ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឈ្នួល​ផ្ទះ​ឡើង​ថ្លៃ​មុន​ពេល​ប្រាក់​ខែ​ថ្មី​មក​ដល់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គម្រោង​សាក​ល្បង ដើម្បី​បង្កើន​អាហារ​បំប៉ន​សម្រាប់​កម្មករ​រោងចក្រ​នៅ​កម្ពុជា

បើទោះបី​ជា​រាជរដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​ខែគោល​ខ្លះ​ដល់​ក្រុម​កម្មករ​កាត់ដេរ​សម្លៀក​បំពាក់យ៉ាង​ណា​ក៏​ដោយក៏​ក្រុម​កម្មករ​នៅ​តែ​ត្អូញត្អែរ​ថា​មិន​ទាន់​ដោះស្រាយ​ទុក្ខ​លំបាក​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​នៅឡើយ។ ភាគ​ច្រើន​បាន​អះអាង​ថា​ប្រាក់​ខែ​ទាំង​នេះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​លើក​កម្ពស់​ជីវភាព​ពួកគេ​បាន​នោះឡើយ។​

នៅ​ពេល​ដែល​និយាយ​ដល់​ការ​ដំឡើង​ប្រាក់​ខែគោល​ កម្មការិនី​ ជុល ស្រីមុំ​ ធ្វើ​ការ​នៅ​រោង​ចក្រ​ដេរ​ស្បែក​ជើង​សាំង វូ ​ ដែល​មាន​ទីតាំង​នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់​ស្ពឺ​បាន​សើច​ហើយបញ្ជាក់​ថា​ក្រុម​កម្មករ​មិន​យល់​ស្រប​នឹង​កម្រិត​នៃ​ការ​ដំឡើង​ប្រាក់​ខែ​គោល​របស់​រដ្ឋាភិបាល​ទេ។​

ក្នុង​វ័យ​៣៤​ឆ្នាំ​ដែល​បាន​ធ្វើ​ជា​កម្មករ​កាត់​ដេរ​អស់​រយៈ​ពេល​ជាង​៥​ឆ្នាំ​ អ្នក​ស្រី​ ជុល ស្រីមុំ​ បាន​បញ្ជាក់​ថា​ប្រាក់​ខែ​ទាំង​នេះ​មិន​អាច​ផ្គត់​ផ្គង់​ជីវភាព​បាន​ទេ​ដោយ​សារ​ទំនិញ​ឡើង​ថ្លៃ​និង​ថ្លៃ​ជួល​ផ្ទះ​ក៏​ឡើង​ថ្លៃ​តាម​នោះដែរ។​

អ្នក​ស្រី​និយាយ​ថា៖​«ទីមួយ​ឱ្យអ្នក​ផ្ទះ​ ទីពីរ​ម្ហូប​ ទី​បី​ឈឺ​អត់​មាន​លុយ​មើល​ទេ​ពីព្រោះ​អ្វី​យើង​ចាយ​អស់​ហើយ​គ្រាន់​តែ​ទិញ​ម្ហូប​ និង​សម្លៀក​បំពាក់​ផ្សេងៗ​ទៀត។​នេះ​គ្រាន់​តែ​ទិញ​ផ្សេងៗ។​ទឹក​ ភ្លើង​ ថ្លៃ​ផ្ទះ​ នេះ​យើង​ចំណាយ​រាល់​ថ្ងៃ»។​

ក្រសួង​ការងារ​កាល​ពី​ដើម​ខែ​នេះ​បាន​សម្រេច​ដំឡើង​ប្រាក់​ខែគោល​ដល់​ក្រុម​កម្មករ​ឱ្យ​បាន​ឡើង​ដល់​១២៨​ដុល្លារ​ក្នុង​មួយ​ខែ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ទាម​ទារ​របស់​ក្រុម​កម្មករ​ឱ្យឡើងដល់​១៧៧​ដុល្លារ។​

អ្នក​ស្រី​ សយ ចាន់ថន​ កម្មការិនី​នៅ​រោង​ចក្រ​ពូ យាន​ ដែល​មាន​ទីតាំង​នៅ​សង្កាត់​ទឹក​ថ្លា​ ក្រុង​ភ្នំពេញ​មាន​ប្រសាសន៍​ថា​អ្នក​ស្រី​មិន​ដែល​ទទួល​ទាន​សាច់​ជ្រូក​ និង​ ម្ហូប​ឆ្ងាញ់ៗ​ទេគឺ​ជារៀង​រាល់​ថ្ងៃ​អ្នក​ស្រី​ទិញ​តែ​ត្រី​តូច​ល្អិតៗ​ដែល​មាន​តម្លៃ​ថោកៗ​យក​មក​បរិភោគ។​

អ្នក​ស្រី​បាន​បញ្ជាក់​ថា​ក្រុម​កម្មករ​ចំណាយ​ត្រឹម​តែ​៤.០០០​រៀល​គឺ​ប្រមាណ​១​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​អាហារ​ទទួល​ទាន។​ អ្នក​ស្រី​មាន​ប្រសាសន៍​ថា​ប្រាក់​ខែគោល​ដែល​រដ្ឋាភិបាល​បាន​ដំឡើង​ឱ្យដល់​ ១២៨ដុល្លារ​នេះ​មិន​គ្រប់គ្រាន់​ទេ។​

អ្នក​ស្រីបាន​និយាយ​ថា៖​«ទំនិញ​អ្វីៗ​សុំ​ឱ្យរដ្ឋាភិបាល​ជួយ​កុំឱ្យឡើង។ ​បើ​ប្រាក់​ខែ​ឡើង​បាន​ប៉ុណ្ណឹង​ហើយ​ថ្លៃ​ផ្ទះ​ទឹក​ភ្លើង​ ទំនិញ​អ្វី​ក៏​ឡើង​ដែរ​វា​ដូច​អត់​ឡើង​ដដែល»។​

អ្នកស្រី​ ឈាន់ សោភ័ណ្ឌ​ អាយុ​៣៩​ឆ្នាំ​ មាន​ផ្ទះ​ជួល​ចំនួន​១០​បន្ទប់​សម្រាប់​ជួល​ដល់​ក្រុម​កម្មករ​ នៅ​ក្នុង​ខណ្ឌ​សែន​សុខ​ ក្រុង​ភ្នំពេញ​មាន​ប្រសាសន៍​ថា​អ្នក​ស្រី​មិន​ចង់​ឡើង​ថ្លៃ​បន្ទប់ជួល​ទេ​ក៏ប៉ុន្តែ​នៅ​ពេល​ឃើញ​អ្នក​ជិត​ខាង​ឡើង​ថ្លៃ​អ្នក​ស្រី​ក៏​ឡើង​ថ្លៃ​ដូច​គេ​ដែរ។​

អ្នក​ស្រី​បាន​បញ្ជាក់​ថា​ការ​ដំឡើង​ថ្លៃ​នេះ​មិន​ថ្លៃ​ពេក​ទេ​គឺ​បាន​ឡើង​តម្លៃពី​៣៥​ដុល្លារ​ក្នុង​មួយ​ខែ​ទៅ​៤០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​ដោយ​សារ​តែ​អ្នក​ស្រី​ដឹង​ពី​ទុក្ខ​លំបាក​របស់​ក្រុម​កម្មករ។​

អ្នក​ស្រី​បាន​បញ្ជាក់​ថា​៖​«អត់​គិត​អញ្ចឹង​ផង។​ ដល់​ពេល​ខ្ញុំ​ឃើញ​អ្នក​ជួល​ផ្ទះ​នៅ​ជាប់​ខ្ញុំ​គេ​ឡើង។​ខ្ញុំ​ក៏​សុំ​ថា​ឡើង​បន្ថិច​ទៅ​ ហើយ​អ្នក​នៅ​ក៏​គ្នា​អត់​មាត់​ដែរ​ គ្នាឱ្យតើ»។​

លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​មាន​ប្រសាសន៍​ថា​ក្រុម​សហជីព​មួយ​ចំនួន​មិន​យល់​ព្រម​នឹង​ការ​ដំឡើង​ប្រាក់​ខែ​គោល​ត្រឹម​តែ​ចំនួន​១២៨​ដុល្លារ​នេះ​ទេ។​ លោក​បាន​បញ្ជាក់​ថា​យើង​កំពុង​ធ្វើ​យុទ្ធនាការ​ផ្តិត​មេដៃ​ពី​ក្រុម​កម្មករ​ដើម្បី​ទាម​ទារ​ដំឡើង​ប្រាក់​ខែឱ្យបាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ។​

លោក​និយាយ​ថា៖​«ក្រោយ​ពី​ការ​ប្រកាស​ឡើង​១២៨​ដុល្លារ​នេះ​យើង​បាន​ស្ទាប​ស្ទង់​នៅ​តាម​បណ្តា​រោង​ចក្រ​មួយ​ចំនួន។កម្មករ​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​ទាក់​ទង​ទៅ​នឹង​ការ​ឡើង​តិច​តួច​ពី​ព្រោះ​គាត់​ត្អូញ​ថា​គាត់​នូវ​តែ​ជួប​ឧបសគ្គ​ពីព្រោះ​ផ្ទះ ទឹក​ បន្ទប់​ ក៏ដូច​ជា​ថ្លៃ​ចំណី​អាហារ​ឡើង​ទៅ​តាម​អ្វី​ដែល​ការ​ដំឡើង​ប្រាក់​ឈ្នួល»។​

អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​ហៅ​កាត់​ថា​ (ILO)​ បាន​រក​ឃើញ​ថា​ មាន​កម្មករ​ជាង​៤០​ភាគរយ​មាន​ការ​ចុះ​ខ្សោយ​ មាន​ជំងឺ​ឈាម​ ស្លេក​ស្លាំង​ និង​មាន​តែ​ប្រមាណ​តែ​៣ភាគ​រយ​តែ​ប៉ុណ្ណោះ​ដែល​មាន​អាហារ​មាន​ជីវជាតិ​ បរិភោគ​គ្រប់គ្រាន់​ដោយ​សារ​តែ​ប្រាក់​បៀវត្ស​មិន​បាន​សមរម្យ។

នៅ​ក្នុង​របាយ​ការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​និយាយ​ថា​ក្នុង​ ចំណោម​កម្មករ​ប្រមាណ​ជិត​៤០០០​នាក់​ នៅ​ក្នុង​រោង​ចក្រ​ចំនួន​១០​មាន​ប្រមាណ​ ១៥,៧ភាគ​រយ​ មាន​ទម្ងន់​មិន​គ្រប់គ្រាន់​ ប្រមាណ​២​ ភាគ​៣ ​មាន​អសន្តិសុខ​ស្បៀង។ នេះ​មាន​ន័យ​ថា​ពួកគេ​ធ្វើ​ការ​ច្រើន​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការទទួល​យក​នូវ​សុវត្ថិភាព​និង​ជីវជាតិ​អាហារ​គ្រប់​គ្រាន់​ និង​ ៤៣,​ ២​ ភាគរយ​ទទួល​រង​នូវ​ភាព​ស្លេកស្លាំង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG