ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹក​នាំ​សហជីព​នឹង​ទាមទារ​ប្រាក់​ឈ្នួល​អប្បរមា​​១៧៧​ដុល្លារ​ឆ្នាំ​២០១៦


លោក​ អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​ស៊ីខៅ​ឌូ​​​នៅ​ក្នុង​បាតុកម្ម​មួយ​កាល​ពី​ថ្ងៃ​ទី​៨​ខែ​មីនា ឆ្នាំ​២០១៤​ក្នុង​រាជធានី​ភ្នំពេញ។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)
លោក​ អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​ស៊ីខៅ​ឌូ​​​នៅ​ក្នុង​បាតុកម្ម​មួយ​កាល​ពី​ថ្ងៃ​ទី​៨​ខែ​មីនា ឆ្នាំ​២០១៤​ក្នុង​រាជធានី​ភ្នំពេញ។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

មេដឹក​នាំ​សហជីព​ក្នុង​ប្រទេស​កម្ពុជា​នឹង​យក​តួលេខ​ប្រាក់​ឈ្នួល​អប្បរមា​ចំនួន​១៧៧​ដុល្លារក្នុង​ការ​ចរចាជាមួយ​នឹង​និយោជក​ដែល​ធ្វើការ​វិនិយោគ​ ក្នុង​វិស័យ​វាយ​នភណ្ឌ​ កាត់​ដេរ​សម្លៀក​បំពាក់​ ​និង​ផលិត​ស្បែកជើង​ ចាប់​ពី​ខែ​កក្កដា​ខាង​មុខ​នេះ​ ខណៈពេល​ដែល​ក្រសួង​ការងារ​បញ្ចេញ​ឲ្យ​ដឹង​នូវ​ប្រតិទិន​ថ្មី​សម្រាប់​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បរមា​ឆ្នាំ​២០១៦។​

ប្រតិទិន​ថ្មី​នៃ​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បរមា​របស់​ក្រសួង​ការងារ​ដែល​ប្រកាស​ឲ្យ​ដឹង​កាលពីថ្ងៃ​សុក្រ​បាន​បញ្ជាក់​ថា ការពិភាក្សា​ប្រាក់​ឈ្នួល​អប្បរមា​នឹង​ចាប់​ពី​ខែ​កក្កដា​រហូត​ដល់ប្រាក់​ឈ្នួល​អប្បបរ​មាន​ថ្មី​ចូល​ជាធរមាន​នៅខែមករា​ឆ្នាំ​២០១៦។​

លោក​អាត ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ឲ្យដឹង​ថា​ ការ​ត្រៀម​ទាមទារ​ប្រាក់​ឈ្នួល​អប្ប​បរមា​ចំនួន​១៧៧​ដុល្លារ​នេះ​ គឺ​ដោយសារ​ពុំ​ទាន់​មាន​ការ​សិក្សា​លម្អិត​ណាមួយ​រវាង​ភាគី​និយោជិត ​និយោជក​ និង​រដ្ឋាភិបាល​ដើម្បី​រក​ឲ្យ​ឃើញ​នូវ​តួលេខ​ថ្មី​ទេ​ ហើយ​ថា ​ប្រាក់​ឈ្នួល​អប្ប​បរមា​ចំនួន​១៧៧​ដុល្លារគឺ​ជា​ចំនួន​ដែល​រក​បាន​តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​គណៈ​កម្មការ​ត្រីភាគី ​រួមមាន​ខាង​និយោជក ​ខាង​រដ្ឋាភិបាល​ និង​សហជីព​កាលពី​ចុងឆ្នាំ​២០១៣។​

«មិន​ទាន់​មាន​តួលេខ​ណា​ស្រាវជ្រាវ​ច្បាស់​លាស់​មានន័យ​ថា​ យើង​យក​តួលេខ​១៧៧​ដើម្បី​ទៅ​ធ្វើការ​ចរចា ដោយ​សារតែ​តួលេខ​១៧៧​ដុល្លារ​គឺ​ជា​តួលេខ​ដែល​ស្រាវជ្រាវ​ដោយ​គណៈ​កម្មការត្រី​ភាគី​ មាន​ខាង​និយោជក​ ខាង​រដ្ឋបាល​ ខាង​សហជីព​ចូល​រួមគ្នាកាល​ចុង​ឆ្នាំ២០១៣»។​

លោក​បាន​បញ្ជាក់​ថា​ ការ​ចរចាទាមទារ​ឲ្យ​បាន​ប្រាក់​អប្បរមា​១៧៧​ដុល្លារនេះ​គឺ​អាស្រ័យ​លើ​ការ​ចូលរួម​របស់​កម្មករ​ ដោយ​លោក​ពុំ​អាច​ព្យាករណ៍​បាន​ថា​ និយោជក​នឹង​ព្រម​ផ្តល់​ប្រាក់​ឈ្នួល​ប្រាក់​អប្បរមា​១៧៧​ដុល្លារ​នេះ​ឬ​យ៉ាងណា​ទេ។​

«ជា​បទ​ពិសោធន៍ ​យើង​ឃើញ​ថា​ នៅ​ពេល​ដែល​មាន​អន្តរាគមន៍​ពី​អ្នក​ពាក់​ព័ន្ធ​ ឬ​ក៏​កម្មករ​តវ៉ា​ច្រើន​ហ្នឹង ​យើង​ទាមទារ​បាន​ច្រើន​ទៅ។​ បើ​មិន​មាន​ទេ​យើង​ទាម​ទារ​បាន​តិច​ទៅ។ ​អញ្ចឹងការ​ចរចាទៅ​ថ្ងៃ​មុខ​ហ្នឹង​ក៏​អញ្ចឹងដែរ។​ ប្រសិន​ជា​មិនមាន​សម្ពាធ​អី​ទេ ​និយោជក​មិន​ដែលគេចង់​ឲ្យ​ឡើង​ប្រាក់​ខែ​ច្រើន​ទេ​ មួយ​ដុល្លារពីរ​ដុល្លារ​ច្រើន​បំផុត​ហើយ»។​

ឧស្សាហ​កម្មកាត់​ដេរ​បាន​ផ្តល់​ការងារ​ឲ្យ​មនុស្ស​យ៉ាងហោច​ណាស់​៦០០.០០០​នាក់។ ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ភាព​រំជើប​រំជួល​នៅ​ក្នុង​វិស័យ​នេះ​ ដោយ​សារ​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដំឡើងប្រាក់​ឈ្នួល​អប្បរមា​ឲ្យ​បាន​សមស្រប​ទៅ​នឹង​ការ​កើន​ឡើង​នូវ​ថ្លៃ​ទំនិញ​នានា​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​បន្ត​កើន​ឡើង​លឿន​ជាង​ប្រាក់​ខែ​កម្មករ។​

ការ​តវ៉ា​របស់​កម្មករ​ដើម្បី​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​កាលពី​ខែ​មករា​ដើម​ឆ្នាំ​២០១៤​បាន​ប្រឈម​នឹង​ការ​បង្រ្កាប​ដោយ​អំពើ​ហិង្សា​ពី​រដ្ឋាភិបាល​ ដែល​នាំឲ្យ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​ប្រាំ​នាក់​បាន​ស្លាប់ ​និង​រាប់​សិប​នាក់​រង​របួស​ ព្រម​ជាមួយ​នឹង​ការ​ដាក់​ពន្ធនាគារ​មេ​ដឹក​នាំ​សហជីព​ និង​កម្មករ​មួយ​ចំនួន​ទៀត។​

បន្ទាប់​ពី​មាន​ការ​តវ៉ា​ទាំង​នោះមក រដ្ឋាភិបាល​បាន​ដំឡើងប្រាក់​ឈ្នួល​អប្បបរមា​ដល់​១២៨​ដុល្លារ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​ក្រុម​កម្មករ​បាន​និយាយ​ថា​ ពួក​គេ​ត្រូវ​ការ​យ៉ាង​ហោច​ណាស់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ​ដើម្បី​ទប់ទល់​នឹង​ការ​កើន​ឡើង​នូវ​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​នា​ពេល​បច្ចុប្បន្ន។​

លោក​ហេង សួ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ បាន​ប្រាប់​វីអូអេ​ខេមរ​ភាសា​ថា​ ក្រុម​សហជីព​ត្រូវ​ត្រៀម​ឲ្យ​បាន​រួចរាល់​នូវ​អំណះ​អំណាង​នានា​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​ថ្មី​ ព្រោះ​ពួកគេ​ពុំអាច​ចេះ​តែ​លើក​ឡើង​នូវ​តួលេខ​ណា​មួយ​មក​ពិភាក្សា​ស្តីពី​ការ​ដំឡើងប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ក្នុង​វិស័យវាយន​ភណ្ឌ​ កាត់​ដេរ​សម្លៀក​បំពាក់​ ​និង​ផលិត​ស្បែក​ជើង​ឆ្នាំ​២០១៦​បាន​ទេ។​

«ក្នុង​នាម​ក្រសួង​ ក្នុង​នាម​រដ្ឋាភិបាល​គឺ​ថា​ មិន​ប្រកាន់​លើ​ភាគី​ណាមួយ​ទេ​ គឺ​ថា ​សុំភាគី​និមួយ​ត្រៀម​មូល​ហេតុ ​ត្រៀម​ទិន្នន័យ​ ត្រៀម​ឯកសារ​ដើម្បី​យក​មក​ចរចាគ្នា។​ ហើយ​ភាគី​ណា​ដែល​មាន​សមត្ថភាព​មាន​លក្ខណៈ​គេ​ហៅ​ថា ​វិទ្យាសាស្រ្ត​ច្រើន​ជាង​បូក​គ្នា​ទៅ​ ខ្ញុំគិត​ថា ​គាត់​អាច​មាន​លទ្ធភាព​ដើម្បី​ពន្យល់​អង្គ​ប្រជុំ​បាន»។​

លោក​វ៉ាន់ ស៊ូអៀង​ ប្រធាន​សមាគមន៍​រោងចក្រកាត់​ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បដិសេធ​ពុំ​ធ្វើ​អធិប្បាយ​ទេ​ ដោយ​លោក​ជាប់​បេសក​កម្ម​ការងារ​នៅ​ប្រទេស​ថៃ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ក្រសួង​ការងារ​បាន​ស្នើ​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​ត្រូវ​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម​ រួម​មាន​ស្ថាន​ភាព​គ្រួសារ​ អត្រា​អតិផរណា ​និង​ការ​ចំណាយ​រស់នៅ​ និង​លក្ខណៈ​វិនិច្ឆ័យ​បែបសេដ្ឋ​កិច្ច​ រួមមាន​ផលិត​ភាព​ ភាព​ប្រកួត​ប្រជែង​ និង​ស្ថានភាពទីផ្សារ​ការងារ​ ក៏​ដូចជា​ពិនិត្យ​មើល​បន្ទាត់​ភាព​ក្រីក្រ ​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្នុង​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG