ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្លាប់​ដោយសារ​ការ​បាក់​អាគារ​នៅ​ក្រុង​ព្រះ​សីហនុ​កើន​ដល់​យ៉ាង​តិច ២៦ នាក់​ហើយ


ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅព្រឹកថ្ងៃអាទិត្យ​នេះ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ (ស៊ុន​ ណារិន​/ VOA Khmer)
ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅព្រឹកថ្ងៃអាទិត្យ​នេះ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ (ស៊ុន​ ណារិន​/ VOA Khmer)

យ៉ាង​ហោច​ណាស់​មាន​កម្មករ​សំណង់ ២៦ នាក់ ត្រូវ​បាន​គេ​បញ្ជាក់​ថា​បាន​ស្លាប់ ហើយ​មនុស្ស ២៤ នាក់​ទៀត​រង​របួស នៅ​ក្នុង​ហេតុការណ៍​បាក់​អាគារ​ដែល​កំពុង​សាងសង់​មួយ​ខ្នង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​បន្ត​កិច្ចការ​ស្វែង​រក​ជន​រងគ្រោះ​បន្ថែម​ទៀត​នៅ​តាម​គំនរ​បាក់បែក​របស់​អាគារ​រលំ​នេះ​នៅ​ថ្ងៃ​ចន្ទ​នេះ។

កម្មករ​សំណង់​ទាំង​នេះ​កំពុង​សម្រាន្ត​លង់លក់​នៅ​ជាន់​ទី​ពីរ​នៃ​សំណង់​អាគារ​ដែល​មាន​កម្ពស់ ៧ ជាន់​នេះ​នៅ​ព្រឹក​ព្រហាម​ថ្ងៃ​សៅរ៍ នៅ​ពេល​ដែល​សំណង់​អាគារ​នេះ​បាន​បាក់។ អ្នក​នៅ​រស់រាន​មាន​ជីវិត​បាន​និយាយ​ថា យ៉ាង​តិច​មាន​កម្មករ​ពី ៥០ ទៅ ៦០ នាក់ បាន​ស្នាក់នៅ​បណ្ដោះ​អាសន្ន​ក្នុង​សំណង់​អាគារ​នេះ។

សំណង់​អាគារ​នេះ​ជា​គម្រោង​អាគារ​ខុនដូ​របស់​អ្នក​វិនិយោគ​ចិន។ ប៉ូលិស​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន ៤ នាក់ ដើម្បី​សួរ​ចម្លើយ​អំពី​ហេតុការណ៍​បាក់​សំណង់​អាគារ​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅ​ត្រួត​ពិនិត្យ​មើល​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ដោយ​ផ្ទាល់​នៅ​ខេត្ត​ព្រះ​សីហនុ ហើយ​លោក​បាន​បញ្ជាក់​ថា លោក យន្ត មីន បាន​ស្នើ​សុំ​លាលែង​ពី​តំណែង​ជា​អភិបាល​ខេត្ត​ព្រះ​សីហនុ ដោយសារ​លោក យន្ត មីន ទទួល​ស្គាល់ «កំហុស» ក្នុង​ការ «គ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដែល​បណ្ដាល​ឲ្យ​មាន​រឿង​ឈឺចាប់​កើត​ឡើង»។ នេះ​បើ​យោង​តាម​ទំព័រ Facebook ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ចំណែក​ឯ​ស្ថានទូត​ចិត​ក៏​ចូលរួម​រំលែក​ទុក្ខ​ផង​ដែរ​ចំពោះ​គ្រួសារ​ជន​រងគ្រោះ និង​បាន​បញ្ជាក់​ថា ខ្លួន​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ គេ​ឃើញ​សំណង់​ចិន​ជា​ច្រើន​រីក​ដុះដាល​ដូច​ផ្សិត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ដែល​ក្នុង​នោះ​ភាគ​ច្រើន​ជា​អាគារ​កាស៊ីណូ អាគារ​ស្នាក់នៅ និង​សណ្ឋាគារ៕

XS
SM
MD
LG