កម្មករមួយចំនួនដែលបម្រើការនៅតាមរោងចក្រកាត់ដេរក្នុងទីក្រុងភ្នំពេញ បង្ហាញការព្រួយបារម្ភកាន់តែឡើងខ្លាំងនៅពេលមានការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ទោះបីជាមិនទាន់មានការឆ្លងចូលសហគមន៍កម្មករក៏ដោយ។
ខណៈកំពុងត្រៀមចូលធ្វើការវិញក្រោយការសម្រាកពីធ្វើការ ដើម្បីទទួលទានបាយថ្ងៃត្រង់ អ្នកស្រី ញឹម ស្រីម៉ៅ អាយុ៤១ឆ្នាំ ដែលជាប្រធានក្រុមដេរនៅរោងចក្រមួយក្នុងខណ្ឌសែនសុខ មានប្រសាសន៍ថាអ្នកស្រីបានពាក់ម៉ាស់ជាប់រហូតក្នុងមួយរយៈពេលចុងក្រោយនេះ ដោយសារបារម្ភពីការឆ្លងជំងឺកូវីដ១៩។
អ្នកស្រីជាម្តាយដែលមានកូនពីរនាក់ មានប្រសាសន៍ថា៖ «ច៎ា ខ្លាច ព្រោះខ្លាចចេញទៅក្រៅ ទៅអីចឹង ពាក់ហើយ មិនដឹងថាអ្នកណាគេឆ្លងខ្លះ យើងមិនដឹងជានរណា។ តែខាងក្រុមហ៊ុនបានប្រាប់កម្មករថាអត់ឲ្យដើរទៅណាមកណាចេញពីក្រុមហ៊ុនទៅ ទៅក្នុងផ្ទះ កុំឲ្យដូចថាបើមានការចាំបាច់យើងទៅក្រៅ យើងត្រូវតែមានម៉ាស់ មានអាល់កុលទៅតាមខ្លួន»។
កម្មការិនីមួយរូបទៀត គឺអ្នកស្រី ជុំ លក្ខិណា អាយុ៣៥ឆ្នាំ ដែលបានឈប់ម៉ូតូទិញម្ហូបនៅពេលចេញពីរោងចក្រប្រាប់វីអូអេនៅច័ន្ទនេះថាកម្មករនៅរោងចក្ររបស់អ្នកស្រីមិនទាន់អង្គុយឆ្ងាយពីគ្នានោះទេ។
អ្នកស្រីមានប្រសាសន៍ថា៖ «គួរតែរៀងឆ្ងាយពីគ្នាខ្លះបើស្កេនដៃវិញ ជាប់ៗគ្នារហូត។ យើងការពារម៉េច ក៏វាមិនដឹងដែរ បើនៅជាប់ៗគ្នារហូតចឹង ស្កេនដៃ»។
ជាម្តាយដែលមានកូនពីរនាក់ក្នុងបន្ទុក អ្នកស្រី លក្ខិណា ដែលជាប្រធានផ្នែកសវនកម្មរបស់រោងចក្រ មិនដឹងថាថៅកែរោងចក្រផ្អាកដំណើរការរោងចក្រមួយរយៈសិនឬយ៉ាងណាទេ ប្រសិនបើការឆ្លងចូលសហគមន៍នេះបន្តកើនឡើងកាន់តែធ្ងន់ធ្ងរ។
អ្នកស្រីបញ្ជាក់ថា៖ «អាហ្នឹងលើតែខ្ញុំម្នាក់ឯងក៏មិនកើតដែរ [ទាល់តែ] ត្រូវគ្នាទាំងអស់គ្នាក្នុងរោងចក្រ»។
គិតមកត្រឹមថ្ងៃច័ន្ទនេះ មនុស្ស៣២នាក់ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩នៅក្នុងព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ ដោយក្នុងនោះ២នាក់ ត្រូវបានក្រសួងសុខាភិបាលប្រកាសនៅថ្ងៃច័ន្ទនេះ។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាលមិនទាន់យកជម្រើសដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ បើទោះជាការឆ្លងជំងឺកូវីដនៅក្នុងសហគមន៍ នៅតែកើនឡើងក៏ដោយ។ លោកថាចំណាត់ការនេះនឹងប៉ះពាល់សេដ្ឋកិច្ចទ្រង់ទ្រាយធំ។
លោក កែវ នាង អាយុ៣៥ឆ្នាំ កំពុងអង្គុយទទួលទានអាហារថ្ងៃត្រង់ជាប់នឹងភរិយារបស់លោក ជាមួយនឹងក្រុមកម្មករផ្សេងទៀត។ លោកមានប្រសាសន៍ថាលោកមិនបារម្ភឆ្លងជំងឺកូវីដ១៩ ដោយសារការអង្គុយហូបអាហារជុំៗគ្នាទេ។
លោកបញ្ជាក់ថា៖ «ពួកខ្ញុំធ្លាប់ហូបជុំគ្នា ប៉ុន្មាននាក់ហ្នឹងរាល់ថ្ងៃ គឺខ្ញុំនៅហូបធម្មតា អត់អីទេ»។
លោកបន្ថែមថាដោយការបារម្ភពីការឆ្លងជំងឺកូវីដ១៩ក្នុងចំណោមកម្មករ រោងចក្ររបស់លោក មានវិធានការអនាម័យយ៉ាងតឹងរ៉ឹងជាងមុន។
លោកបន្ថែមថា៖ «រោងចក្រខ្ញុំហ្នឹង គេឲ្យមុនចូលធ្វើការហ្នឹង គេឲ្យពាក់ម៉ាស់ ហើយលាងអាល់កុល...ប្រុងប្រយ័ត្នទាំងអស់គ្នា។ ទៅបន្ទប់ទឹកអី យើងត្រូវលាងដៃ សម្អាតមុនហូបបាយ ហូបអី លាងដៃ លាងអីសម្អាតចឹងទៅ»។
សន្តិសុខនៅរោងចក្រមួយចំនួនបានវាស់កម្តៅកម្មករ នៅពេលពួកគេដើរចូលទៅធ្វើការវិញ បន្ទាប់ពីអាហារថ្ងៃត្រង់។ កម្មករខ្លះក៏មិនបានពាក់ម៉ាស់ការពារនោះដែរ ហើយបន្តដើរជុំៗគ្នា ជាមួយកម្មករផ្សេងទៀតដែលពាក់ម៉ាស់។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ថាការរស់នៅរបស់កម្មកររួមគ្នាក្នុងសហគមន៍របស់ពួកគេ គឺនៅដដែល បើទោះបីពួកគេបង្កើនអនាម័យជាងមុន ដោយពាក់ម៉ាស់ និងប្រើប្រាស់ទឹកអាល់កុលក៏ដោយ។ លោកបញ្ជាក់ថាការបន្តធ្វើដំណើរទាំងក្រុមៗតាមរថយន្ត ការប្រើប្រាស់បន្ទប់ទឹករួមគ្នាក្នុងចំនួនច្រើន និងការហូបបាយជុំៗគ្នា បានបង្កជាក្តីបារម្ភចំពោះការឆ្លងជំងឺកូវីដ១៩។
លោកជំរុញឲ្យរដ្ឋាភិបាលនិងថៅកែរោងចក្រ គួរពិចារណារួមគ្នាឧបត្ថម្ភម៉ាស់ដល់កម្មករ និងកែប្រែទម្លាប់ចាស់ៗរបស់ពួកគេមួយចំនួន ពោលគឺស្នើឲ្យកម្មករផ្អាកការជួបជុំ ឬក៏ទទួលទានអាហាររួមគ្នាជាដើម។
លោកមានប្រសាសន៍ថា៖ «បើសិនជាអាចទៅរួច រដ្ឋាភិបាល ឬក៏ក្រុមហ៊ុន អាចជួយម៉ាស់ ជួយអីទៅដល់កម្មករ ដោយសារតែរដ្ឋាភិបាលក៏សល់ម៉ាស់ច្រើនដែរ ដែលបញ្ចេញនៅកន្លែងទីប្រជុំជនមួយចំនួន។ អ៊ីចឹងកន្លែងកម្មករកន្លែងអីហ្នឹង គឺកម្មករអីហ្នឹង គឺក្រុមហ៊ុនអាចជួយខ្លះ រដ្ឋាភិបាលចេញជួយខ្លះ ខ្ញុំគិតថា វាជារឿងល្អដែរ។ ហើយយើងគិតថាកម្មករខ្លួនឯងគួរតែមានការផ្សព្វផ្សាយ ឲ្យគាត់យល់ដឹងពីផលប៉ះពាល់ឲ្យច្រើនបន្តិច ឲ្យគាត់ចេះស្វ័យការពារដូចជាពាក់ម៉ាស់ឲ្យជាប់ ហើយឧស្សាហ៍ទៅបន្ទប់ទឹកលាងដៃ»។
កាលពីថ្ងៃទី២ ខែធ្នូ ក្រសួងការងារបានចេញសេចក្តីណែនាំដល់ម្ចាស់រោងចក្រសហគ្រាស ឲ្យអនុវត្តវិធានការបង្ការការឆ្លងជំងឺកូវីដ១៩សំខាន់ៗមួយចំនួន រួមមានការតម្រូវឲ្យកម្មករពាក់ម៉ាស់ ឬក្រមាជាប់ជានិច្ចរាល់ពេលធ្វើការ និងពេលជិះយានយន្តរួមគ្នា លាងសម្អាត និងបាញ់អាល់កុលសម្លាប់មេរោគយានយន្តនៅរាល់មុនពេល និងក្រោយពេលដឹកជញ្ជូនកម្មករ និងណែនាំអ្នកបើកបរយានយន្តឲ្យបើកបរដោយប្រុងប្រយ័ត្ន និងមិនត្រូវធ្វើដំណើរទៅទីកន្លែងណាមួយ ដែលមានផ្ទុះករណីវិជ្ជមានកូវីដ១៩។
លោក អាត់ ធន់ មេដឹកនាំសហជីព យល់ថាការណែនាំនេះឆ្លើយតបនឹងវិធានការបង្ការការឆ្លងជំងឺកូវីដក្នុងសហគមន៍កម្មករ តែលោកស្នើឲ្យក្រសួងបញ្ជូនមន្ត្រីអធិការកិច្ចតាមដានការអនុវត្តតាមសេចក្តីណែនាំនេះ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រាប់វីអូអេតាមបណ្តាញWhatsAppថាវិធានការនានារបស់ក្រសួងការងារ និងក្រសួងសុខាភិបាលដែលបានដាក់ចេញកន្លងមកនោះ គឺគ្រប់គ្រាន់ ដើម្បីដាក់កម្មករឲ្យស្ថិតឆ្ងាយពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។ លោកអះអាងថា រហូតមកដល់ពេលនេះ ពុំមានកម្មករណាម្នាក់ ដែលមានទំនាក់ទំនងជាមួយបុគ្គលឬមន្ត្រីដែលឆ្លងជំងឺកូវីដក្នុង«ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា»នោះទេ។
លោកមានប្រសាសន៍ថា៖ «ហើយបើសិនជាវាមានឧបទ្ទវហេតុណាមួយ ឬក៏ករណីសង្ស័យណាមួយកើតឡើង ក៏យើងជឿជាក់ថាយើងអាចគ្រប់គ្រងសភាពការណ៍បាន ដោយសារតែយើងមានអ្នកដែលទទួលខុសត្រូវច្បាស់លាស់ មានឈ្មោះ កម្មករនិយោជិត ហើយនិងបណ្តាញនៃការដឹកជញ្ជូនរបស់កម្មករនិយោជិតនៅក្នុងសហគមន៍រោងចក្រនីមួយៗទៅតាមភូមិឃុំរបស់គាត់»។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(Garment Manufacturers Association in Cambodia) មានប្រសាសន៍ថាម្ចាស់រោងចក្រនីមួយៗបានបង្កើនវិធានការអនាម័យតាមការណែនាំរបស់រដ្ឋាភិបាល។ លោកថានៅក្នុងរោងចក្រ កម្មករបានអង្គុយឃ្លាតពីគ្នារួចទៅហើយ។ ប៉ុន្តែលោកបានបង្ហាញក្តីបារម្ភមួយចំនួនដែលកម្មករមិនបានអនុវត្តការរក្សាគម្លាតសុវត្ថិភាពពីគ្នា។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែបញ្ហា យើងបារម្ភខ្វះខាត ពេលអី កម្មករ...ចេញថ្ងៃត្រង់ញាំបាយ។ អ៊ីចឹង យើងបានណែនាំរហូតថា ទោះបីជាម៉ោងបាយ សុំអង្គុយឆ្ងាយៗគ្នា កុំអង្គុយជិតៗគ្នាពេក។ បើមកធ្វើការអត់មានអង្គុយជិតគ្នាទេ មកធ្វើការកាន់តែឆ្ងាយហើយ»។
លោក ខេន លូ បន្តថាលទ្ធភាពដែលអាចត្រូវផ្អាកដំណើរការរោងចក្រ ឬយ៉ាងណានោះ គឺអាស្រ័យលើការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបន្ថែមថា៖ «ធម្មតាយើងចាំណែនាំរបស់រាជរដ្ឋាភិបាល បានសម្តេចបានប្រកាសហើយ គាត់អត់ទាន់ គាត់គិតថាអត់ទាន់ដល់ថ្នាក់គួរតែបិទផ្នែកណានៅស្រុកខ្មែរទេ ឬក៏បិទអាជីវកម្ម ឬក៏បិទរាជធានី ឬក៏យ៉ាងម៉េចអត់ទាន់ដល់ទេ»។
ជំងឺកូវីដ១៩នេះបានបណ្តាលឲ្យកម្មកររាប់ម៉ឺននាក់ ត្រូវបានព្យួរនិងបញ្ឈប់ពីការងារតែម្តង។ បន្ថែមពីការរងគ្រោះដោយជំងឺកូវីដ១៩ ដោយសារមិនមានការបញ្ជាទិញដូចមុន ឧស្សាហកម្មកាត់ដេរកម្ពុជាដែលបានផ្តល់ការងារឲ្យកម្មករជាង៧០ម៉ឺននាក់ ក៏បានរងសម្ពាធមួយចំនួនពីការបាត់បង់មួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញ លើកលែងសព្វាវុធ» ឬEBA (Everything But Arms) ដែលផ្តល់ដោយសហភាពអឺរ៉ុប។ ការដកមួយផ្នែកនេះ គឺដោយសារសហភាពអឺរ៉ុបបានរកឃើញការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនៅកម្ពុជា ក្នុងនោះមានការរំលាយគណបក្សសង្រ្គោះជាតិ និងការដកហូតសិទ្ធិនយោបាយរបស់មន្រ្តីបក្សប្រឆាំង៕