ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា​​មិន​ចង់​​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ទោះ​ការ​ឆ្លង​ក្នុង​សហគមន៍​បន្ត​កើន​ឡើង


រូបឯកសារ៖ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ជជែក​គ្នា ក្នុង​អំឡុងពេលជូន​ដំណើរ​​ព្រះមហាក្សត្រ​ព្រះអង្គ សីហមុនី យាង​ចេញ​ដំណើរ​ទៅ​កាន់ប្រទេស​ចិន​ដើម្បី​ពិនិត្យ​សុខភាព អាកាសយានដ្ឋាន​ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ជជែក​គ្នា ក្នុង​អំឡុងពេលជូន​ដំណើរ​​ព្រះមហាក្សត្រ​ព្រះអង្គ សីហមុនី យាង​ចេញ​ដំណើរ​ទៅ​កាន់ប្រទេស​ចិន​ដើម្បី​ពិនិត្យ​សុខភាព អាកាសយានដ្ឋាន​ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​អាទិត្យ​ បានលើក​ឡើង​ថា​រដ្ឋាភិបាលមិន​ទាន់​ជ្រើស​រើស​ជម្រើស​នៃ​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​នៅ​ឡើយ​ទេ តាម​ច្បាប់​គ្រប់​គ្រង​ប្រទេស​ក្នុង​គ្រា​អាសន្ន ដែលត្រូវ​បាន​អនុ​ម័ត​កាល​ពី​ចុងខែ​មេសា បើ​ទោះ​ករណី​ឆ្លង​ជំងឺ​កូវីដក្នុង​សហ​គមន៍​ បន្ត​កើន​ឡើង​ក៏​ដោយ។

កាល​ពី​ចុង​ខែ​វិច្ឆិកា លោក ហ៊ុន ​សែន បាន​ប្រកាសទុក​រយៈ​ពេល​១៥​ថ្ងៃ​ ក្នុង​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍​លើ​ក​ដំបូង ដែល​រហូត​មក​ដល់​ពេល​នេះនៅ​សល់​ប្រមាណ​១០​ថ្ងៃ​ទៀត។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ការ​ឆ្លង​ជំងឺ​នេះ​ចូល​សហគមន៍​លើក​ដំបូង​ក្នុង​ប្រទេស​ កាល​ពី​ចុង​ខែ​វិច្ឆិកា ដែល​គិត​មក​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ​ មាន​អ្នក​ឆ្លង​សរុប​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​នេះ កើនដល់​៣២​នាក់​ដោយ​រួម​ទាំង​អ្នក​ឆ្លង​២​នាក់​ចុងក្រោយ​គេ​បង្អស់​នៅ​ថ្ងៃ​នេះ​ផងដែរ។

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហោះ​សារ​ថា​លោក​បាន​ត្រៀម​បម្រុង​ទុក​នូវ​លិខិត​នានា សម្រាប់​ស្នើ​ថ្វាយ​ព្រះ​មហា​ក្សត្រ ដើម្បី​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន។ ប៉ុន្តែ​លោកថា​លោក​មិន​ចង់​ទៅ​ដល់​ចំណុច​នេះ​ទេ ដោយ​សារ​វា​អាច​ប៉ះ​ពាល់​ធំធេង​ដល់​សេដ្ឋកិច្ច​និង​ជីវភាព​របស់ប្រជាជន។

បន្ថែម​ពី​លើ​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក លោក ហ៊ុន សែន ក៏​មាន​សារ​ជា​សំឡេង ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ទៅ​កាន់​សាធារណជន និង​បណ្តាញ​សារព័ត៌មាន​ផង​ដែរ។

លោក ហ៊ុន សែន បាន​ថ្លែងថា៖ «ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ដើរ​ទៅដល់​ជំហាន​បែប​នេះនោះ​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​នឹង​គាំង​ទាំង​ស្រុង​តែ​ម្តង ប្រសិន​បើ​បិទ​ប្រទេស​ ឬ​ក៏​បិទ​ផ្នែក​ណា​មួយ​របស់​ប្រទេស»។

លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ចុះ​ពិនិត្យ​ទីតាំង​អាជីវកម្ម​ទាំង​អស់​ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ តាម​វិធានការណែនាំសុវត្ថិភាព​របស់​ក្រសួង​សុខាភិបាល។ លោក​បញ្ជាក់​ថា​រដ្ឋា​ភិបាល​ពុំ​មានជម្រើស​អ្វី​ក្រៅ​ពី​ការ​ធានា​ឲ្យ​មាន​ការ​រក្សា​គម្លាត​ពី​គ្នា និង​ការ​ពាក់​ម៉ាសឲ្យ​ជាប់​លាប់​ទេ។

លោក​បន្ថែម​ថា៖«ប្រសិន​បើ​ទីកន្លែង​នោះ​មិន​ព្រម​អនុវត្ត​ទេ សូម​ប្រើ​អំណាចរបស់​រដ្ឋបាល​ខេត្ត​រាជ​ធានី ដើម្បី​បិទ​ហាង​នោះ​ ជា​បណ្តោះ​អាសន្ន​សិន»។

ហាង Pedro លក់កាបូប និងសម្ភារៈផ្សេងទៀត នៅលើផ្លូវព្រះសីហនុ នៅថ្ងៃ ទី៧ ខែធ្នូ ឆ្នាំ២០២០ ដែលត្រូវបានឲ្យបិទបណ្តោះអាសន្ន ក្រោយមានអ្នកឆ្លងជំងឺកូវីដ១៩នៅទីនោះ។ (ស៊ុន ណារិន/វីអូអេ)
ហាង Pedro លក់កាបូប និងសម្ភារៈផ្សេងទៀត នៅលើផ្លូវព្រះសីហនុ នៅថ្ងៃ ទី៧ ខែធ្នូ ឆ្នាំ២០២០ ដែលត្រូវបានឲ្យបិទបណ្តោះអាសន្ន ក្រោយមានអ្នកឆ្លងជំងឺកូវីដ១៩នៅទីនោះ។ (ស៊ុន ណារិន/វីអូអេ)

លោក ​ង៉ែត ជូ​ អ្នក​វិភាគ​សេដ្ឋកិច្ច​មួយ​រូប ​មាន​ប្រសាសន៍​ថា​បណ្តា​ប្រទេស​ដែល​មាន​ឆ្លង​ជំងឺ​កូវីដ​១៩​ ធ្ងន់​ធ្ងរ ​មិន​ប្រកាសដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នោះ​ទេ ដោយគ្រាន់​តែផ្អាក​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​ណា​មួយ​ជា​បណ្តោះ​អាសន្ន ដើម្បី​ធានា​ថា​រដ្ឋាភិបាល​អាច​គ្រប់គ្រង​ស្ថាន​ការណ៍​បាន។

លោក​យល់​ថា​មក​ដល់​ពេល​នេះ គួរ​តែ​មាន​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នៅ​តំបន់​ណា​មួយ ដោយ​លោក​មើល​ឃើញ​ថា«សញ្ញា​កាន់​តែ​អាក្រក់​ទៅ»។ លោក​ឧទាហរណ៍ ដូច​ជា​នៅ​តំបន់ច្បារ​អំពៅរាជ​ធានី​ភ្នំពេញ ដែល​ត្រូវ​បាន​រក​ឃើញ​មាន​ករណី​ឆ្លង​ជា​បន្ត​បន្ទាប់។

លោក​ថ្លែង​ប្រាប់​VOA​ថា៖ «យើង​ផ្អាក​មួយ​រយៈ វា​មិន​មាន​អី​អាក្រក់​ពេក​ទេ។ រឿង​សេដ្ឋកិច្ច​ វា​ជា​រឿង​បន្ថែម​លើ​សុខភាព​ បន្ថែម​ទៅ​លើ​អ្វី​ដែល​មនុស្សអាច​រស់​នៅ​បាន។ ហើយ​បើ​សិន​ជា​យើង​គិត​តែ​រឿង​សេដ្ឋកិច្ច ហើយ​យើង​មាន​បញ្ហា យើង​ឆ្លង»។

លោក​បន្ថែម​ថា​សមត្ថភាព​របស់​កម្ពុជា​នៅ​ក្នុង​ការ​ផ្តល់​សេវាសុខភាព​សាធារណៈ​នៅ​មាន​កម្រិត ដែល​លោក​ថា​នឹង​មាន​ការ​លំបាក ប្រសិន​បើ​មាន​ការ​ឆ្លង​ច្រើន។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ដែល​ជា​ស្ថាប័ន​ស្រាវ​ជ្រាវ​គោល​នយោបាយ ​មាន​ប្រសាសន៍​ថា​ការ​សម្រេច​របស់​រដ្ឋាភិបាល​មិន​ប្រកាសដាក់​ប្រទេសក្នុង​ភាព​អាសន្ន​នៅ​ពេល​នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវមួយ ដោយ​សារ​ស្ថាន​ភាព​មើល​ទៅ​មិន​ធ្ងន់ធ្ងរ​ដូច​ប្រទេស​ដទៃ បើ​ទោះ​ជា​ប្រជាជន​មាន​ការ​ភ័យ​ខ្លាច​ក៏​ដោយ។

