អង្គការពលកម្មអន្តរជាតិបានស្នើផ្តល់ជំនួយបច្ចេកទេសដល់រដ្ឋាភិបាលក្នុងការតាក់តែងច្បាប់ស្តីពីសហជីពឱ្យបានដល់កម្រិតស្តង់ដាអន្តរជាតិ ខណៈពេលដែលក្រុមសហជីពនិងសមាគមនានារិះគន់ថា សេចក្តីព្រាងច្បាប់នេះត្រូវបានធ្វើឡើងដោយលាក់លៀម និងមានចំណុចអវិជ្ជមាន ព្រមទាំងមានលក្ខណៈគាបសង្កត់។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចែកផ្សាយដល់បណ្តាញសារព័ត៌មាននៅថ្ងៃពុធអង្គការពលកម្មអន្តរជាតិ (ILO) បញ្ជាក់ថា៖
«អង្គការពលកម្មអន្តរជាតិត្រៀមលក្ខណៈជាស្រេចដើម្បីផ្តល់ការគាំទ្របន្តទៀតលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដើម្បីជាការឆ្លើយតបនឹងសំណើពីភាគីពាក់ព័ន្ធទាំងបី ហើយសូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានការងារសមស្របសម្រាប់មនុស្សគ្រប់ៗគ្នា»។
ILO សង្កត់ធ្ងន់ថា ចំណុចសំខាន់នៃច្បាប់សហជីពនេះគឺត្រូវផ្តោតលើការចូលរួមបីភាគី ដែលមាននិយោជក សហជីព និងរដ្ឋាភិបាលក្នុងដំណើរការតាក់តែង។
ប្រតិកម្មរបស់អង្គការពលកម្មអន្តរជាតិកើតឡើង ខណៈពេលដែលសហជីព និងអង្គការក្រៅរដ្ឋាភិបាលសម្តែងការព្រួយបារម្ភថា សេចក្តីព្រាងច្បាប់ថ្មីស្តីពីសហជីពដែលកំពុងស្ថិតនៅក្នុងដៃរដ្ឋាភិបាលនៅឡើយនោះបានបង្ហាញនូវលក្ខណៈរឹតបន្តឹងលើសកម្មភាពសហជីព ដូចជា ការតម្រូវឱ្យបង្កើតសហជីពនៅកន្លែងមួយបានត្រូវមានសមាជិករហូតដល់២៥ភាគរយ ការធ្វើប្រតិភូកម្មអំណាចទៅឱ្យក្រសួងការងារក្នុងការសម្រេចថា តើកូដកម្មតវ៉ារបស់សហជីព និងកម្មករមានភាពស្របច្បាប់ឬទេ និងការតម្រូវឱ្យសហជីព ដែលមានស្រាប់ត្រូវចុះបញ្ជីឡើងវិញ នៅក្រោយពីច្បាប់ថ្មីចូលជាធរមានជាដើម។ រីឯការដាក់ទោសទណ្ឌមានរហូតដល់ជាប់គុកមួយឆ្នាំចំពោះ ការធ្វើកូដកម្មបាតុកម្ម ការបិទសហជីពចោល និងពិន័យជាប្រាក់រហូតដល់១០លានរៀលផងដែរ។
លោក អាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ ឬហៅកាត់ថា ស៊ីខាវឌូ បានបញ្ជាក់ថា៖
«ខ្ញុំគិតថានៅពេលដែលច្បាប់នេះចេញទៅ មានន័យថា សហជីពសម្រាប់កម្មករនឹងមិនមានទៀតទេ។ យើងមានតែសហជីពដែលគាំទ្រថៅកែ និងគាំទ្ររដ្ឋាភិបាលតែប៉ុណ្ណោះ។ នៅពេលនោះហើយគឺថា សិទ្ធិការងារ លក្ខខណ្ឌការងារ និងការងារបង្ខំនឹងកើតមាននៅកម្ពុជាយ៉ាងច្រើន»។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងដែរថា៖
«ខ្ញុំគិតថា វាអត់អ្វីចំណេញដល់រដ្ឋាភិបាលកម្ពុជាទេ ពីព្រោះបើកាលណាយើងធ្វើច្បាប់គាបពួកសហជីព គាបពួកសង្គមស៊ីវិល វាធ្វើឱ្យសហគមន៍អន្តរជាតិថ្នាក់ថ្នាំងចិត្តពីព្រោះនៅក្នុងបទបញ្ជារបស់អ្នកបញ្ជាទិញលើកឡើងអំពីសេរីភាពរបស់កម្មករកម្មការិនីនៅកន្លែងធ្វើការយើង។ អញ្ចឹងនៅពេលដែលយើងធ្វើច្បាប់ហ្នឹង វាតឹងរ៉ឹងវាបិទសិទ្ធិសេរីភាពរបស់កម្មករ បិទសិទ្ធិសេរីភាពសហជីព ចឹងបណ្តាលឱ្យការវិនិយោគ របស់គេហ្នឹង ប្រហែលជាគេងាកទៅរកវិនិយោគនៅប្រទេសណាថ្មីៗ»។
សេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះជាការបន្ថែមទៅលើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលកំពុងមានរឿងចម្រូងចម្រាសយ៉ាងខ្លាំង។
អង្គការ ILO បានបន្ថែមថា ដំណើរការតាក់តែងនេះត្រូវការឱ្យមាន«ការលះបង់ខិតខំប្រឹងប្រែងជាបន្តបន្ទាប់ពីគ្រប់ភាគីទាំងអស់ ដើម្បីធានាថាសេរីភាពពិតប្រាកដនៃការបង្កើតសមាគមត្រូវបានដាក់បញ្ចូលទាំងនៅក្នុងច្បាប់ និងការអនុវត្ត»។
កាលពីដើមខែមិថុនានេះ ក្រុមសហជីពបានតវ៉ាទៅក្រសួងការងារឱ្យទម្លាក់ច្បាប់នេះចោល និងសុំឱ្យស្ថានទូតអន្តរជាតិជួយធ្វើអន្តរាគមន៍។ ហើយបើមិនបានតាមការទាមទាររបស់គេនោះទេ លោក អាត់ ធន់ បញ្ជាក់ថា សហជីពនឹងប្រើប្រាស់នូវវិធានការចុងក្រោយមួយចំនួន៖
«យើងក៏បានស្នើទៅរដ្ឋសភាជាតិនៅប្រទេសកម្ពុជាយើងថា បើសិនជាច្បាប់នេះនៅ តែរុញទៅមិនត្រូវអនុម័តច្បាប់ហ្នឹងទេ ហើយប្រសិនបើសមាជិកសភារូបណានៅតែ អនុម័តច្បាប់ហ្នឹងដោយមានការរំលោភសិទ្ធិកម្មករ យើងខ្ញុំទាំងអស់គ្នាជាកម្មករមិនគាំទ្រដើម្បីឱ្យអ្នកនោះជាប់ជាតំណាងរាស្រ្តតទៅទៀតទេ»។
ក្រៅពីនេះក៏នឹងមានការធ្វើបាតុកម្មផងដែរ។ លោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានបញ្ជាក់ថា ការធ្វើប្រតិភូកម្មអំណាចទៅក្រុមអធិការកិច្ចនៃក្រសួងការងារក្នុងការសម្រេចលើភាពស្របច្បាប់នៃការធ្វើកូដកម្ម និងបាតុកម្មគឺ«មានហានិភ័យខ្ពស់»សម្រាប់សហជីព៖
«ព្រោះយើងឃើញតួនាទីការងាររបស់អធិការនាពេលបច្ចប្បន្ននេះ ប្រសិទ្ធភាពការងាររបស់អធិការនាពេលបច្ចុប្បន្ននេះគឺនៅមានសំណួរយ៉ាងធ្ងន់ពាក់ព័ន្ធ នឹងប្រសិទ្ធភាពការងារ ពាក់ព័ន្ធនឹងការអនុវត្តមិនមានអំពើពុករលួយនៅក្នុងហ្នឹង។ ជាក់ស្តែងយើងមានករណីកន្លងមកហើយគឺរបាយការណ៍អធិការការងារដែលបានចុះអង្កេតនៅក្នុងរោងចក្រ ប្រៀបធៀបជាមួយនឹងរបាយការណ៍អ្នកឯករាជ្យពីខាងក្រៅមកពិនិត្យរោងចក្រគឺមានសភាពខុសគ្នាស្រឡះ»។
VOA បានព្យាយាមទាក់ទងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប៉ុន្តែលោកមិនបានឆ្លើយតប។
ដំណើរការនៃការតាក់តែងច្បាប់ស្តីពីសហជីពនេះបានចាប់ផ្តើមក្នុងឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១១ ដោយមានការជួបប្រជុំត្រីភាគីជាច្រើន ប៉ុន្តែត្រូវបានទុកចោលរហូតដល់រដ្ឋាភិបាលចាប់ផ្តើមសើរើឡើងវិញនៅដើមឆ្នាំ២០១៤៕