារៈសំខាន់​ដើម្បី​បង្កើត​ទ្វីប​មួយ​រួបរួម​គ្នា​មាន​ប្រជា​រាស្ត្រ​ជាង​៤២០លាន​នាក់ និង​មាន​ទំហំ​៤លាន​៣សែន​១ម៉ឺន​២ពាន់​៩៩គ.ម.​ក្រឡា។​

ក៏​ប៉ុន្តែ​អ្នក​រិះគន់​ខ្លះ​និយាយ​ថា​សកម្មភាព​រៀងៗ​ខ្លួន​ដោយ​ពួក​សមាជិកសហភាព​អឺរ៉ុប​អាច​ធ្វើឱ្យ​ប្លុក​នេះ​បែក​បាក់​គ្នា។​

អ្នកស្រី​ Judy Demsey ​ជា​អ្នក​ជំនាញ​ខាង​កិច្ចការ​អឺរ៉ុប​នៃ​អង្គការ​ Carnegie។​ អ្នកស្រី​បានកត់​សម្គាល់​នៅ​ក្នុង​អត្ថបទ​មួយ​ដែល​អ្នកស្រី​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ «វិបត្តិទាំង​នេះ​មិន​បាន​ធ្វើ​ឱ្យ​ប្រទេស​នានា​ក្នុង​ទ្វីបអឺរ៉ុប​ជិត​ស្និទ្ធ​នឹង​គ្នា​ជាង​មុន​ទេ​ ក៏ប៉ុន្តែ​បាន​ពង្រឹង​រដ្ឋ​ជាសមាជិក​នីមួយៗ​ដោយ​សុខចិត្ត​លះបង់​ស្ថាប័ន​សហភាព​អឺរ៉ុប។ ​ប្រទេស​នីមួយៗ​ក្នុង​សហភាព​អឺរ៉ុប​មាន​គោល​នយោបាយ​ខាង​ការ​បរទេស​ ខាង​សេដ្ឋកិច្ច​ និង​ខាងសង្គម​កិច្ចរៀងៗ​ខ្លួន​តាម​កម្រិត​ផ្សេងៗ​គ្នា។​

ក៏​ប៉ុន្តែ​អ្នក​ឯទៀត​ចង្អុល​បង្ហាញ​ថា​ វិធានការ​របស់​លោកស្រី​ Merkel ជា​ចំណាត់​ការ​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ។​

លោក ​ Charles Kupchan ​ជា​អតីត​ទីប្រឹក្សា​ប្រធានាធិបតី​ខាង​កិច្ច​ការ​អឺរ៉ុប​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី​ Barack Obama។​ លោក​និយាយ​ថា ​«ពួក​រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​បិទ​ព្រំដែន​ជាតិ​ជា​បណ្តោះ​អាសន្ន​ ដូច​ដែល​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​បាន​ហាម​ប្រាម​មិន​ឱ្យពួក​មនុស្ស​ដែល​មិនមែន​ជា​ពលរដ្ឋ​ពួក​គេចូល​ក្នុង​ប្រទេស​ពួកគេ។ ​នៅ​ពេល​ណា​ដែល​ការ​រាតត្បាត​ជំងឺ​នេះ​ចុះ​ថម​ថយ ខ្ញុំ​រំពឹង​ថា​កិច្ច​ព្រមព្រៀង​ Schengen​ នឹង​ត្រូវដាក់​ឱ្យ​អនុវត្ត​ជា​ថ្មី​វិញ ​ទោះ​ណា​ជា​ព្រំដែន​ខាង​ក្រៅ​នៃ​សហភាព​អឺរ៉ុប​ប្រហែល​ត្រូវ​រឹត​បន្តឹង​ដែល​ជា​ដំណើរ​ការមួយ​បាន​ចាប់ផ្តើម​ធ្វើ​រួច​ស្រេច​ហើយ​ដើម្បី​ឆ្លើយតប​នឹង​លំហូរ​ពួក​ជន​ចំណាក​ស្រុក ​និង​ក្រុមជនភៀស​ខ្លួន»។​

លោក ​Daniel Hamilton ​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​ទំនាក់​ទំនង​ឆ្លងកាត់​មហាសមុទ្រ​អាត្លង់ទិក​ ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ​លោក​និយាយ​ថា​ លោកស្រី​អធិការបតី ​Merkel ​បាន​ចាត់វិធាន​ការ​នេះ​ដើម្បី​ប្រយោជន៍​ល្អ​បំផុត​របស់​ប្រទេស​អាល្លឺម៉ង។ ​លោក​ទស្សន៍ទាយ​ថា​វិធានការ​ទាំងនេះ​គឺសម្រាប់​រយៈ​ពេល​ខ្លី។​

លោក ​Hamilton ​និយាយ​ថា​ «លោកស្រី​អធិការបតី ​Merkel​ បាន​យល់ព្រម​បិទ​ព្រំដែន​ខ្លះ​នៃ​ប្រទេស​អាល្លឺម៉ង់​ហើយ​មិន​បិទ​ព្រំដែន​ទាំង​អស់ក្រោយ​ពី​រដ្ឋ​ឯ​ទៀតៗ​នៃ​តំបន់​ Schengen ​បាន​ចាត់វិ​ធានការ​ទាំង​នេះ​ហើយ​នោះ​ទេ។ ​លោកស្រី​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​និយាយ​ថា​ វិធានការ​ទាំងនេះ​ជា​ចំណាត់​ការ​ពិសេស​ជា​ចាំបាច់​នៅ​ពេល​មាន​ស្ថានភាព​មិន​ធម្មតា​ដើម្បី​បំបាក់​សង្វាក់​នៃ​ការ​ឆ្លង​ជំងឺនេះ​តាម​រយៈការ​ធ្វើ​ដំណើរ​កាត់​ព្រំដែន​ ហើយ​ថា​សកម្ម​ភាព​បែប​នេះ​ជា​ចំណាត់​ការ​បណ្តោះ​អាសន្ន»។​

លោក​ Hamilton ​ក៏​បាន​និយាយ​ដែរ​ថា​ លោក​យល់​ថា​នៅ​ពេល​ណា​វិបត្តិ​នេះ​ចប់ហើយ​ នឹង​មាន​សកម្ម​ភាព​ដូច​ធម្មតា​វិញ។​

លោក​បានថ្លែង​ថា​តាម​ប្រវត្តិ​នៃ​តំបន់ ​Schengen​ «ពួក​រដ្ឋជា​សមាជិក​បាន​ធ្វើការ​ឆែកឆេរ​ និង​ត្រួតពិនិត្យ​តាម​ព្រំដែន។​ ក៏ប៉ុន្តែ​ទោះ​ជា​មាន​សកម្មភាព​បែប​នេះក៏​ដោយ​ ក៏តំបន់​ Schengen ​នៅតែ​បន្ត​ធ្វើ​កិច្ច​ប្រតិបត្តិការ​តទៅ​ទៀត ​ហើយ​ខ្ញុំ​មាន​ជំនឿ​ថា​តំបន់​នេះ​នឹង​បន្ត​ធ្វើ​ដូច្នេះ​ទៀត​នៅ​ពេលណា​ការ​រាតត្បាត​ជំងឺ​នេះ​បញ្ចប់»។​

ក៏ប៉ុន្តែ​ការ​ប្រុង​ប្រយ័ត្ន​ខាង​ពន្ធដារ​និង​គោល​នយោបាយ​រូបិយ​ប័ណ្ណ​តឹងតែង​បែប​ចាស់​ ដឹកនាំ​ដោយ​លោកស្រី​ Merkel ​ជិតត្រូវ​លុប​ចោល​ហើយ។​

កាល​ពី​ពីរ​សប្តាហ៍​កន្លង​ទៅ​នេះរដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ធ្វើឱ្យ​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ភាគ​ច្រើន​ភ្ញាក់ផ្អើល​ដោយ​បាន​ប្រកាស​អំពី​វិធានការដែល​មនុស្ស​ខ្លះ​ហៅ​ថា ​អាវុធ​បាញ់​ចេញ​អណ្តាត​ភ្លើង​ដើម្បី​ការពារ​សេដ្ឋកិច្ច​ប្រទេស​អាល្លឺម៉ង់​ពី​ផលវិបាក​ខាង​សេដ្ឋកិច្ច​និង​ខាង​ហិរញ្ញវត្ថុ​ដោយសារ​ការ​រាតត្បាត​ដោយ​មេរោគ​កូរ៉ូណា។​

ក្រសួង​ហិរញ្ញ​វត្ថុ​ប្រទេស​អាល្លឺម៉ង់​បាន​សន្យា​ថា​នឹង​ផ្តល់​ឥណទាន​គ្មាន​កម្រិត​ដល់​វិស័យ​ធុរកិច្ច​ទាំង​ឡាយ​ណា​ដែល​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដោយ​សារ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ និង​ពង្រីក​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​នានា​ដែល​បាន​ត្រូវ​បង្ខំ​ចិត្ត​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​របស់​ពួក​និយោជិត។​

លោក​ Kupchan ​និយាយ​ថា ​«គ្រោះ​ថ្នាក់​បណ្តាល​មកពី​ការ​រាតត្បាត​ជំងឺ​នេះ​មាន​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​ខ្លាំង​ណាស់។​ ពេល​នេះ​ជា​ពេល​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ ដែល​ជា​គ្រា​អាសន្ន​ខាង​សុខភាព​ហើយ​មិន​មែន​គ្រាន់​តែ​ជា​វិបត្តិ​ហិរញ្ញវត្ថុ​ ឬ​វិបត្តិនៃ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​ទេ។​ ឧបសគ្គ​គឺ​ប្រៀប​ដូច​ខ្យល់​ព្យុះ​ជំងឺ ​COVID-19 ​ហើយ​បន្ទាប់​មក​ត្រូវ​ជំរុញ​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​ពេល​ណា​វិបត្តិនេះ​កន្លងផុត​ទៅ។​ នេះ​មិនមែន​ជា​ពេល​ចាត់​វិធានការ​តិចតួច​ទេ»។​

អ្នក​សេដ្ឋសាស្ត្រ​ភាគច្រើន​ទស្សន៍ទាយ​ថា​ សេដ្ឋកិច្ច​នៅ​សង​ខាង​មហា​សមុទ្រ​អាត្លង់ទិក​នឹង​មាន​រាងដូច​អក្សរ ​V ឬ​អក្សរ​ U ដែល​មានន័យ​ថា​មាន​ការ​ធ្លាក់​ចុះការលូតលាស់សេដ្ឋកិច្ច​ បន្ទាប់​មកក្នុង​រយៈពេល​ខ្លី​សេដ្ឋកិច្ច​នឹង​នៅ​នឹង​ហើយមកទៀត​ សេដ្ឋកិច្ច​ក៏​លូតលាស់​ជា​ថ្មី​ឡើង​វិញ​នៅពេល​ណា​វិបត្តិ​នេះកន្លង​ផុត​ទៅ៕

ប្រែសម្រួល​ដោយ​ពិន ស៊ីសុវណ្ណ

XS
SM
MD
LG