លោក​មាន​ប្រសាសន៍​ថា៖ «ការ​ដែល​លោក​នាយក​រដ្ឋមន្រ្តី​សម្រេច​មិន​ទាន់​ដាក់ប្រទេស​ក្នុង​ភាព​អាសន្ន ខ្ញុំ​ថា​ជា​រឿង​មួយ​ត្រឹម​ត្រូវ។ មួយ​ទៀត យើង​ត្រូវ​ព្រួយ​បារម្ភ [ប៉ុន្តែ​ត្រូវ​មាន​]ការ​ថ្លឹង​ថ្លែង​ជាមួយ​នឹង​សេដ្ឋកិច្ច ជាពិសេស​ជាមួយនឹង​អ្នក​ក្រ ឬ​មួយ​អ្នក​ដែល​ព្រួយ​បារម្ភ​អំពី​ចំណូល​ប្រចាំ​ថ្ងៃ គឺ​ខ្ញុំ​មើល​ឃើញ​ច្រើន​មែន​ទែន។ អ្នក​លក់​តាម​ផ្លូវ​ គឺ​គាត់​អត់​អាច​បាត់​បង់​ចំណូល​បាន​ទេ»។

លោក អ៊ូ វីរៈ បន្ថែម​ថា​តាម​ការ​ចុះ​ស្រាវ​ជ្រាវរបស់​ក្រុម​ការងារ ​និង​ដៃ​គូ​ស្រាវ​ជ្រាវ​របស់​ស្ថាប័ន​លោក ប្រជាពលរដ្ឋ​កម្ពុជារហូត​ដល់​២០​ភាគរយ ប្រឈម​នឹង​ភាព​អត់​ឃ្លាន​ក្នុង​ពេល​ជួបវិបត្តិ​ជំងឺ​កូវីដ​១៩​នេះ។

លោក​បន្តថា​ការ​បន្ត​តាម​ស្វែង​រក​មនុស្ស​ដែល​ពាក់ព័ន្ធ​ និង​បើក​ការ​ធ្វើ​តេស្តរក​វីរុស​កូរ៉ូណា​ក្នុង​ចំណោម​ប្រជាជន​ឲ្យ​បាន​ច្រើន​ ជា​រឿង​ចាំ​បាច់​នៅ​ពេល​នេះ។

លោក អ៊ូ វីវៈ បន្ថែម​ថា​បើ​ទោះ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ស្ថានភាព​ក្នុង​ប្រទេសមិន​ផ្លាស់​ប្តូរ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ ដោយសារលោក​ថា​រដ្ឋា​ភិបាល​កម្ពុជា មាន​«អំណាច​លើស​លប់»​រួច​ទៅ​ហើយ បើ​ទោះ​ជា​មិន​ទាន់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា អំណាច​របស់រដ្ឋាភិបាល​យើង នីតិ​ប្រតិបត្តិ​យើង គឺ​គាត់​មាន​លើស​លប់​តាំង​ពី​ដើម​មក។ អញ្ចឹង​ទោះ​បី​ដាក់​ ក៏​គាត់​នៅ​មាន​អំណាច មិន​ដាក់ ក៏​គាត់នៅ​មាន​អំណាច»។

បើ​តាម​លោក អ៊ូ វីរៈ រាជធានី​ភ្នំពេញ​មាន​ភាព​ស្ងប់​ស្ងាត់​នៅ​ពេល​នេះ ដែល​លោក​ថា​ជា​រឿង​ល្អ​មួយ​ដែល​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន។

កាល​ពី​ថ្ងៃទី​៩ ​ខែ​មេសា ឆ្នាំ​២០២០ លោក ហ៊ុន សែន ធ្លាប់​បាន​ចេញ​បទ​បញ្ជា​មួយ​ដែល​កំហិត​ការ​ធ្វើ​ដំណើរ​មួយ​ចំនួន ដើម្បី​ទប់​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩។ បទ​បញ្ជា​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា​មាន​គោល​ដៅ​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​កាត់​ដេរ​ទៅ​ស្រុក​កំណើត ដើម្បី​ចូល​រួម​អប​អរ​ចូល​ឆ្នាំ​ខ្មែរ។

បទ​បញ្ជា​កំហិត​ការ​ធ្វើ​ដំណើរ​កាល​នោះ ធ្វើ​ឡើង​ក្នុង​ពេល​រដ្ឋាភិបាលកំពុង​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ដែល​នឹង​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ពេល​មាន​ជំងឺ​រាត​ត្បាត និង​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ។ ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ចុង​ខែ​មេសា។

ក្រុម​អ្នក​រិះគន់​មួយ​ចំនួន​យល់​ថា​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាមានអាសន្ននេះ​ ​អាច​នាំ​ទៅ​រក​ការរាំង​ខ្ទប់​បន្ថែមទៀត​នូវ​ការ​ប្រើប្រាស់​សិទ្ធិ​ស៊ីវិល ​និង​សេរី​ភាព​ផ្សេង​ទៀត រួម​មាន​សេរីភាព​ដើរ​ហើរ​ ការ​បញ្ចេញ​មតិ​ ការ​ជួប​ប្រជុំ​ ឬ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ជាដើម៕

XS
SM
MD
LG